មាន​លុយ​និង​អំណាច​មហាសាល​ទៅ​គំរាម​ជាតិ​សាសន៍​ដទៃ ខាង​យោធា ខាង​សេដ្ឋកិច្ច និង​ខាង​ជំនួយ​បានទេ​?

224

​សមាជិក​អង្គការសហប្រជាជាតិ​មាន​ចំនួន​១២៨​ប្រទេស​បោះឆ្នោត​ប្រឆាំង ការទទួលស្គាល់​ជា ឯកតោភាគី​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​ក្រុង​យេ​រ៉ូ​សា​ឡឹម​ជា​ក្រុង​របស់​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល​។ បោះឆ្នោត​នៅ​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១៧​។​ទោះបី​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ និង​មន្ត្រី​ទូត​សម្លុត​គំរាម កំហែង​ថា​ផ្តាច់ជំនួយ​ដល់​បណ្តា​រដ្ឋ​ណា​បោះឆ្នោត​ប្រឆាំង​ជាមួយ​អាមេរិក​ចំពោះ​រឿងនេះ​ក៏ដោយ ក៏​នៅតែមាន​ប្រទេស​ជាច្រើន​លើ​លោក​យើង​នេះ គ្មាន​ញញើត​នឹង​បោះឆ្នោត​ប្រឆាំង​ដែរ​។

​នេះ​បាន​ហៅ ថា ប្រជាធិបតេយ្យ​។ ចម្ងល់​នៅត្រង់ថា​ការគំរាមកំហែង​បែបនេះ​សមស្រប​តាម គោលការណ៍ ប្រជាធិបតេយ្យ​ឬទេ​?​។ ប្រទេស​នីមួយៗ​ជា​សំឡេង​សន្លឹកឆ្នោត​តំណាង​ឲ្យ​មនុស្ស រាប់លាន​នាក់​នៃ​ប្រទេស​របស់ខ្លួន​។ ប្រទេស​ដែល​ទទួល​ជំនួយ​ធំៗ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំៗ​ដូចជា​អា​ហ្វា​នី​ស្ថាន អេ​ចូ​ពី អ៊ីរ៉ាក់ ប៉ា​គី​ស្ថាន សុទ្ធតែ​បោះឆ្នោត​ប្រឆាំង​យ៉ាង​រំភើយ​!​។ ដោយឡែក​មហា​សម្ព​ន្ធ័​មិត្ត​រួមមាន អង់គ្លេស បារាំង អាល្លឺម៉ង់ ជប៉ុន កូ​រ៉​ខាងត្បូង សុទ្ធតែ​បោះឆ្នោត ប្រឆាំង​ដែរ​។​

​លទ្ធផល​សន្លឹកឆ្នោត​ប្រឆាំង​មាន​ចំនួន​១២៨​ប្រទេស គាំទ្រ​មានតែ​ចំនួន​៩​ប្រទេស (​រួមមាន​អាមេរិក និង​អ៊ី​ស្រា​អ៊ែ​ល​ខ្លួនឯង​ផងដែរ​) អនុបវាទ​មាន​ចំនួន​៣៥​ប្រទេស​។

​សហរដ្ឋអាមេរិក​អាច​សន្សំ​លុយរាប់​ម៉ឺន​លាន​ដុល្លារ​។ ម្យ៉ាងដែរ​ចិន រុស្ស៊ី អាច​សប្បាយចិត្ត​ខ្លាំងណាស់ ប្រសិន​អាមេរិក​កាត់​ជំនួយ​ទាំងអស់នោះ​មែន​។ ព្រោះថា​ជា​ឱកាស​មាស​ពេជ្រ​សំរាប់​ការពង្រីក អំណាច ទាំង​ពាណិជ្ជកម្ម និង​យោធា​កាន់តែ​ខ្លាំងក្លា នឹង​ឈានដល់​ការឡើង​កាន់តំណែង​មហាអំណាច ខ្ពស់បំផុត​មិនខានឡើយ​។​

​មិន​ប្រាកដថា មាន​លុយ​និង​អំណាច​មហាសាល​ទៅ​គំរាម​ជាតិ​សាសន៍​ដទៃ​ខាង​យោធា ខាង​សេដ្ឋកិច្ច និង​ខាង​ជំនួយ​បាន​នោះទេ​។​

​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កំណត់​បន្ទាត់​គោលនយោបាយ​អន្តរជាតិ​ដូចខាងក្រោម​តែ​អត់ ប្រើ​វា​ផង​។ “​យើង​គោរព​ឯករាជ្យ និង​អធិបតេយ្យភាព​នៃ​ប្រទេស​របស់​អ្នក យើង​ចង់ឱយ​អ្នកខ្លាំង រីកចម្រើន និង​មាន​ឯករាជ្យ​ដោយ​ខ្លួនឯង ចាក់​ឬ​ស​ជ្រៅ​ក្នុង​តំលៃ​ប្រ​វ​តិ្ត​សាស្ត្រ​របស់​អ្នក និង​ប្រឹងប្រែង ដើម្បី​អនាគត​ល្អប្រសើរ​នៃ​ប្រជាជន​អ្នក​។ នេះ​ជា​អ្វីដែល​យើង​ប្រឹងប្រែង​ទាំងអស់គ្នា ហើយ​រីក ចម្រើន​ជាមួយគ្នា​នឹង​ភាព​ដៃគូ​ពិត និង​ជា​ដៃគូ​យូរអង្វែង​” ៕ ដោយៈ​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​

លទ្ធផល​នៃ​ការបោះឆ្នោត​ដោយ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃទី​២១​ធ្នូ​(​រូបថត​ផេ​ក​ហេង​រតនា​)