មានជីវិត​រស់នៅ​តែម្នាក់ឯង​ប៉ុណ្ណោះ​

192
ចែករម្លែក
ម៉ៅ គឹម​ស្រ៊ុន កំពុង​អង្គុយ​នៅផ្ទះ​របស់គាត់ នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។
(​ដា​រ៉ា​រដ្ឋ មេត្តា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយៈ​ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនាវដ្ដី​ស្វែងរក​ការពិត/​ភ្នំពេញៈខ្ញុំ​គឺជា​កូនច្បង​នៅក្នុង​គ្រួសារ ដែលមាន​បងប្អូន​ទាំងអស់​ប្រាំ​បីនាក់​។ នៅក្នុង​ចំណោម​បងប្អូន​របស់ខ្ញុំ​ទាំងអស់​នៅរស់​ជីវិត​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ ចំណែក​ប្រាំពីរ​នាក់​ទៀត​បាន​ស្លាប់​។ បងប្អូន​ខ្លះ​ស្លាប់​នៅក្នុង​សរមរ​ភូមិ ក្នុង​របប​ខ្មែរក្រហម​, ខ្លះ​ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់ និង​ខ្លះទៀត​បាន​ស្លាប់​ដោយសារ​ជំងឺ​។
​ខ្ញុំ​ឈ្មោះ ម៉ៅ គឹម​ស្រ៊ុន កើត​នៅ​ឃុំ​កោះសូទិន គឺជា​ទីកន្លែង​ដែល​គ្រួសារ​ខ្ញុំ​រស់នៅ និង​ប្រក​បរបរ​ធ្វើ​ចម្ការ​។ គ្រួសារ​ខ្ញុំ​ដាំពោត សណ្ដែក និង​ថ្នាំជក់​។ ឪពុក​របស់ខ្ញុំ​បាន​ខិតខំ​ដាំ​ដុះ ដើម្បី​យកប្រាក់​ជួយ​ខ្ញុំ និង​ប្អូន​ខ្ញុំ​ម្នាក់ទៀត​ឲ្យ​បាន​ចូលរៀន ទោះបី​សាលារៀន​នៅ​ឆ្ងាយ និង​ជីវភាព​គ្រួសារ​មិនសូវ​ធូរធា​ក៏ដោយ​។ ខ្ញុំ​បានមក​ស្នាក់នៅ​វត្ត​អង្គរ​ក្នុង ក្រុង​កំពង់ចាម ដើម្បី​រៀនសូត្រ ព្រោះ​ខ្ញុំ​ចង់​ធ្វើ​ការងាររាជការ​។ ខ្ញុំ​រៀន​បាន​ដល់​ថ្នាក់​ទី​៣ នៅ​វិទ្យាល័យ​ព្រះសីហនុ​រាជ ក្នុង​ក្រុង​កំពង់ចាម​។ រៀងរាល់ថ្ងៃ​ឈប់សម្រាក ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ខ្ញុំ​បានមក​លេង​ឪពុកម្តាយ​នៅ​ស្រុក​កោះសូទិន និង​បាន​ឆ្លៀតពេល​ជួយ​បេះ​ស្លឹក​ថ្នាំជក់ ហាន់​ថ្នាំជក់ ហាល​ថ្នាំជក់ និង​តម្រៀប​ថ្នាំជក់​ទុក​។ មាន​ឈ្មួញ​មក​ទិញ​ថ្នាំជក់​ដល់ផ្ទះ​របស់ខ្ញុំ ប៉ុន្តែ​មុខរបរ​ដាំ​ថ្នាំជក់​មិនសូវ​ចំណេញ​ប្រាក់​ប៉ុន្មាន​ទេ​។
