មាន​ការចុះ​កិច្ចព្រមព្រៀង​គ្រប់គ្រង​សហគមន៍​តំបន់ការពារធម្មជាតិ នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​

149

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន​បី ដែល​ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ នៃ​ខេត្តរតនគិរី បានធ្វើ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ដើម្បី​គ្រប់គ្រង​សហគមន៍​តំបន់ការពារធម្មជាតិ​ជាមួយ​ក្រសួងបរិស្ថាន​។ សហគមន៍​ពីរ គឺ​វាល​កំបោរ និង​អូរ​រៃ ត្រូវបាន​គាំទ្រ​ក្នុងការ​បង្កើត​ដោយ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ កម្មវិធី​ប្រចាំ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ ខណៈដែល​សហគមន៍​អូរ​គគី​ត្រូវបាន​គាំទ្រ​ដោយ​អង្គការ​សង្គ្រោះ​សត្វព្រៃ​។

​លោក ទុយ សុផាន់ ប្រធាន​គណៈកម្មការ​ស​ហគ​មន៍​តំបន់ការពារធម្មជាតិ​អូ​រៃ បាន​ថ្លែងថា “​សហគមន៍​ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់​ទទួលបាន​ការទុកចិត្ត ពី​ក្រសួងបរិស្ថាន ក្នុងការ​ចូលរួម​គ្រប់​គ្រង​ព្រៃឈើ នៅ​ដែនជម្រកសត្វព្រៃ​នេះ​”​។

​ដែនជម្រកសត្វព្រៃ​លំផាត់ ស្ថិតក្នុង​ភូមិភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា ដែលមាន​ផ្ទៃដី​ដល់​ទៅ ២៥០.០០០​ហិកតា​។ ដែនជម្រកសត្វព្រៃ​នេះ កំពុង​គាំទ្រ​ដល់​ការរស់នៅ​របស់​សត្វ​ស្លាប​ជិត​ផុត​ពូជ រហូតដល់​ទៅ​៥​ប្រភេទ ដូចជា​ត្រយង​ចង្កំ​កស ត្រយង​យក្ស ត្មាត​ត្នោត ត្មាតភ្លើង ត្មាតផេះ និង​សត្វព្រៃ​ដែល​កំពុង​ទទួល​ការគំរាមកំហែង​សកល​មួយចំនួនទៀត​ដែលមាន​ដូចជា​ខ្ទីង រមាំង ទន្សោង ប្រើស ក្រៀល
​និង​ក្ងោក​ជាដើម​។​

​តំបន់ការពារធម្មជាតិ​ដែល​បាន​បង្កើត​នេះ ជាទី​ជម្រក​សម្រាប់​ពង​កូន ជា​ទ្រនំ និង​ជាទី​តាំង​សម្រាប់​រក​ចំណី​របស់​សត្វ ដ៏​សំខាន់​ទាំងអស់នេះ​។ ទោះ​ជាមាន​សកម្មភាព​អភិរក្ស បាននិងកំពុង​អនុវត្ត​ក៏ដោយ ទីជម្រក និង​ប្រភេទ​សត្វ​ទាំងនេះ នៅតែ​ទទួល​ការគំរាមកំហែង ពី​សកម្មភាព​ខុសច្បាប់​ដូច​ជាការ​បរបាញ់ ការដាក់​អន្ទាក់ ការកាប់​ឈើ និង​ការទន្ទ្រាន​យក​ដី​។ ការចូលរួម​ពី​សហគមន៍​ដែលមាន​មូលដ្ឋាន​នៅ​ជុំវិញ​ដែនជម្រកសត្វព្រៃ​ក្នុងការ​គ្រប់គ្រង គឺមាន​សារៈសំខាន់​ណាស់​ក្នុងការ​ដោះស្រាយ​កត្តា​គំរាមកំហែង​ទាំងនេះ​។​

​គ្របដណ្តប់​លើ​ផ្ទៃដី ២.៦៨០​ហិកតា សហគមន៍​តំបន់ការពារធម្មជាតិ​អូ​រៃ មាន​ទីតាំង​នៅតាម​ដង​ទន្លេស្រែពក និង​ស្ថិតនៅ​ចំ​កណ្តាល នៃ​ដី​សម្បទាន​សេដ្ឋកិច្ច ដោយឡែក​សហគមន៍​តំបន់ការពារធម្មជាតិ​វាល​កំបោរ​មាន​ផ្ទៃដី ២.៩៨២​ហិកតា លាតសន្ធឹង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ភ្ជាប់​ខេត្តរតនគិរី​ទៅ​មណ្ឌលគិរី​។

