មានការ​គាំទ្រ នី​ម៉ា ឲ្យ​យកឈ្នះ ម៉េ​ស​ស៊ី និង រ៉ូ​ណា​ល់​ដូ ដើម្បី​ក្លាយជា​កីឡាករ​ឆ្នើម​ក្នុង​ពិភពលោក​

924
ចែករម្លែក

​នី​ម៉ា (Neymar) ទទួលបាន​ការគាំទ្រ​ឲ្យ​ខំប្រឹង​យកឈ្នះ លី​អូ​ណេ​ល ម៉េ​ស ស៊ី (Lionel Messi) និង គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) និង​ក្លាយជា​កីឡាករ​ឆ្នើម​បំផុត​ក្នុង​ពិភពលោក បន្ទាប់ពី​ការបង្ហាញ​មុខ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​លើកដំបូង​ជាមួយ​ក្លិប​យក្ស​បារាំង Paris Saint-Germain ។​
​ ​
​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​១៩៩​លាន​ផោន​នេះ​រកបាន​ពីរ​គ្រាប់​រួមទាំង​ការប្រឹងប្រែង​ម្នាក់ឯង ក្នុង​ការរក​គ្រាប់​បាល់ ក្នុង​ជ័យជម្នះ​៦-២ លើ​ក្រុម Loulouse នៅ​ពហុ​កីឡដ្ឋាន Parc des Princes ។​
​ ​
​គ្រាប់​បាល់​ទី​២​របស់ នី​ម៉ា បង្ហាញ​ឲ្យ​ឃើញថា កីឡាករ​រូបនេះ​ខំប្រឹង​បណ្តើ​របាល់​គេច​គូប្រកួត រមួលខ្លួន​ចូល​តំបន់​មុខ​ទី​ដូចជា ឌី​អេ​ហ្គោ ម៉ា​រ៉ា​ដូ​ណា (Diego Maradona) មុនពេល​ទាត់​បាល់​បញ្ចូល​ទី​។​
​ ​
​អតីត​ខ្សែប្រយុទ្ធ​បារាំង Yannick Stopyra ដែល​ធ្លាប់​លេង​នៅ​វើ​ល​ខាប់ ១៩៨៦​នោះបាន​និយាយថា “​ខ្ញុំ​ធ្លាប់​លេង​ប្រជែង​ជាមួយ​កីឡាករ​ឆ្នើមៗ ដូចជា ម៉ា​រ៉ា​ដូ​ណា ប៉ុន្តែ​ខ្ញុំ​មិនដែល​ឃើញ​របៀប​លេង​ដូចនេះ​ទេ​”​។​
​ ​
Sopyra បាន​អះអាងថា នី​ម៉ា មាន​ជំនាញ​ជាង ម៉េ​ស​ស៊ី និង​មិនសូវ​ក្រអឺត ក្រ​ទម​ដូចជា រ៉ូ​ណា​ល់​ដូ ទេ​។​
​ ​
​នៅពេល​សួរនាំ​ថា តើ នី​ម៉ា អាច​នឹង​យកឈ្នះ​កីឡាករ​ឆ្នើម​ទាំងពីរ​ទេ លោក Sopyra អះអាងថា “​បាទ​! នៅ PSG គ្មាន​នរណា​អាច​យកឈ្នះ​គាត់​ទេ ប៉ុន្តែ​ស្របពេល​ជាមួយគ្នា​នោះដែរ មាន​កីឡាករ​ល្អៗ​នៅ​ជុំវិញ​គាត់​”​។​
​ ​
​លោក​បន្តថា “​គាត់​មាន​អ្វីៗ​ទាំងអស់ ដើម្បី​ក្លាយជា​កីឡាករ​ឆ្នើម​បំផុត​ក្នុង​ពិភពលោក​។ អ្វីៗ​អាស្រ័យ​លើ​ការប្រកួត​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ប៉ុន្តែ​ថា តើ​នី​ម៉ា អាច​លើក​ពាន​ឬ​យ៉ាងណា​នោះ នី​ម៉ា ត្រូវតែ​ក្លាយជា​កីឡា​ករលេខ​១”​។​
​ ​
​លោក​បន្ថែមថា PSG នឹង​កាន់តែ​ជា​ក្លឹប​ដ៏​គួរ​គ្រោះថ្នាក់ ប្រសិនបើ​ពួកគេ​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ Kylian Mbappe ពី​ក្លឹប Monaco ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ​ឆ្នើម លី​អូ​ណេ​ល ម៉េ​ស ស៊ី (Lionel Messi) គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) និង នី​ម៉ា ( Neymar)