មាន​គេ​លួច​ដុត​ចម្ការពូជ​ព្រៃឈើ​ប្រណិត​នៅ​ស្រុក​ស្វាយ​លើ សង្ស័យ​ចង់​ទន្ទ្រាន​យក​ដី

324
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប ​៖ ​សម្ការ​ពូជឈើ​ប្រណីត​នៅ​ស្រុក​ស្វាយ​លើ ត្រូវគេ​លួច​ដុត​ឆេះ​អស់​ជិត​ពីរ​ហិកតា ហើយ​ត្រូវ​សមត្ថកិច្ច​ជួយសង្គ្រោះ​។ ហេតុការណ៍​ឆេះ​ដីព្រៃ​នេះដែរ​កើតឡើង​កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​អង្កាញ់​ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ​។

នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្វាយ​លើ លោក​ម៉ែន វុទ្ធី បាន​ឲ្យ​ដឹងថា ក្រោយ​ទទួល​ព័ត៌មាន​នេះ លោក​បាន​សហការគ្នាជាមួយ​កម្លាំង​នគរបាល​ស្រុក​ស្វាយ​លើ ជួយ​កាច់​មែកឈើ​មក​ពន្លត់ ​និង​យក​រថយន្ត​ពន្លត់​អគ្គិភ័យ មក​បាញ់​ទឹក​រហូត​រលត់​ជា​ស្ថាពរ នៅ​ថ្ងៃ​ដដែល​។

​លោក​បន្តថា ករណីនេះ​យើង​នៅ​មិនទាន់​ដឹង​ច្បាស់​ថា នរណា​ជា​អ្នក​ដុត​ព្រៃ​ទាំងនេះ​នោះទេ​។ តែ​ដើមហេតុ គឺ​ឆេះ​ចេញពី​ស្មៅ​ជាប់​ផ្លូវជាតិ​រួចរាល​ចូលទៅ​ឆេះ​ដល់​ព្រៃ​ពូជ​តែម្តង​។ តាម​ការពិនិត្យ​ជាក់ស្តែង មិន​ឆេះ​ព្រៃឈើ​ពូជ​ទាំងស្រុង​នោះទេ គឺ​ឆេះ​តែ​ស្មៅ​និង​ឈើ​តិចតួច​ប៉ុណ្ណោះ​។

លោក​បន្តទៀតថា ដីព្រៃ​ដែល​រង​ការឆាបឆេះ​នេះ​មាន​ផ្ទៃដី​សរុប​២​ហិកតា ដែល​អាជ្ញាធរ​និង​ពលរដ្ឋ​នាំគ្នា​ដាំ​តាំងតែ​ពី​ឆ្នាំ​២០១៦​មក​ម្លេះ ហើយ​ព្រៃ​ទើប​និង​ដាំ​នេះ នៅជាប់​ជាមួយ​នឹង​ចំការ​ព​ពូជឈើ​ធ្នង់​ផងដែរ​។​នៅក្នុង​ហេតុការណ៍​នេះ​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការនគរបាល​ស្រុក​ស្វាយ​លើ ចំនួន​៥​គ្រឿង​។ ក្រៅពីនោះ​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ជួយ​កាច់​មែកឈើ​ពន្លត់ ទើប​អាច​រលត់ទៅវិញ​ជា​ស្ថាពរ​។​ លោក​ក៏បាន​ស្នើសុំ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​កុំ​ដុត​ព្រៃ​ ដើម្បី​ចង់​កាន់កាប់​យក​ដីព្រៃរ​បស់​រដ្ឋ​ឲ្យ​សោះ ព្រោះ​វា​ជា​អំពើ​ខុសច្បាប់ ដែល​ត្រូវបាន​ហាមឃាត់​។​

ក្នុងករណីនេះ ក៏មាន​ប្រភព​បង្ហើប​ថា អាចមាន​អ្នក​ចង់​កាន់កាប់​ដី​ទាំងនោះ​ធ្វើជា​កម្មសិទ្ធិ ទើប​ប្រើ​វិធី​ដុត​ព្រៃ ដើម្បី​ងាយស្រួល​ចូល​គ្រប់គ្រង​ដី​៕​B/