មាន​ប៉ូលិស​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​ដ៏​ធំ នៅ​រ៉ក​!

186
ចែករម្លែក

​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឆ្នាំ​២០១៨ និង​លើក ទិសដៅ ឆ្នាំ​២០១៩ កាលពី​រសៀល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩ សម្ដ​ច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ផ្ញើ​សារ​ឲ្យ​នគ​បាល​ដែល​ជាប់​ពាក់ព័ន្ធ នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ជិត ៥០​គីឡូក្រាម នៅ​មជ្ឈមណ្ឌល​កម្សាន្ត រ៉ក ត្រូវ​ចូល សារភាព ឲ្យ​បាន​មុនពេល​ចាប់​ខ្លូន​។

​សម្ដេច​ក្រឡាហោម​បញ្ជាក់ថា ប៉ូលិស ដែលជា​មុខសញ្ញា ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ គ្រឿងញៀន​នោះ នឹងមិន​អាច​គេច​រួច ពី​ការស្រាវជ្រាវ​តាម​ចាប់ខ្លួន​នោះឡើយ​។

សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា​ក្នុងចំណោម​មុខសញ្ញា​ពាក់ព័ន្ធ​ករណី ជួញដូរ​គ្រឿងញៀន នៅ​រ៉ក មាន​ប៉ូលិស​មួយ ដែល​យើង​កំពុង​ស្វែងរក​ចាប់ខ្លួន ហើយ​ពេលនេះ មាន​ដីកា​ពី​តុលាការ ឲ្យ​តាម​ចាប់ខ្លួន​ហើយ​។ រឿង​រកស៊ី​គ្រឿងញៀន គេច​ទៅណា​ក៏​មិន​រួច​។​បើ​យក​ល្អ មក​បង្ហាញខ្លួន​មក ក្រែង​មានការ​បន្ធូរបន្ថយ​ខ្លះ​។ តែបើ​ថា​រត់គេច​ទៅណា ក៏​គេច​មិន​រួច​ដែរ ព្រោះ​យើង​ស្គាល់​អត្តសញ្ញាណ​អស់ហើយ​។

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ​សម្ដេច​ក្រឡាហោម​ក៏បាន​ក្រើនរំលឹក​ដល់​ស្នងការ នគរបាល​ខេត្តសៀមរាប និង​ស្នងការ​នគរបាល​ខេត្ត​រាជធានី​ទាំងអស់ ត្រូវ​ក្ដាប់​ក្ដីកង្វល់ ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន និង​មាន​វិធានការ​ឆ្លើយ​ប​នឹង​ការរំខាន សេចក្ដីសុខ​របស់​ពួកគាត់ នៅតាម​មូលដ្ឋាន និង​ត្រូវ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន ដែល​កំពុង​ហូរ​ទៅ​តំបន់​ជនបទ ពិសេស​ដាច់ខាត​មិនត្រូវ​បណ្ដោយ​ឲ្យ​គ្រឿងញៀន​មាន នៅក្នុង​សាលារៀន​ឡើយ​។

​សម្ដេច​ក្រឡាហោម​ក៏បាន​ក្រើនរំលឹក​មន្ត្រីនគរបាល​ទាំងអស់​មិនត្រូវ​ពាក់ព័ន្ធ​នឹង បទល្មើស​គ្រឿងញៀន​នោះទេ ហើយ​រឹតតែ​មិនត្រូវ​ពាក់ព័ន្ធ​ជាដាច់ខាត​ការប្រើ​វប្បធម៌ អន្តរាគមន៍ នៅក្នុង​បញ្ហា​គ្រឿងញៀន ដោយ​សម្ដេច បាន​បញ្ជាក់ថា​វប្បធម៌​អន្តរាគមន៍ នេះ មិនថាតែ​បញ្ហា​គ្រឿងញៀន​ទេវា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធយុត្តិធម៌​ទាំងមូល តែម្ដង​។

