មាន​វេច​ខ្ចប់​ខុសច្បាប់​-​ក្លែងក្លាយៈ​ទឹក​សុទ្ធ អេ​វី​យ៉ង់​, ស្រា​បៀរ កូ​រ៉ូ​ណា , កាហ្វេ សាច់​ប៉ា​តេ និង​ម្រេច សរុប​៨៨​តោន

1436
ចែករម្លែក
  • 275
    Shares

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ផលិតផល​មួយចំនួន​ដែល​ប្រជាពលរដ្ឋ​ពេញនិយម​ប្រើប្រាស់ បរិភោគ ទទួលទាន​រាល់ថ្ងៃ មានដូចជា ទឹក​សុទ្ធ​ម៉ាក​អេ​វី​យ៉ង់​( Evian) , ស្រា​បៀរ​ម៉ាក កូ​រ៉ូ​ណា​(Corona), កាហ្វេ សាច់​ប៉ា​តេ និងម្រេច រួមទាំង​ផលិត​មួយចំនួនទៀត​ដែល​កំពុងតែ​ចរាចរ​នៅលើ​ទីផ្សារ ត្រូវបាន​គណៈកម្មាធិកា​រ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បង្ហាញថា មាន​វេច​ខ្ចប់​ខុសច្បាប់ និង​ក្លែងក្លាយ ដែល​បង្ក​ហានិភ័យ​ដល់​សុខភាព និង​អាយុជីវិត​ប្រជាពលរដ្ឋ​។​

​​ការបង្ហាញ​ផលិតផល​ក្លែងក្លាយ​ទាំងនេះ ដោយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំងផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់ មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​) នៅក្នុង​សន្និសីទកាសែត​ស្តីពី​លទ្ធផល នៃ​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ចំនួន​បួន​ករណី​កន្លងទៅ ដែល​គណៈកម្មាធិការ​បា​ន​រឹប​អូស​​ជា​វត្ថុតាង​ចំនួន ៨៨​តោន កាលពី​រសៀល​ថ្ងៃទី​៦ខែសីហា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រ​សួ​មហាផ្ទៃ​។

នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​
​ផលិត​ក្លែងក្លាយ​ដែល​សមត្ថកិច្ច​បង្ក្រាប​នាពេល​កន្លងមកនេះ (​រូប​ថ​តៈ មុនី​រ័ត្ន​)

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មា​ធិការ​​​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ថ្លែងថា ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើសពាក់ព័ន្ធ​ផលិតផល​ក្លែង​ក្លាយ បាន​ចំនួន​៤​ករណី ជា​បន្តបន្ទាប់​នាពេល​ថ្មីៗ​នេះ រួមមានៈ ១.​កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៨ ក្រុម​ប្រតិបត្តិការ​ពិសេស នៃ​គណៈកម្មាធិការ​បាន​ចុះបង្ក្រាប​ករណី​បើក​សិប្បកម្ម​កាហ្វេ​ក្លែងក្លាយ និង​ខុសច្បាប់ នៅ​ភូមិ​ឌួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ដកហូត​វត្ថុតាង​១០​មុខ ស្មើនឹង​ប្រាំពីរ​តោន ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។ ២.​កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨ ក្រុម​ប្រតិបត្តិការ​ពិសេស នៃ​គណៈកម្មាធិការ បាន​ចុះបង្ក្រាប​ទីតាំង​ប៉ា​តេ នៅ​ផ្លូវលំ​(២០០៤) សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដកហូត​វត្ថុតាង​១៤​មុខ ដ្មើ​នឹង​ប្រាំ​តោន​។ ៣.​កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨ បង្ក្រាប​ករណី​សិប្បកម្ម​ផលិត​ម្រេច និង​កាហ្វេ មិន​អនុលោម​តាមច្បាប់ ស្ថិតនៅ​នៅ​សង្កាត់ផ្សារ​ដើម​គរ ខណ្ឌទួលគោក ដកហូត​វត្ថុតាង​១៣​មុខ ស្មើនឹង​១៨​តោន​។ ៤.​កាលពី​ថ្ងៃទី​២០-២១ ខែកក្កដា ក្រុម​ប្រតិបត្តិការ​ពិសេស នៃ​គណៈកម្មាធិការ​បាន​ចុះបង្ក្រាប​ការនាំ​ចូល ផលិត​និង​វេច​ខ្ចប់​ក្លែងក្លាយ និង​ខុសច្បាប់ នូវ​ផលិតផល​ទឹក​ម៉ាក Saint Amand ទឹក​សុទ្ធ​ម៉ាក Evian ស្រា​បៀរ​ម៉ាក Corona និង​ផលិតផល​មួយចំនួនទៀត នៅ​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ដកហូត​វត្ថុតាង១៣​មុខ ស្មើនឹង​៥៨​តោន​។ លោក​បានបញ្ជាក់​វត្ថុតាង​ដែល​ដកហូត​ទាំង​៤​ករណី ខាងលើនេះ មានចំនួន​សរុប ៨៨​តោន​។

