មានការ​តវ៉ា​ខ្លាំង បន្ទាប់ពី​សារមន្ទីរ​ចំណាស់​២០០​ឆ្នាំ​មួយ​នៅ​ប្រេ​ស៊ី​ល​ត្រូវបាន​បំផ្លាញ​ដោយ​ភ្លើង

2827
ចែករម្លែក

ក្រុមមន្ត្រីប្រេស៊ីលកាលពីថ្ងៃចន្ទទី៣កញ្ញាបានបន្ទោសការកាត់បន្ថយចំណាយរបស់រដ្ឋាភិបាលលើការថែទាំនិងការពារសារមន្ទីរជាតិ ដែលត្រូវបានបំផ្លាញដោយអគ្គិភ័យឆាបឆេះកាលពីពេលថ្មីៗនេះ។

ប្រធានាធិបតីប្រេស៊ីល លោក Michel Temer បានចាត់ទុកការឆេះបំផ្លាញសារមន្ទីរជាតិនេះ ថាគឺជាការបាត់បង់នៃចំណេះដឹងនិងបេតិកភណ្ឌដោយក្តីសោកស្តាយនិងក្រៀមក្រំចិត្ត។

នៅមុនពេលអគ្គិភ័យ ត្រូវបានពន្លត់អស់ទាំងស្រុងកាលពីថ្ងៃចន្ទនោះ ការសោកស្រាយចំពោះការបាត់បង់វប្បធម៌ដ៏ធំនេះបានធ្វើឱ្យមានកំហឹងតវ៉ាចំពោះការកាត់បន្ថយថវិកាដែលមនុស្សជាច្រើននិយាយថាកំពុងគំរាមកំហែងដល់បេតិកភណ្ឌពហុវប្បធម៌របស់ប្រេស៊ីល។

ការបំផ្លាញសារមន្ទីរដោយភ្លើងឆេះ បាន​បង្កឱ្យមានការតវ៉ាខ្លាំងនៅលើបណ្តាញទំនាក់ទំនងសង្គម ហើយ អ្នកតវ៉ាជិត៥០០នាក់ បានប្រមូលផ្តុំធ្វើការតវ៉ា។

លោក Alexandre Keller អ្នកគ្រប់គ្រងសារមន្ទីរ បាននិយាយនៅពីមុខអគារសារមន្ទីរដែលត្រូវ​បានបំផ្លាញដោយភ្លើងឆេះនេះថា”វាមិនគ្រប់គ្រាន់ទេ បើគ្រាន់តែយំនោះ ប៉ុន្តែវាជាការចាំបាច់ដែលរដ្ឋាភិបាលដែលមានធនធាន ជួយកសាងសារមន្ទីជាប្រវត្តិសាស្ត្រនេះឡើងវិញ”។

អគ្គិភ័យ ដែលមូលហេតុឆេះមិនទាន់ត្រូវបានគេដឹងនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ(ទី២ខែកញ្ញា)។

សារមន្ទីរប្រវត្តិសាស្រ្តនិងមនុស្សសាស្ត្រ ដែលបានកសាងឡើងនៅឆ្នាំ១៨១៨និងមានវត្ថុបុរាណនិងបំណែកសំណល់បុរណផ្សេងៗដ៏មានតម្លៃមុនជាង២០លានដុំនៅមុនភ្លើងឆេះនេះ បានទទួលរងពីការកាត់បន្ថយថវិកាដែលបង្ខំឱ្យមានការបិទកន្លែងខ្លះនៃសារមន្ទីរនេះ សមា្រប់ការចូលមើល ជាសាធារណៈ។ដោយ៖សុខា/sn

សារមន្ទីរជាតិដែលត្រូវបានភ្លើងឆេះនៅទីក្រុងRio de Janeiro ប្រទេសប្រេស៊ីល

ក្រុមអ្នកតវ៉ាបានស្រែកតវ៉ាក្នុងអំឡុងធ្វើការតវ៉ាប្រឆាំងរដ្ឋាភិបាលប្រេស៊ីលកាលពីថ្ងៃចន្ទនៅទីក្រុង នៅទីក្រុងRio de Janeiro ប្រទេសប្រេស៊ីល