មាន​កុមារ​ជាង​២.៥​លាន​ករណី​បានទទួល​ការព្យាបាល​ដោយ​ពុំ​គិត​ប្រាក់​រយៈពេល​២០​ឆ្នាំ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ​

410
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប ៖ កុមារ​កម្ពុជា​ចំនួន​ជាង​២.៥​លាន​ករណី ត្រូវបាន​ព្យាបាល​ជម្ងឺ​ដោយ​មិន​គិត​ប្រាក់ ក្នុង​រយៈពេល​២០​ឆ្នាំ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប​។​ចំនួន​កុមារ​ជាង​២​លាន​នាក់​នេះ​ត្រូវបាន​បញ្ជាក់​អោយដឹងពី​លោក ងួន ច័ន្ទ​ភក្ត្រា នាយក​​មន្ទីរពេទ្យ​កុមារ​អង្គរ ថ្លែង​ក្នុង​ពិធី​ខួប​២០​ឆ្នាំ​នៃ​ការបង្កើតឡើង​របស់​ម​ន្ទីរ​ពេទ្យ​។​ពិធី​នេះ​ធ្វើឡើង​នៅក្នុង​មន្ទីរពេទ្យ​កុមារ​អង្ករ ក្រុង​សៀមរាប ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩​នេះ​។​

លោក ងួន ច័ន្ទ​ភក្ត្រា បាន​មានប្រសាសនថា ជា​រៀងរាល់ថ្ងៃ​មាន​កុមារ​ជា​មធ្យម​ចំនួន​៥០០​នាក់មក ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ។​ដោយឡែក​នៅ​ឆ្នាំ​២០១៨​កន្លងទៅ មន្ទីរពេទ្យ​បានផ្តល់​ការព្យាបាល​កុមារ​សរុប​១៥៧១៥០​ករណី។​ ដោយឡែក​រយៈពេល​២០​កន្លងមកនេះ មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប បាន​ព្យាបាល​កុមារ​បាន​ចំនួន​២.៥​លាន​ករណី ដោយ​មិន​គិត​ប្រាក់​។​

មន្ទីរពេទ្យ​កុមារ​អង្គរ ក្រុង​សៀមរាប ខេត្តសៀមរាប បានកកើតឡើង​នៅ​ឆ្នាំ​១៩៩៦ ក្រោម​​ការ​ស្ថាបនិក​របស់លោក ខិ​ន​រ៉ូ អ៊ី​ស៊ុ ប្រធាន​អង្គការ​មន្ទីរពេទ្យ​កុមារ​អង្គរ និង​អង្គការ​មិត្ត​គ្មាន​ព្រំដែន ដោយ​សហការ​ជាមួយ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ប៉ុន្តែ​មន្ទីរពេទ្យ​កុមារ​អង្គរ ទទួល​ការព្យាបាល​និង​ថែទាំ​សុខភាព​កុមារ​កម្ពុជា នៅ​ឆ្នាំ​១៩៩៩ ដែលមាន​លោក Robert Gazzi ប្រធាន​ក្រុមប្រឹក្សាភិបាល​អង្គការ​ម​ន្ទីរ​ពេទ្យ​កុមារ​អង្គរ លោក ម៉ា​ស៊ូ​មិ កា​ម៉ា​ឈិ នាយក​ប្រតិបត្តិ​នៃ​មន្ទីរពេទ្យ Fukuoka Wajiro លោកស្រី Claudia Turmer នាយក​ប្រតិបត្តិ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ ដែលជា​អ្នកដឹកនាំ​មន្ទីរពេទ្យ​នេះ​តាំងពីដើម​រៀងមក​។​

លោក ងួន ច័ន្ទ​ភក្ត្រា បានបញ្ជាក់​ទៀតថា មន្ទីរពេទ្យ​កុមារ​អង្គរ​គឺ​បាន​ពឹងផ្អែក​ទាំងស្រុង លើ​សប្បុរសជន​ដែល​បាន​ចំនាយធនធាន ដើម្បី​ផ្តល់​ថវិកា​ដើម្បី​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ហើយ​មន្ទីរពេទ្យ​ត្រូវការ​ជំនួយ​ឧបត្ថម្ភ​ជា​បន្ត​បន្ទាប់ពី​សប្បុរស​ជន ដោយ​លោក​សង្កត់ធ្ងន់ថា បើ​មិនមាន​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​ទេ មន្ទីរពេទ្យ​ក៏​មិន​អាច​ដំណើរការ​ទៅបាន​ដែរ​។​

ក្នុង​ពិធី​ប្រារព្ធ​ខួប​២០​ឆ្នាំ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ​នេះដែរ ក៏មាន​ការចូលរួម​ពី​លោក​សាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល តំនាង​សាលាខេត្ត​សៀមរាប និង​លោក ខិ​ន​រ៉ូ អ៊ី​ស៊ុ ស្ថាបនិក​ប្រធាន​អង្គការ​មន្ទីរពេទ្យ​កុមារ​អង្គរ​។ ​ពិធី​នោះដែរ​ក៏មាន​ការជូន​ពានរង្វាន់​និង​លិខិត​សរសើរ ដល់​បុគ្គលិក​ពេទ្យ​គ្រប់​ជាន់ថ្នាក់​ផងដែរ​៕B/