មាន​វេច​ខ្ចប់​ខុសច្បាប់​-​ក្លែងក្លាយៈ​ទឹក​សុទ្ធ អេ​វី​យ៉ង់​, ស្រា​បៀរ កូ​រ៉ូ​ណា , កាហ្វេ សាច់​ប៉ា​តេ និង​ម្រេច
សរុប​៨៨​តោន

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់ថា ការបង្ក្រាប​ពី​ដើមឆ្នាំ​រហូតមកដល់​ពេលនេះ គឺ​ចន្លោះ​ពី​៣០​ទៅ​៤០​ករណី ដកហូត​វត្ថុតាង​រាប់រយ​តោន និង​ឃាត់​មនុស្ស​លើសពី​១០​នាក់ ហើយ​តុលាការ​បានដាក់​ទោ​សប​ញ្ជូ​ន​ទៅ​ពន្ធនាគារ​ពី​៨​ទៅ​៩​នាក់​។​
​លោក​បាន​បន្តថា ចំពោះ​ប្រតិបត្តិ​ការបង្ក្រាប​នេះ គឺ​ក្រុម​ប្រតិបត្តិការ​ពិសេស នៃ​គណៈកម្មាធិការ​បានធ្វើ​ឡើង​តាម​បណ្តឹង​របស់​ណ្តា​ក្រុមហ៊ុន​ដើម ដោយបាន​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ស្រាវជ្រាវ​ស៊ើប​អង្កេត​អំពី​បទល្មើស​ផលិតផល​ក្លែងក្លាយ និង​ខុសច្បាប់ រហូត​ឈានទៅដល់ធ្វើការ​បង្ក្រាបបាន​ជោគ​ជ័យ ព្រម​ទាំង​ដកហូត​នូវ​វត្ថុតាង​ជាច្រើន​។​

​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​លើកឡើងថា “​នេះ​គឺជា​សារ​មួយ​គឺជូន​ដល់​ជន​ទុច្ចរិត បើសិនជា​ពួកគេ​នៅតែ​មានគំនិត​ទុច្ចរិត បង្ក​នូវ​មហន្តរាយ​ដល់​សុខា​មាល​ភាព អាយុជីវិត​ប្រជាពល​រដ្ឋ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ល​ក្លែងក្លាយ​និង​បន្តសកម្មភាព​បង្ក្រាប​ចាប់​ជនល្មើស​យកទៅ​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន ដោយ​គ្មាន​ការយោគយល់​ឡើយ​”​។​

​យោងតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ឆ្នាំ​២០១៨ របស់​គណៈកម្មា​ធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​បង្ហាញថា ការទប់ស្កាត់​និង​បង្ក្រាបផលិតផល​ក្លែងក្លាយ នៅក្នុង​ឆ្នាំ​២០១៧ បាន​បង្ក្រាប​បទល្មើស​ចំនួន ១៩​ករណី រួមមានៈ បទល្មើស​នាំចូល ស្តុក​ទុក ផលិត កែច្នៃ ចែក​ចាយ គ្រឿងសម្អាង​ក្លែងក្លាយ​-​ខុសច្បាប់ សារ​ធាតុគីមី​ខុសច្បាប់ សាច់សត្វ​ខូចគុណភាព ទឹកស៊ីអ៊ីវ ទឹកសៀង ទឹកម្ទេស ទឹកខ្មេះ ប្រេងខ្យង​… គ្មាន​ស្តង់ដា និង​គ្មានអនាម័យ​​​។ រឹបអូស​បាន​វត្ថុតាង​សរុប ៥៧៩,៥​តោន ឃាត់ខ្លួន​មនុស្ស​ចំនួន​០៦​នាក់ បញ្ជូនទៅ​តុលាការ​។ វត្ថុតាង​ជា​ផលិតផល​គ្រឿង​​សម្អាង​ក​ក្លែងក្លាយ​-​ខុសច្បាប់ ចំនួន​៨១​តោន បានធ្វើការ​ក​ម្ទេស​ចោល​កាលពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា ផ្ទៃ​។ ហើយ​ក្រោយមក​ផលិតផល​គ្រឿងសម្អាង​ក​ក្លែងក្លាយ​-​ខុសច្បាប់ ចំនួន​៦០​តោន​ទៀត បាន​កម្ទេចចោល​នៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​៕សរន

មាន​វេច​ខ្ចប់​ខុសច្បាប់​-​ក្លែងក្លាយៈ​ទឹក​សុទ្ធ អេ​វី​យ៉ង់​, ស្រា​បៀរ កូ​រ៉ូ​ណា , កាហ្វេ សាច់​ប៉ា​តេ និង​ម្រេច
សរុប​៨៨​តោន

#