មាតុភូមិ​និវត្ត​របស់​កងទ័ព​មួក​ខៀវ​កម្ពុជា​ពី​ម៉ាលី​

930
ចែករម្លែក

ដោយ : ​យោធិន/ ​​ភ្នំពេញ ៖ ​នា​អធ្រាត្រ​ថ្ងៃទី​៦ ឆ្លង​ចូល​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៨ កង​យោធា​មួក​ខៀវ​កម្ពុជា​ចំនួន​ពីរ​កងឯកភាព បានធ្វើ​មាតុភូមិ​និវត្ត​មកដល់​មាតុភូមិ​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​តាម​ជើងយន្តហោះ​របស់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) បន្ទាប់ពី​បានបញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​ដោយ​ជោគជ័យ​ក្រោម​ឆត្រ​របស់ អ​.​ស​.​ប រយៈពេល​មួយឆ្នាំ នៅក្នុង​តំបន់​បេសកកម្ម​MINUSMA​នៅ​សាធារណរដ្ឋ​ម៉ាលី​ ។

​សូមបញ្ជាក់ថា ការធ្វើ​មាតុភូមិ​និវត្ត​របស់​កង​យោធា​មួក​ខៀវ​កម្ពុជា​នាពេលនេះ​ គឺ​បន្ទាប់ពី​កងកម្លាំង​ប្តូរ​វេន​ចំនួន​ពីរ​កង​ក្នុង​កងឯកភាព​វិស្វកម្ម​ព្រលានយន្តហោះ​លេខ​១៩៨ និង​កង​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​លេខ​១៣២​បាន​ចាក​ចេញពី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៨ ទៅដល់​សាធារណរដ្ឋ​ម៉ាលី​តាម​ការគ្រោងទុក​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ដែល​បាន​អញ្ជើញ​ផ្តល់​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​បាន​ថ្លែងថា “​កម្លាំង​ទ័ព​ដែល បានមក​ដល់​នេះ គឺមាន​ចំនួន​២២៩​នាក់ គឺ​ទៅគ្រប់​មក​គ្រប់ ដោយ​មិនមាន​បាត់បង់​កម្លាំង​ណា​ម្នាក់​នោះទេ​។ កម្លាំង​មកនេះ គឺមាន​កងវិស្វកម្ម​ព្រលានយន្ដហោះ និង​កង​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ ដែល​ពួកគាត់​បំពេញការងារ​បេសកកម្ម​អង្គការសហប្រជាជាតិ សាធារណរដ្ឋ​ម៉ាលី បាន​ដោយ​ជោគជ័យ​”​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គនាយក​លើកឡើងថា កម្លាំង​រក្សា​សន្តិភាព​បំពេញការងារ​នៅ​ប្រទេស​ម៉ាលី នេះ ដើម្បី​បុព្វហេតុ​សន្តិភាព​សន្តិសុខ និង​មនុស្សធម៌​លើ​ពិភពលោក​។ កម្ពុជា​បានរួម​ចំណែក​បញ្ជូន​ក​ម្លាំ​ងរ​ក្សា​សន្តិភាព​របស់ខ្លួន ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ ដើម្បី​ជួយ​ដល់​បណ្តា​ប្រទេស​ដែល​កំពុង​ប្រឈម និង​រងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។ កងកម្លាំង​វិស្វកម្ម​ព្រលានយន្តហោះ គឺ​បំពេញការងារ​នៅ​តំបន់​គី​ដាល់ និង​កង​កម្ទេច​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ គឺ​តំបន់ តេ​សាលី​ត នៃ​ប្រទេស​ម៉ាលី​។​

​លោក​វរសេនីយ៍ឯក ប៊ុន កប មេបញ្ជាការ​កងវិស្វកម្ម​ព្រលានយន្តហោះ​បាន​ប្រាប់​ដឹងថាៈ កម្លាំង​ទាំងពីរ​កង​គឺ​បាន​បំពេញការងារ​នៅ​ម៉ាលី ទទួលបាន​ជោគជ័យ​គ្រប់​ការងារ​ទាំងអស់​។ ការងារ​ថែទាំ​ជួសជុល​ព្រលាន​យន្តហោះ នៅ​តំបន់​គី​ដាល់ និង​ការងារ​កម្ទេច​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ត្រូវកម្ទេច​ចោល​នៅ​ទីកន្លែង​តែម្តង ហើយ​ក្រុម​ទាំងពីរ​នេះ គឺ​បានទទួល​ការកោតសរសើរ​ពី​អង្គការសហប្រជាជាតិ​ផងដែរ​។​

​លោក​បាន​បន្តថា ១​ខែ​កន្លងទៅនេះ នៅ​ទីបញ្ជាការ​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​ម៉ាលី ត្រូវបាន​ក្រុម​ឧទ្ទាម ផ្លោងចូល​បណ្តាលអោយ​ទី​ស្នាក់នៅ​ចំនួន​២​ខ្នង ត្រូវបាន​ឆេះ​ទាំងស្រុង តែ​មិន​បណ្តាល អោយ​រង​បួស ឬ​បាត់បង់​អាយុជីវិត​ដល់​កម្លាំង​មួក​ខៀវ​កម្ពុជា​នោះទេ​។

​គួរ​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០៦​កម្ពុជា បាន​បញ្ជូន​កម្លាំង ចំនួន​សរុប​ប្រមាណ​ជាង​៥.២០០​នាក់ ក្នុងនោះ​មាន​ស្ត្រី​ជាង​៣០០​នាក់ ទៅ​ចូលរួម បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​។

បច្ចុប្បន្ន​កម្ពុជា​មា​នក​ម្លាំ​ង​ជិត​១.០០០​នាក់​ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស ស៊ូដង់​, ស៊ូដង់​ខាងត្បូង​, អាហ្វ្រិក​កណ្តាល​, លី​បង់ និង​ម៉ាលី​ ៕B

​កង​យោធា​មួក​ខៀវ​ប្តូរ​វេន​ចំនួន​ពីរ​កង​ចេញដំណើរ​ទៅកាន់​សាធារណរដ្ឋ​ម៉ាលី​កាលពី​ល្ងាច​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៨ (រូបថត ៖ យោធិន)