មហា​អង្គ​កឋិនទាន​សាមគ្គី​ដង្ហែ​ទៅកាន់​វត្ត​២៥​ខេត្ត​-​រាជធានី ប្រារព្ធ​នៅ​វត្ត​ឥន្ទ្រ​ប​ត្ត​បុរី

544
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប ៖ ​មហា​អង្គ​កឋិនទាន​ដើម្បី​នាំយក​សំពត់​ចីវរ ចំនួន​៤៥,៦៧៨ មក​វេរ​ប្រគេន​ដល់​ព្រះ​ភិក្ខុសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស​ក្នុង​ព័ន្ធ​សីមា ទាំង​២៥​ខេត្ត​-​រាជធានី បាន​ប្រព្រឹត្តទៅ​យ៉ាង​អ​ធឹ​ក​អធម នា​វត្ត​ឥន្ទ្រ​ប​ត្ត​បុរី ( ហៅ​វត្ត អង្គរតូច​ខាងត្បូង​) ដោយមាន​ការផ្តួចផ្តើម​ពី​លោកស្រី សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​២៥​ខេត្ត​/​ក្រុង ចូលរួម​ប្រមាណ​ជិត​១​ម៉ឺន​អង្គ​/​នាក់​។​

ពិធី​ដ៏​អ​ធឹ​ក​អធម​នេះ ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​១៥​កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៩ ដែលមាន​ធ្វើ​បទ​នមស្ការ​ព្រះ​រតនត្រ័យ សមាទាន​សីល ចម្រើន​ព្រះ​បរិត្ត និង​និមន្ត​ព្រះ​ធម្ម​ក​ធិ​ក​សម្តែងធម៌​ទេសនា​តាម​ទំនៀមទម្លាប់​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ច័ន្ទ ១​រោជ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង ៨:៣០ នាទី​ព្រឹក ដង្ហែ​អង្គ​កឋិនទាន​ជុំវិញ​ប្រាសាទ​អង្គរវត្ត​៣​ជុំ រួច​ដង្ហែ​ឆ្ពោះទៅកាន់​វត្ត​ឥន្ទ្រ​ប​ត្ត​បុរី​បន្ទាប់មក​វេរ​អង្គ​កឋិនទាន ប្រគេន​ព្រះសង្ឃ​ក្រាល​គ្រង​ជា​កិច្ច​បង្ហើយ​បុណ្យ​។​

កឋិនទាន គឺជា​បុណ្យ​មួយ​របស់​ពុទ្ធសាសនា និង​ជា​ទាន​មានមក​តាមផ្លូវ​វិន័យ និង​ជា​ទាន​ដ៏​ពិសេស​មួយ​មាន​កាលកំណត់​វេលា​ច្បាស់លាស់ ពុំមែន​ចេះតែធ្វើ​នៅពេលណា​ក៏បាន​តាមចិត្ត​ចង់​នោះឡើយ​។ រយៈកាល​ទទួល​កឋិន​ទាន​ក្តី និង​រយៈកាល​កឋិនទាន​ក្តី អាចធ្វើ​បានតែ​ក្នុងសម័យ​កាល​តែ ១​ខែ​គត់ (២៩​ថ្ងៃ​) ចាប់ពី​ថ្ងៃ​១​រោជ ខែអស្សុជ ដល់​១៥​កើត​ខែ​ក​ក្តិ​ក​។​ ទោះបីយ៉ាងណា​ក៌​ដោយ​ពិធី​នេះ​គេ​មិន​បញ្ជាក់​ឱ្យដឹងពី​ចំនួន​ទឹក​ប្រាក់​ចំនួន​ប៉ុន្មាន​ដែល​ប្រមូល​បានឡើយ​។​

បើ​ខុសពី​សម័យកាល​នេះ ទោះបី​អ្នកមាន​សទ្ធា​ធ្វើបុណ្យ មាន​លក្ខណៈ​សណ្ឋាន​ដូច​កឋិន​ក៏ដោយ ក៏​មិនអាច​ហៅថា​កឋិនទាន​បានដែរ ព្រោះ​ធ្វើ​ខុស​កាល​ទាន មិន​ចំ​សម័យ មួយខែ​ចុងវស្សា​ន្ត​រដូវ​នេះ ពោលគឺ​មិនត្រូវ​តាម​ពុទ្ធា​អនុញ្ញាត​។ ក្នុង​វត្ត​មួយ បើ​ការ​ចាំ​វស្សា​គ្មាន​ភិក្ខុ​សោះ ក៏​មិនអាច​ហែ​កឋិនទាន​ចូល​បានដែរ ព្រោះ​សាមណេរ គ្មាន​សិទ្ធិ​ក្រាល​គ្រង​កឋិន​ទេ លុះត្រាតែ​យ៉ាងហោច​បំផុត មាន​ភិក្ខុ​១​អង្គ​ដែរ ហើយ​បាន​ចាំ​វស្សា​អស់​៣​ខែ​បាន​ត្រឹមត្រូវ ទើប​អាច​ហែ​កឋិន​ចូល​បាន​។​

បព្វជិត​ក៏ដោយ គ្រហស្ថ​ក៏ដោយ​អាចធ្វើ​បុណ្យកឋិន​ទាន​បាន​ដូចគ្នា​។ ព្រះពុទ្ធ​ទ្រង់​អនុញ្ញាតឱ្យ​ភិក្ខុ​ទទួល​កឋិន ហើយ​ធ្វើ​កឋិន​ត្ថា​រ​កិច្ច និង​អនុមោទនា​កឋិន​នោះ ដើម្បី​សម្រាល​នូវ​ទុក្ខលំបាក និង​ការប្រើប្រាស់​មួយចំនួន​ចំពោះ​ព្រះសង្ឃ ហើយ​ការ​សម្រាលទុក្ខ​នេះដែរ បាន​ត្រឹម​រយៈកាល​៥​ខែ និង​បាន​ចំពោះតែ​ភិក្ខុ​ដែល​ចូល​បុ​រិ​មិ​កាវ​ស្សា​អស់​ត្រីមាស​បាន​ត្រឹមត្រូវ​មិន​ដាច់​វស្សា​៕​B/