មានការ​ព្រួយបារម្ភ​ពី​ឱកាស​បង្ហាញមុខ​នៅ​វើ​ល​ខាប់ បន្ទាប់ពី ហ៊ែ​រី ខេន រងរបួស​កជើង​

766

​ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន (Harry Kane) ត្រូវបាន​សែង​ចេញ​ទាំង​ឈឺ​ចុកចាប់ ហើយ​គ្រោង​នឹង ស្កែ​ន​មើល បន្ទាប់ពី​រងរបួស​ក​ជើង អំឡុងពេល​ក្រុម Spurs ប្រកួត​ឈ្នះ​ក្រុម Bournemouth ៣-១ នៅ​ពហុកីឡាដ្ឋាន Vitality Stadium ។ ខ្សែប្រយុទ្ធ​អង់គ្លេស​រូបនេះ​រកបាន​មួយ​គ្រាប់ បន្ទាប់ពី​ចាប់ផ្តើមបាន​៣០​នាទី​។​

​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​បាន​អង្គុយ​ចុះ​ទាំង​ភាពឈឺចាប់ ហើយ​កាន់​កជើង​របស់ខ្លួន​។ លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) បាន​សារភាពថា លោក​បារម្ភ​ពី​បញ្ហា​របួស​របស់ ហ៊ែ​រី ខេន​។​

​លោក ប៉ូ​ចេ​តទី​ណូ បាន​និយាយថា​”​ខ្ញុំ​បារម្ភ ប៉ុន្តែ​យើង​មិនអាច​និយាយ​អ្វី​លើសពីនេះ​ទេ​។ ប្រាកដ​ណាស់ ខ្ញុំ​បារម្ភ​អំពី​គាត់​។ កជើង​របស់ ខេន ហើយ​ខ្ញុំ​សង្ឃឹមថា វា​មិន​ក្លាយជា​បញ្ហា​ធំដុំ សម្រាប់​គាត់​និង​ក្រុម​។ សង្ឃឹមថា ខេន អាចជា​សះស្បើយ​ឆាប់ៗ​និង​អាច​លេង​បាន​”​។​

​តាម​ការធ្វើ​រោគវិនិច្ឆ័យ​ដំបូង​បង្ហាញថា ខេន​មាន​បញ្ហា​សរសៃ​កជើង​។ វា​គឺជា​របួស​ចាស់​ដែល ខេន ធ្លាប់មាន​បញ្ហា​កាលពី​រដូវ​កាល​មុន អំឡុងពេល​លេង​ជាមួយ​ក្រុម Sunderland កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦ ដែល​ធ្វើ​ឲ្យ ខេន ខកខាន​ការប្រកួត​រយៈពេល​៧​សប្តាហ៍​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន (Harry Kane)