​លោក​ឌី សា​ម៊ី ប្រធាន​គណៈកម្មការ​ស​ហគ​មន៍​តំបន់ការពារធម្មជាតិ​វាល​កំបោរ​មានប្រសាសន៍ថា “​សហគមន៍​តំបន់ការពារធម្មជាតិ​ទាំងពីរ​គ្របដណ្តប់​ដោយ​ព្រៃ​ល្បោះ ព្រៃ​ពាក់កណ្តាល​ស្រោង និង​ព្រៃ​តាម​ដង​ទន្លេ បន្ថែម​លើ​នេះ មាន​វាលស្មៅ ត្រពាំង​បឹង ដែល​ផ្តល់នូវ​ទីជម្រក​ដ៏​ល្អ​គាំទ្រ ដល់​ការរស់នៅ​របស់​សត្វព្រៃ ពិសេស​សត្វ​ជិត​ផុត​ពូជ​ពីរ​ប្រភេទ គឺ​ត្រយង​យក្ស និង​ត្រយង​ចង្កំ​កស​“​។​

​ចាប់តាំងពី​ឆ្នាំ​២០១១ ដី​យ៉ាងតិច​៥០០០០​ហិកតា នៅ​ដែនជម្រកសត្វព្រៃ​លំផាត់ ត្រូវបាន​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ចិន និង​ក្នុងស្រុក វិនិយោគ​ក្នុងនាម​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​។ ការវិនិយោគ​នេះ​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ដែន​ជីវចម្រុះ​។​

​លោក​ស៊ុម ភា​រុ​ណ្យ ប្រធាន​គម្រោង​លំផាត់​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ បាន​ថ្លែងថា “​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដែល​បានផ្តល់​ការយល់ព្រម​ដល់​កិច្ចព្រមព្រៀង​គ្រប់គ្រង​សហគមន៍​តំបន់ការពារធម្មជាតិ​ទាំងនេះ​។ ការចូលរួម​ពី​សហគមន៍ ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ នឹង​ជួយ​ធ្វើ​ឲ្យ​ការងារ​អភិរក្ស​កាន់​តែមាន​ក្តីសង្ឃឹម​”​។​

​យោង​លើ​កិច្ចព្រមព្រៀង​គ្រប់គ្រង​នេះ សហគមន៍​មាន​សិទ្ធិ​ក្នុងការ​គ្រប់គ្រង និង​ដកហូត​អនុផល​ព្រៃឈើ​ក្នុង​សហគមន៍​ខ្លួន​ឲ្យ​មាន​និរន្តរភាព តាម​ផែនការ​គ្រប់គ្រង​ដែលមាន​រយៈពេល​៥​ឆ្នាំ និង​ដែល​បាន​គាំទ្រ​ដោយ​ក្រសួងបរិស្ថាន​។ បន្ថែម​លើ​នេះ ដើម្បី​ចែករំលែក​ការព្រួយបារម្ភ និង​ពាំនាំ​សម្លេង​របស់​សហគមន៍ ស្តីអំពី​កិច្ចការពារ​ធនធានធម្មជាតិ​ទៅជូន​អាជ្ញាធរខេត្ត សហព័ន្ធ​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​ខេត្តរតនគិរី កំពុងតែ​បង្កើតឡើង​។

​លោក​ប៊ូ វរ​សក្ស នាយក​កម្មវិធី​ប្រចាំ​កម្ពុជា​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ បាន​មានប្រសាសន៍ថា “​អង្គការ​យើង​មាន​សេចក្តី​រីករាយ ក្នុងការ​គាំទ្រ​ដល់​ការផ្តួចផ្តើម​បង្កើត​សហព័ន្ធ​នេះ វា​ជា​យន្ត​ការដែល​អាចធ្វើ​ឲ្យ​សហគមន៍​អាច​ចូលរួម​កាន់តែច្រើន​ទៀត ដល់​ការងារ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​សង្ឃឹមថា​ឯកឧត្តម​អភិបាលខេត្ត និង​ផ្តល់​ប្រកាស​ទទួលស្គាល់​សហព័ន្ធ​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​ខេត្តរតនគិរី​ក្នុងឆ្នាំនេះ​”៕