មាន​កសិដ្ឋាន​ចិញ្ចឹមសត្វ​ជ្រូក​ខ្នាត​ឧស្សាហកម្ម​ចំនួន​៣៨​ដំបូល ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ស៊ី​ភី​

156
ចែករម្លែក

ដោយ​: គង់​ហេង​
​កំពង់ចាម​:
នៅ​ខេត្តកំពង់ចាម​មាន​កសិដ្ឋាន​ចិញ្ចឹមសត្វ​ជ្រូក​ជា​ខ្នាត​ឧស្សាហកម្ម​ចំនួន ៣៨ ដំបូល ឬ​រោង​ដែល​រោង​នីមួយៗ មា​នស​ត្ថ​ម​ភាព​អាច​ផ្ទុក​ជ្រូក​ចិញ្ចឹម​យកសា​ច់លក់​ពី ៦៥០ ទៅ ៧០០ ក្បាល បាន និង​កំពុង​សហការ​ចាប់​ដៃគូ​វិនិយោគ​រកស៊ី ជាមួយ​ក្រុមហ៊ុន​របស់​ប្រទេស​ថៃ​ឈ្មោះ «​ស៊ី​ភី​» (CP)​។​

​លោក នង ម៉េង​ហ៊ាង ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១២ មិថុនា ២០១៩​នេះ​ថា ក្នុងនោះ​មាននៅ​ស្រុក​កំពង់សៀម​ចំនួន ៣០ រោង នៅ​ស្រុក​ចម្ការលើ​ចំនួន ៦​រោង និង​នៅ​ស្រុក​កងមាស​ចំនួន ២​រោង​។​

​លោក​ប្រធានការិយាល័យ​បាន​ឲ្យ​ដឹង​ទៀតថា ការចិញ្ចឹម​សត្វ​ជ្រូក​យក​សាច់​សហការ​ជាមួយ​ក្រុមហ៊ុន​ស៊ី​ភី​នេះ បាន​ចំណាយ​រយៈពេល​ជិត ប្រាំមួយ ខែ បាន​ចាប់​លក់​មួយ​លើក​នោះ គឺ​ភាគី​ខាង​ម្ចាស់​ស្រុក​ជា​អ្នកចេញ​សោហ៊ុយ​ចំណាយ ក្នុងការ​សង់រោង ថ្លៃ​ទឹក​ភ្លើង និង​មើលថែ​។ ឯ​ភាគី​ខាង​ក្រុមហ៊ុន​ជា​អ្នកផ្តល់​បច្ចេកទេស​សាងសង់​រោង កូនជ្រូក ចំណី ថ្នាំ​ព្យាបាល ជាដើម​។​

​លោក ម៉េង​ហ៊ាង បាន​បន្តថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​នៅ​ខេត្តកំពង់ចាម​មានការ ផល​ផុស​ក្នុងការ​សហការ​ជាមួយ​ក្រុមហ៊ុន​ស៊ី​ភី​ចិញ្ចឹមសត្វ​ជ្រូក​យក​សាច់​ច្រើន​កន្លែង​។ ដោយ​ផ្ទុយ​កាលពី​ដំបូង​ការចិញ្ចឹម​មាន​ចំនួន ១៣​រោង នៅក្នុង​ឃុំ​ស្រក ស្រុក​កំពង់សៀម ហើយក៏​បាន​កើន​ឡើងជា​បន្តបន្ទាប់​ស​រុ​ប​ចំនួន ៣៨​រោង នេះ​។​

​លោក វន គឹម​ហ៊ាង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ខ្នាត​ឧស្សាហកម្ម​មួយកន្លែង​ក្នុងចំណោម​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​នេះ​ចំនួន​សរុប​ជាង ១០​រោង​ផ្សេងទៀត​នៅ​ភូ​មិន​ថ្មី ឃុំ​ក្រឡា ស្រុក​កំពង់សៀម​បាន​ឲ្យ​ដឹង​ដែរ​ថា គ្រួសារ​លោក​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ស៊ី​ភី​ចំនួន ពីរ​រោង​ដែល​បាន​ចំណាយ​ថ្លៃ​សាងសង់​សរុប​ប្រហែល​ពី ១៣​ម៉ឺន ទៅ ១៤​ម៉ឺន​ដុល្លារ​អាម៉េរិក ក្នុង​កិច្ចសន្យា​ចំនួន ៨ ឆ្នាំ​។ មក​ពេលនេះ​បាន​ចំនួន ៣​ឆ្នាំ​ហើយ គឺ​ចាប់​ជ្រូក​លក់បាន​ចំនួន ៦​លើក​ដែល​ក្នុង​មួយ​លើក​ចំណាយពេល​ចិញ្ចឹម មើលថែ​ប្រមាណ​ជិត ៦ ខែ​នោះ គឺ​ក្នុង​មួយឆ្នាំ​ចាប់​លក់​២​លើក​។​

​ម្ចាស់​កសិដ្ឋាន​ម្នាក់នេះ​បាន​ឲ្យ​ដឹង​ទៀតថា ការសហការ​ក្នុង​វិនិយោគ​លើ​ការចិញ្ចឹម​ជ្រូក​ក្នុង​ចំនួន​ខាងលើ​កន្លងមក​នេះ​ថ្វីបើ​នៅ​ពុំទាន់​ទទួលបាន​ប្រាក់ចំណេញ គឺ​យើង​អាច​ទទួលយកបាន​។ ដោយ​ក្នុង​មួយ​លើក​ទាំងពីរ​រោង​ចាប់បាន​ជ្រូក​លក់​ពី ១,២០០ ទៅ ១,៤០០ ក្បាល ដែល​មួយ​ក្បាលមាន​ទម្ងន់​ចាប់ពី ១១០ ទៅ ១១៥​គីឡូក្រាម​ទូទាត់​ការចំណាយ​ផ្សេងៗ ទទួលបាន​ប្រាក់ចំណេញ​សម្រាប់​ប្រាក់​ដាក់ទុន​ពី ១៣​លាន ទៅ ១៤​លាន​រៀល​។​

​លោក គឹម​ហ៊ាង បាន​បន្តថា បញ្ហា​ប្រឈម​ក្នុង​ចិញ្ចឹម​ជ្រូក​មួយរយ​:​នេះ គឺ​យើង​បាន​ជួបប្រទះ​បញ្ហា​ចរន្ត​ភ្លើងអគ្គិសនី​ថ្លៃ​ខ្ពស់ ដោយ​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​ចំនួន ៧៤០ រៀល ពិសេស​ក្រៅពី​តម្លៃ​ថ្លៃ​នោះបាន​ដាច់​ញឹកញាប់ បានធ្វើ​កុង​ទ័​រវិ​ល​កើន​លេខ​ច្រើន​។ សូម​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ជួយ​អន្តរាគមន៍​បញ្ចុះតម្លៃ​ភ្លើងអគ្គិសនី និង​សំណូមពរ​កុំ​ឲ្យ​ដាច់​ភ្លើង​ញឹកញាប់​នោះ​៕ ល​