​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​លើក​បង្ហាញថា ក្នុង​ឆ្នាំ​២០១៨ បទល្មើស គ្រឿងញៀន ត្រូវបាន​បង្ក្រាប ៨០០២ ករណី ឃាត់ខ្លួន​អ្នក​ជាប់​ពាក់ព័ន្ធ​ចំនួន ១៦២១៦​នាក់ និង​រឹបអូស​គ្រឿងញៀន​សរុប​ចំនួន ៥៣៦​គីឡូក្រាម​។

​ដោយឡែក ករណី​បង្ក្រាប​គ្រឿងញៀន នៅ​មជ្ឈមណ្ឌល​កម្សាន្ត រ៉ក កាលពី​យប់​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រូវបាន​ចាប់ខ្លួន​មនុស្ស​ជាង ៣០០ នាក់ និង​រឹបអូស គ្រឿងញៀន​ជិត ៥០​គីឡូក្រាម​។ ក្នុងនោះ ថៅកែ​រ៉ក់​អ្នកឧកញ៉ា គិត ធាង ត្រូវបាន ចាប់​នាំខ្លួន កាលពី​ថ្ងៃទី​១១ ខែមីនា ហើយ​នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩ ត្រូវបាន តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ ប៉េ​ហ្ស៊ី ពាក់ព័ន្ធ​នឹង​ករណី ជួញដូរ​គ្រឿងញៀន នៅ​រ៉ក​។​

​ដោយឡែក​ក្នុង​ពិធី​បិទ​សន្និបាត​របស់​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៩ ខែមីនា​វិញ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ប្រកាស​ពីមុខ​សញ្ញា ដែល​ពាក់ព័ន្ធ​នឹង ករណី​ជួញដូរ​គ្រឿងញៀន នៅ​រ៉ក់ ក៏មាន​ប៉ូលិស​ជាប់​ពាក់ព័ន្ធ​ផងដែរ​។​

​ទន្ទឹមនេះ​សម្តេច​ក្រឡាហោម​ក៏បាន​បញ្ជាក់​ជាថ្មី ក្នុង​ពិធី​បិទ​សន្និបាត​គ្រឿងញៀន កាលពី​រសៀល​ថ្ងៃទី​២១ ខែមីនា ថា នៅ​កន្លែង​ផ្សេង ក៏​ដូចគ្នា តែ​កាលណា មាន​មន្ត្រី​សមត្ថកិច្ច​យើង ពាក់ព័ន្ធ​ក្នុងនោះ អត់​ហ៊ាន​ធ្វើ​ទេ​។ គឺ​មិន​ហ៊ាន​បង្ក្រាប​ទេ​។​

​ចំពោះមុខ​បញ្ហា​នេះ សម្តេច​ក្រឡាហោម បញ្ជាក់ថា បើសិន​ជាមាន​ករណី​ជាប់​ពាក់ព័ន្ធ នឹង​មន្ត្រី​សមត្ថកិច្ច ក្នុងករណី​គ្រឿងញៀន​នេះ កើតឡើង​មែន នោះ​យើង​ត្រូវ​ផ្លាស់ប្តូរ មន្ត្រី​សមត្ថកិច្ច​នោះ​ចេញ ដែល​នេះ ពាក់ព័ន្ធ​នឹង​ការទទួលខុសត្រូវ និង​ការមិន​ទទួល ខុសត្រូវ​។ ក្នុងនោះ មុខសញ្ញា​បង្ក្រាប​គ្រឿងញៀន នៅតាម​ក្លិប​កម្សាន្ត និង​កាស៊ីណូ ពិសេស​នៅ​ភ្នំពេញ សៀមរាប និង​នៅ​ខេត្ត​ព្រះសីហនុ​។ យើង​ត្រូវ​បង្ក្រាប​ដោយស្មោះ ត្រង់​នឹង​វិជ្ជាជីវៈ​។​

