មាន​នរណា​ចង់​ប្រឡង​ចម្រៀង​ភាសា​ជប៉ុន​ទេ ឱកាស​បានមក​ដល់​ហើយ​

939
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​រួមសហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ជប៉ុន​(CJCC) នឹង​រៀបចំ​នូវ​ការប្រឡង​ចម្រៀង​ណូ​ដូ​ជី​ម៉ាន់​លើក​ទី​១០ (​ការប្រឡង​ចម្រៀង​ភាសា​ជប៉ុន​) នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ នៅ CJCC ក្នុងឱកាស​ពិធីបុណ្យ​តា​ណា​បា​តា​(​បុណ្យ​ផ្កាយ​)២០១៩ ផងដែរ​។​

​ការប្រឡង​ចម្រៀង​ណូ​ដូ​ជី​ម៉ាន់​ត្រូវបាន​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​លើកទឹកចិត្ត​អ្នកសិក្សា​ភាសា​ជប៉ុន​បាន​អនុវត្ត​ការបញ្ចេញ​សម្លេង​ជា​ភាសា​ជប៉ុន​។ លើសពីនេះ​ទៀត ការប្រឡង​នេះ​ក៏មាន​គោលបំណង​ពង្រឹង​ចំណងមិត្តភាព និង​ការយល់ដឹង​អំពី​គ្នា​ទៅវិញទៅមក​រវាង​ប្រជាជន​ជប៉ុន​និង​កម្ពុជា​តាមរយៈ​ចម្រៀង​ភាសា​ជប៉ុន​ផងដែរ​។​

​កម្មវិធី​នេះ​សូម​ស្វាគមន៍​អ្នកសិក្សា​ភាសា​ជប៉ុន​គ្រប់​កម្រិត​ដើម្បី​ចូលរួម​ប្រឡង​ចម្រៀង​នេះ ក្នុងនាម​ជាការ​ប្រកួត​រវាង​គ្រឹះស្ថាន​អប់រំ​ភាសា​ជប៉ុន មិនមែនជា​លក្ខណៈ​បុគ្គល​ទេ​។ ​ទាក់ទង​នឹង​ល័​ក្ខ​ខណ្ឌ​ដាក់ពាក្យ​ប្រឡង​ចម្រៀង​ណូ​ដូ​ជី​ម៉ាន់​ឆ្នាំ​២០១៩​និង​សេចក្តីណែនាំ​នៃ​ការដាក់​ពាក្យ​ប្រឡង​នោះ​។ យោងតាម​ស្ថានទូត​ជប៉ុន​បានឱ្យដឹងថា​៖ ការប្រឡង​លើក​នេះ គឺជា​ការប្រកួតប្រជែង​រវាង​សាលា និង​សាលា​។ សាលារៀន​ភាសា​ជប៉ុន​ណា​ដែលមាន​បំណង​ឲ្យ​កូនសិស្ស​ចូលរួម​ប្រឡង សូម​អញ្ជើញ​មក​ដាក់ពាក្យ​ប្រឡង​។ ចំពោះ​ចំនួន​បេក្ខជន​ប្រឡង​ចម្រៀង​ទោល ឬ​បេក្ខជន​ប្រឡង​ជា​ក្រុម តាម​សាលា​នីមួយៗ​នឹងត្រូវ​កំណត់​ចំនួន​ដោយយោង​ទៅលើ ចំនួន​សាលា​សរុប​ចុងក្រោយ​ដែល​បានដាក់​ពាក្យ​ចូលរួម និង​ចំនួន​សិស្ស​នៃ​សាលា​នីមួយៗ​នោះ​ផងដែរ​។ បេក្ខជន​ដែល​ចូលរួម​ប្រកួត​ត្រូវ​ត្រៀម​ភ្លេង​សម្រាប់​ច្រៀង នៅ​ថ្ងៃ​ប្រឡង​ដោយ​ខ្លួនឯង ហើយ​ត្រូវ​ផ្ញើ​មកកាន់​ស្ថានទូត​មុន​ថ្ងៃ​ប្រឡង​។ ការប្រឡង​ចម្រៀង​លើក​នេះ មិន​ដូច​ការប្រឡង​លើក​មុនៗ ដែលមាន​ខារ៉ាអូខេ​អាច​មើលឃើញ​តួរ​អក្សរ​ចម្រៀង​ទេ បេក្ខជន​ត្រូវ​ទន្ទេញ​បទ​ចម្រៀង​ឲ្យ​បាន​ចាំ​ហើយ​ច្រៀង​លើ​ឆាក​តែម្តង​។​

​ចំពោះ​នីតិវិធី​នៃ​ការដាក់​ពាក្យ​វិញ គឺ​ការចុះឈ្មោះ​ចូលរួម​របស់​សាលា​ភាសា​ជប៉ុន​នីមួយៗ (​ផុតកំណត់​ត្រឹម​ថ្ងៃ​សុក្រ​ទី​១០ ខែឧសភា​ឆ្នាំ​២០១៩) ពាក្យស្នើសុំ​ចូលរួម អាច​រកបាន​តាមរយៈ​គេហទំព័រ​ខាងក្រោម​៖ https://www.kh.emb-japan.go.jp/files/000469974.pdf​។ ការប្រកាស​លទ្ធផល​ចំនួន​បេក្ខជន​ច្រៀង​ទោល ឬ ជា​ក្រុម នៃ​សាលា​នីមួយៗ (​ថ្ងៃ​ច័ន្ទ ទី​២៧​ខែឧសភា ឆ្នាំ​២០១៩)​។​ការផ្ញើ​ពាក្យ​ចូលរួម​ប្រឡង​របស់​បេក្ខជន​ពីសា​លា​នីមួយៗ (​ផុតកំណត់​ត្រឹម​ថ្ងៃ​សុក្រ​ទី​២១​ខែមិថុនា ឆ្នាំ​២០១៩) ពាក្យ​ចូលរួម​ប្រឡង​របស់​បេក្ខជន អាច​រកបាន​តាមរយៈ​គេហទំព័រ​ខាងក្រោម​៖ https://www.kh.emb-japan.go.jp/files/000469976.pdf​។ ការផ្ញើ​ភ្លេង​ចម្រៀង​ពី​បេក្ខជន​ចូលរួម​ប្រឡង (​ផុតកំណត់​ត្រឹម​ថ្ងៃ​សុក្រ ទី​២៨ ខែមិថុនា ឆ្នាំ​២០១៩)៕ ល​