មានការ​ព្រលយ​ពាក្យ​ឲ្យ​បណ្តេញ​លោក អ៊ូ​ណៃ អេ​មឺ​រី និង​តែងតាំង​លោក ម៉ូ​រី​ញ៉ូ ឲ្យ​ដឹកនាំ​ក្រុម អា​សេណ​ល​

155
ចែករម្លែក

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) អតីត​គ្រូបង្វឹក​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​អាច​ក្លាយជា​បេក្ខភាព​ដ៏​ស័ក្តិសម​បំផុត ដើម្បី​ជំនួស​តំណែង​គ្រូបង្វឹក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) នៅ​ក្លិប​អា​សេណ​ល​( Arsenal) ដែល​កំពុង​រង​ការរិះគន់​។
​ ​

នេះ​គឺជា​ការអះអាង​របស់លោក អេ​ឌ្រា​ន ដឺ​ហាំ (Adrian Durham) ជា​ពិធីករ​កម្មវិធី​ជជែក​ពី​កីឡា ហើយ​លោក​ជឿថា គ្រូបង្វឹក​អេ​ស្ប៉ា​ញ អេ​មឺ​រី អស់​ពេល​ហើយ បន្ទាប់ពី​ចាប់ផ្តើម​យុទ្ធនាការ​ថ្មី​ទាំង​លំបាក​។​
​ ​

ក្រុម​កាំភ្លើង​ធំ Arsenal បោះបង់​ឱកាស​នាំមុខ​២​គ្រាប់​មុន កាលពី​ថ្ងៃអាទិត្យ ខណៈ​ក្រុម​របស់លោក​មាន​កំហុស​ច្រើន​នៅ​ប្រព័ន្ធ​ការពារ ប៉ុន្តែ​មានសំណាង​ដែល​ក្រុម​របស់លោក​អាច​ទប់​បាន​ស្មើ​ជាមួយ​ក្រុម Watford ២-២ ។​
​ ​

ខ្សែប្រយុទ្ធ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre Emerick Aubameyang) រកបាន​២​គ្រាប់​ម្នាក់ឯង​និង​ជួយ​ឲ្យ​ក្រុម Arsenal នាំមុខ​មុន ប៉ុន្តែ​កំហុស​ខ្សែការពារ​បានធ្វើ​ឲ្យ​គូប្រកួត​ដណ្តើមបាន​២​គ្រាប់​មកវិញ​។​

លទ្ធផល​បែបនេះ​ធ្វើ​ឲ្យ​លោក ដឺ​ហាំ មាន​ចម្ងល់​ថា តើ​លោក អេ​មឺ​រី ពិតជា​គ្រូបង្វឹក​ដ៏​ស័ក្តិសម​ក្នុងការ​ដឹកនាំ​ក្រុម​កាំភ្លើង​ធំ​ឆ្ពោះទៅកាន់​សករាជ​ថ្មី​ឬ​យ៉ាងណា​? ។​

​លោក ដឺ​ហាំ បាន​និយាយថា “​ពេលវេលា​អស់ហើយ​សម្រាប់​លោក អ៊ូ​ណៃ អេ​មឺ​រី​។ គាត់​ឈានដល់​ចុងបញ្ចប់​នៃ​រយៈពេល​ពីរ​ឆ្នាំ ហើយ​គ្មានអ្វី​ខុសប្លែក​ទេពី​ដំណាក់កាល​ត្រដាបត្រដួស​ក្រោម​ការដឹកនាំ​របស់លោក អា​សេន វែង​ហ្គើ (Arsene Wenger) ទេ​។​

​លោក ដឺ​ហាំ ទទួលស្គាល់ថា លោក ម៉ូ​រី​ញ៉ូ ជា​គ្រូបង្វឹក​ធ្លាប់​លើក​ពាន​ឆេ​ម​ពាន​លី​ក​និង​ធ្លាប់​ដឹកនាំ​ក្រុម​ឆេ​ល​ស៊ី​និង​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នោះ គឺជា​បេក្ខភាព​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​ការងារ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) និង​គ្រូបង្វឹក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery)