មាន​អ្នកយក​ថ្នាំពុល​ទៅ​ចាក់​ក្នុង​ទឹក​ទើប​បណ្តាលឱ្យ​សត្វ​គោក្របី​អ្នកស្រុក​ងាប់​ជា​បន្តបន្ទាប់

1311
ចែករម្លែក

​ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​គេ​បាន​រកឃើញ​មូល​ហេតុដែល​បណ្តាលឱ្យ​គោក្របី​របស់​អ្នកស្រុក​ឆែប​ងាប់​ជា​បន្តបន្ទាប់ ដោយសារ​មាន​អ្នកយក​ថ្នាំពុល​ទៅ​បាច​ក្នុង​ទឹក​ថ្លុក​ដែល​បង្ក​ការ​ងាប់​យ៉ាង​រង្គាល​លើ​សត្វមានជីវិត​ផ្សេងៗ​ជាច្រើន​ទៀត​។​

​ប្រភព​ពត៌មាន​បានឱ្យដឹងថា​ក្នុង​រយៈពេល​ចុងខែ​កុម្ភៈ និង​ដើមខែ​មីនា ឆ្នាំ​២០១៨​នេះ នៅក្នុង​ស្រុក​ឆែប ខេត្តព្រះវិហារ បង្ក​ឲ្យ​មាន​បាតុភាព​ភ្ញាក់ផ្អើល​ខ្លាំង ដោយសារតែ​សត្វ​គោ​របស់​អ្នកស្រុក​ជាច្រើន បាន​ងាប់​ជា​បន្តបន្ទាប់ ដែល​ករណីនេះ ត្រូវបាន​គេ​សង្ស័យថា​បណ្តាលមកពី​ស​ត្វ​គោ​ទាំងនោះ បាន​ស៊ី​ដំណាំ​ដែលមាន​ថ្នាំពុល​។​

​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៨​ថា លោក​បាន​ដឹកនាំ​ក្រុមការងារ​មន្ទីរ​កសិក​ម្ម​ខេត្ត ចុះ​ពិនិត្យ​ដល់​ចំណុច​ត្រពាំង​ដាវ ក្នុងភូមិ​ដង​ផ្លិត ឃុំ​ឆែប​ពីរ ស្រុក​ឆែប ស្ថិតក្នុង​ការដ្ឋាន​ទី​៣​របស់​ក្រុមហ៊ុន​ហេង យូ​។ ជាមួយគ្នានេះ ការពិនិត្យ​របស់​ក្រុមការងារ​ឃើញថា ទីតាំង​នោះ​មាន​ថ្នាំ​សម្លាប់សត្វ​ល្អិត​ពណ៌​ស្វាយ (​ថ្នាំ​សម្លាប់​កណ្តៀរ​) ដែល​បង្ករ​ឱ្យ​សត្វ​គោ​អ្នកស្រុក ក៏ដូចជា​សត្វ​ស្លាប និង​ត្រី​មួយចំនួន​ងាប់​ផងដែរ​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តទៀតថា ថ្នាំពុល​នេះ ត្រូវបាន​ជនល្មើស​ដាក់​សម្រាប់​ចាប់​សត្វ ដាក់​តាម​ទឹក​ដក់​តូចៗ ឫ​ថ្លុក​ដែល​មិនទាន់​រីង ។​លុះ​សត្វ​គោ ឫ​សត្វ​ផ្សេងៗ​ទៀត​បាន​ផឹកទឹក​នោះ ធ្វើឱ្យពុល​ស្លាប់​។

លោក​បាន​បញ្ជាក់ទៀតថា ជាមួយនឹង​វិធានការ​ការពារ កុំ​ឲ្យ​មាន​សត្វ​គោ​អ្នកស្រុក ក៏ដូចជា​សត្វ​ស្លាប​ងាប់​តទៅទៀត ក្រុមការងារ​បាន​សហ​ការ​ជាមួយ​ក្រុមហ៊ុន​ហេង យូ ឈូសឆាយដី​លប់​ទឹក​ដែល​ដក់ នៅ​កន្លែង​ដែលមាន​ថ្នាំពុល ចៀសវាង​មាន​សត្វ​ចុះមក​ផឹកទឹក និង​បាន​ណែនាំ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​យក​សត្វ​ដែល​ងាប់​នោះ ទៅ​បរិភោគ​ឲ្យ​សោះ​។​

លោក ពឹង ទ្រី​ដា បាន​បន្ថែមទៀតថា ប្រហែល​ល្ងាច​នេះ ឫ​ព្រឹកស្អែក​លោក​នឹង​ឱ្យ​ក្រុមការងារ​យក​ខ្សែរ​ទៅ​ហ៊ុំ​ព​ទ្ធ័​ទីតាំង ដែល​បាន​កាយ​ដី​លប់​នេះ ព្រមទាំង​ដាក់​សញ្ញា​ក្បាល​ខ្មោច​ឱ្យ​ប្រជាពលរដ្ឋ​បានដឹង ហើយក៏​បាន​ជំ​រុ​ឲ្យ​អាជ្ញាធរ​ស្រុក​ឆែប ត្រូវធ្វើ​ការស្រាវជ្រាវរ​ក​មុខសញ្ញា​ជនល្មើស ដែល​យក​ថ្នាំពុល​ទៅ​បាច​បណ្តាល​ឲ្យ​សត្វ​ងាប់ យកមក​ផ្តន្ទាទោស​តាមច្បាប់​៕S/

​មាន​អ្នកយក​ថ្នាំពុល​ទៅ​ចាក់​ក្នុង​ទឹក​ទើប​បណ្តាលឱ្យ​សត្វ​គោក្របី​អ្នកស្រុក​ងាប់​ជា​បន្តបន្ទាប់​