​ខ្ញុំ​មិនដែល​បោះបង់​ការសិក្សា​ម្ដងណា​ឡើយ រហូតដល់​ខ្ញុំ​បាន​ប្រឡង​ជាប់​ឌី​ប្លូ​ម​នៅក្នុង​ឆ្នាំ​១៩៦០​។ នៅពេលនោះ​ខ្ញុំ​មាន​អាយុ​ប្រហែល​២៣​ឆ្នាំ​។ ខ្ញុំ​បាន​ប្រឡង​ជាប់ និង​ចូលរៀន​បន្ត​នៅ​សាលា​គរុកោសល្យ នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៦០ ដល់ ឆ្នាំ​១៩៦១​។ នៅក្នុង​ឆ្នាំ​១៩៦២ ខ្ញុំ​បានចេញ​បង្រៀន​សិស្ស​។ សាលាបឋមសិក្សា​ត្បែងខ្ពស់ គឺជា​សាលា​ដែល​ខ្ញុំ​បាន​បង្រៀន​ដំបូង​។ សាលា​នេះ​ស្ថិតនៅក្នុង​ខេត្តកំពង់ឆ្នាំង​។ ខ្ញុំ​បាន​បង្រៀន​នៅ​សាលា​ត្បែងខ្ពស់​បាន​៣​ឆ្នាំ ក៏​សុំ​ផ្លាស់​ទៅ​បង្រៀន​នៅ​សាលា​បន្ទាយលង្វែក​។ ពីរ​ឆ្នាំ​ក្រោយមក ខ្ញុំ​បាន​ដូរ​មក​បង្រៀន​នៅ​ស្រុកកំណើត​ក្នុង​ខេត្តកំពង់ចាម​វិញ​។​
​គ្រូបង្រៀន​សម័យ​នោះ​ត្រូវតែមាន​វិន័យ ទើប​សិស្ស​គោរព និង​ខ្លាច​។ សិស្ស​ត្រូវ​ស្លៀកពាក់​ស្អាតបាត និង​ត្រូវ​ចូល​អង្គុយ​នៅក្នុង​ថ្នាក់​មុន​គ្រូ​។

ដំណាំ​ស្រូវ នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។​
(​ដា​រ៉ា​រដ្ឋ មេត្តា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ធ្វើការ​ងារ​ជា​គ្រូបង្រៀន​សម័យនេះ អាច​ឲ្យ​ខ្ញុំ​សន្សំ​លុយ​បាន​ខ្លះ និង​អាច​ទិញ​ម៉ូតូ​ម៉ូប៊ីឡែត​បាន​មួយគ្រឿង​ដើម្បី​ជិះ​ទៅ​បង្រៀន​។ កាលនោះ​ម៉ូតូ​ម៉ូប៊ីឡែត​មួយគ្រឿង​មានតម្លៃ​ប្រហែល​ជាមួយ​ម៉ឺន​ប្រាំ​ពាន់​រៀល​។ ម៉ូតូ​នេះ​ផលិត​នៅ​ប្រទេស​បារាំង​។ ខ្ញុំ​ស្រឡាញ់​ម៉ូតូ​ដែល​ខ្ញុំ​ទើបតែ​ទិញ​នេះ​ខ្លាំងណាស់​។ នៅក្នុង​ឆ្នាំ​១៩៧០ មាន​ព្រឹត្តិការណ៍​មួយ​កើតឡើង គឺ​ខ្មែរក្រហម​ចាប់​គ្រូៗ នៅក្នុង​ឃុំ​កំពង់​រាប ស្រុក​កោះសូទិន​។ ដូច្នេះ ខ្ញុំ​មិនអាច​ចេញ​ក្រៅ​ស្រុក​បានទេ​។ មាន​គ្រូបង្រៀន​ខ្លះ​បាន​ចេញពី​ភូមិ ប៉ុន្តែ​ត្រូវបាន​ខ្មែរក្រហម​ស្ទាក់​ចាប់បាន​។ អំឡុង​ពេលនោះ ខ្ញុំ​ក៏បាន​ឃើញ​កងទ័ព​ធៀ​វ​គី (​វៀតណាម​ខាងត្បូង​) ចូលមក​ដល់​ភូមិ​របស់ខ្ញុំ​ដែរ​។ ខ្ញុំ​បានរៀបចំ​គម្រោង​នាំ​ប្រពន្ធ​កូន​របស់ខ្ញុំ​ទៅ​រស់នៅ​ផ្ទះ​ម្ដាយ​ខ្ញុំ​បណ្តោះអាសន្ន