​យើង​ធ្លាប់​លើកឡើង​ហើយ​ថា ករណី​ជួញដូរ​គ្រឿងញៀន នៅ​រ៉ក់ ក្នុង​រាជធានី​ភ្នំពេញ គឺ​ច្បាស់​ជាមាន​មន្ត្រី​សមត្ថកិច្ច​ជាប់​ពាក់ព័ន្ធ ទើប​អាច​បទល្មើស​គ្រឿងញៀន ដែល​គេ​ល្បី​យូរ​ឆ្នាំ​មកហើយ អាច​បើក​ដំណើរការ​ដោយ​គ្មាន​ប៉ូលិស​សមត្ថកិច្ច អាជ្ញាធរ​ណា ហ៊ាន​ចូល​បង្ក្រាប​។​

​នៅពេលនេះ កាន់តែច្បាស់​ហើយ​តាមរយៈ​សេចក្តីប្រកាស​ផ្ទាល់មាត់​របស់ សម្តេច ក្រឡាហោម ស ខេង គឺ​ពិត​ជាមាន​ប៉ូលិស​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ជួញដូរ​គ្រឿង​ញៀន នៅ​រ៉ក់​មែន​។ មួយវិញទៀត បើតាម​មើលទៅ ប្រហែលជា​ក៏​មិនមែនជា​ប៉ូលិស​ស័ក្តិ តូចតាច​ដែរ ទើប​អាច​កាង​បទល្មើស​ដ៏​ធំ ហើយ​យូរ​ឆ្នាំ​ថែម​ទៀតផង​នោះ​។​

​មកដល់ពេលនេះ ដូច​អ្វីដែល​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​រួចហើយ គឺ​រាជរដ្ឋាភិបាល ដល់ពេល​ប្រើប្រាស់​អភិក្រម​ទី​៥ “​វះកាត់​” ហើយ ព្រោះថា បើសិនជា បន្ត​ចិញ្ចឹម​ទុក​មន្ត្រី​ខិលខូច ពុករលួយ និង​ការពារ​បទល្មើស​តទៅទៀត នោះ​នឹង​នាំ​ឲ្យ ដំណើរការ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល មិន​ជោគជ័យ ព្រោះថា មកដល់​សម័យ នេះ​ទៅហើយ មន្ត្រី​សមត្ថកិច្ច ដែល​អសកម្ម​ការងារ ប្រព្រឹត្ត​អំពើ​ផ្តេសផ្តាស ខុសច្បាប់ គឺ​មិនអាច​គេច​ផុតពី​ការផ្តន្ទាទោស និង​ដកតំណែង​នោះឡើយ​។​

​សរុបមក នៅពេលនេះ មាន​ភ្លើង​ខៀវ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ហើយ​ថា ករណី ឧក្រិដ្ឋកម្ម​គ្រឿងញៀន នៅ​រ៉ក់ ទោះបីជា​ត្រូវ​ជីក​ជម្រៅ​ប៉ុន្មាន​ម៉ែត្រ ក៏ត្រូវ​ចាប់​រក​ឫសគល់ មេខ្លោង​ឲ្យ​ឃើញ​យកមក​ផ្តន្ទាទោស​តាមច្បាប់​។ ក្នុងនោះ ជា​បន្តបន្ទាប់ សម្តេច ក្រឡាហោម ស ខេង ក៏បាន​បង្ហើប​ពីមុខ​សញ្ញា​ពាក់ព័ន្ធ ដែលជា​ប៉ូលិស​ក្រោម​ការ គ្រប់គ្រង​របស់​សម្តេច ហើយ​នៅ​ថ្ងៃទី​២១​មីនា​នេះ សម្តេច​បានប្រកាស​ឲ្យ​ប៉ូលិស​នោះ ចូល​សារភាព ក្រែងលោ​មានការ​សម្រាល​ទោស​៕ ដោយ​: ម៉េង​ឆៃ​