ព្រោះ​ខ្មែរក្រហម​មិនទាន់​ចូលទៅ​ដល់ផ្ទះ​ម្តាយ​របស់ខ្ញុំ​ទេ​។ នៅ​ម៉ោង​១០​យប់ យើង​បាន​លួច​ចេញពី​ភូមិ​។ មាន​អ្នកភូមិ​ម្នាក់​បាន​ជួយ​ជូន​ខ្ញុំ និង​ប្រពន្ធ​កូន​ចេញពី​ភូមិ​។ ខ្ញុំ​បាន​ឌុប​ប្រពន្ធ​ខ្ញុំ ចំណែក​អ្នកភូមិ​ម្នាក់​នោះបាន​ឌុប​កូន​របស់ខ្ញុំ​។ បន្ទាប់​យើង​បាន​ចុះបណ្តើរ​ម៉ូតូ​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ​ជា​៧​គីឡូម៉ែត្រ​ទើបបាន​ដល់ផ្ទះ​ម្តាយ​របស់ខ្ញុំ​។


​នៅ​ឆ្នាំ​១៩៧៣ ខ្មែរក្រហម​បាន​វាយ​ចូលដល់​ក្រុង​កំពង់ចាម និង​ជម្លៀស​ប្រជាជន​ចេញពីផ្ទះ​។ ចំណែក​ក្រុមគ្រួសា​របស់ខ្ញុំ​ក៏ត្រូវ​បាន​ជម្លៀស​នៅពេល​នោះដែរ​។ ពីរ​ខែ​ក្រោយមក ខ្មែរក្រហម​បាន​ចាប់​ខ្ញុំ​យកទៅដាក់​គុក​កោះ​ញែក ដោយ​ចោទថា ខ្ញុំ​គឺជា​ក្រុម​សក្ដិភូមិ ប៉ុន្តែ​មិនបាន​សម្លាប់​ខ្ញុំ​ទេ​។ មាន​បុរស​ចំណាស់​ម្នា​ក់នៅ​ទីនោះ​បានដឹងថា​ខ្ញុំ​ធ្វើជា​គ្រូបង្រៀន​។ នៅក្នុង​គុក​នោះ​មិន​ច្រវាក់​ដាក់​អ្នកទោស​ទេ គឺ​ឆ្មាំ​គុក​កំណត់​ទីតាំង និង​ចម្ងាយ​ឲ្យ​អ្នកទោស​ដើរ​។ រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ ឆ្មាំ​គុក​មក​សួរចម្លើយ​ខ្ញុំ​ម្ដង​។ សំណួរ​ដែល​ឆ្មាំ​គុក​សួរ​គឺ តើ​ឯង​ធ្វើ​អី​ខ្លះ​ពី​ដើម​? ឯង​នៅឯណា​? តើ​ឯង​បានធ្វើ​អ្វី​ទៀត​? បន្ទាប់មក​ឆ្មាំ​គុក​និយាយ​លួងលោម​ឲ្យ​ខ្ញុំ​ឈប់​នឹកនា​ការងារ​ដែល​ធ្លាប់ធ្វើ​ពីមុនមក​។ ខ្ញុំ​មិន​ហ៊ាន​ប្រកែក​ទេ​។ នៅ​ទីនោះ ឆ្មា​គុក​ចាត់តាំង​ឲ្យ​ខ្ញុំ​រែក​ទឹក​មួយថ្ងៃ​១០០​អំ​រែក គឺ​ព្រឹក​៥០​អំ​រែក និង​ល្ងាច​៥០​អំ​រែក​។


​ពេល​ខ្មែរក្រហម​ទទួល​ជ័យជម្នះ​ឆ្នាំ​១៩៧៥ ខ្ញុំ​ត្រូវបាន​ផ្លាស់​ឲ្យ​ទៅ​រស់នៅ​កោះ​រកា ក្នុងស្រុក​កំពង់សៀម ខេត្តកំពង់ចាម​វិញ​។ ខ្ញុំ​ត្រូវបានចាត់តាំង​ឲ្យ​ឃ្វាលក្របី​៣០​ក្បាល ជាមួយនឹង​សមាជិក​ក្រុម​ពី​នាក់​ទៀត​។ យើង​បែង​ចែកគ្នា​យាម​តាម​ជ្រុង​ស្រែ​ដែលមាន​ស្រូវ​ដើម្បី​កុំ​ឲ្យ​ស៊ី​។ នៅវេលា​ម៉ោង​៦​ព្រឹក ខ្ញុំ​និង​សមាជិក​ក្នុង​ក្រុម​ត្រូវ​ដេញ​ក្របី​ចេញពី​ក្រោល​។ ពេល​ថ្ងៃត្រង់ យើង​ត្រឡប់មក​ហូបបាយ​នៅ​សហករណ៍ ហើយ​ពេល​ល្ងាច​យើង​ត្រូវ​ដុះលាង​សម្អាត​ក្របី​ឲ្យ​ឡើង​ពណ៌​ខ្មៅ​រលោង រួច​ដុត​ភ្លើង​កុំ​ឲ្យ​មូស​ខាំ​ក្របី​។ ខ្ញុំ​រស់នៅ​ជាមួយ​ភាពភ័យខ្លាច​រាល់ថ្ងៃ​។ ថ្ងៃមួយ​ខ្ញុំ​អស់កម្លាំង​យ៉ាងខ្លាំង ហើយ​ដៃ​របស់ខ្ញុំ​ចាប់ផ្តើម​ញ័រ​។ ខ្ញុំ​បានធ្វើ​ឲ្យ​ធ្លាក់​ចាន​បបរ​ពី​ដៃ​ពេល​ទៅ​ទទួល​របប​អាហារ​ប្រចាំថ្ងៃ បណ្តាល​ឲ្យ​ខ្ចាយ​បបរ​អស់ ប៉ុន្តែ​សំណាងល្អ​មិន​បែក​ចាន​។ ខ្មែរក្រហម​បាន​ចោទ​ខ្ញុំ​ថា មានបំណង​ចង់​ចាក់​បបរ​ចោល ដូច្នេះ​ខ្ញុំ​គ្មាន​អាហារ​ហូប​ទេ​ក្នុង​ថ្ងៃនោះ​។ នៅ​ឆ្នាំ​១៩៧៧ អ្នកភូមិ​ម្នាក់​ដែល​រស់នៅ​ជិត​ផ្ទះ​របស់ខ្ញុំ ដែលមាន​ប្ដី​ជា​ជនជាតិ​វៀតណាម ត្រូវបាន​កងឈ្លប​ខ្មែរក្រហម​មក​យកប្តី​របស់គាត់​ទៅ​បាត់ ចំណែក​គាត់​កងឈ្លប​មិន​មក​ទៅជា​មួយ​ទេ​។


​ខ្ញុំ​បាន​ចូល​ធ្វើជា​គ្រូបង្រៀន​វិញ បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ​នៅ​ឆ្នាំ​១៩៧៩​។ ក្រោយមក​ខ្ញុំ​ផ្លាស់​ធ្វើជា​ទាហាន​។ នៅ​ឆ្នាំ​១៩៨៤ ខ្ញុំ​បានមក​រស់នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ដែលជា​ស្រុកកំណើត​ប្រពន្ធ​របស់ខ្ញុំ​។ ខ្ញុំ​មានកូន​៧​នាក់ ក្នុងនោះ​ស្រី​៤​នាក់​។ សព្វថ្ងៃ​ខ្ញុំ​មាន​អាយុ​៨៣​ឆ្នាំ​ហើយ​។ កូន​របស់ខ្ញុំ​បានផ្ដល់​ប្រាក់​ឲ្យ​ខ្ញុំ​ខ្លះ​ដើម្បី​ដោះស្រាយ​ជីវភាព ព្រោះ​ខ្ញុំ​និង​ប្រពន្ធ​អាច​រកប្រាក់​បាន​តិច​តូច​ប៉ុណ្ណោះ​ពី​របរ​ធ្វើស្រែ​៕សរន

ទេស​សភាព​មាត់ទន្លេ​ខេត្តព្រៃវែង នៅពេល​ថ្ងៃ​លិច​។​
(​ដា​រ៉ា​រដ្ឋ មេត្តា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
ម៉ៅ គឹម​ស្រ៊ុន កំពុង​អង្គុយ​នៅផ្ទះ​របស់គាត់ នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។
(​ដា​រ៉ា​រដ្ឋ មេត្តា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)