មាន​អ្នករត់​ការដោះលែង​លោកស្រី លី អ៊ុ​អេង រឿង​ចេញ​សែក​អត់​សាច់ប្រាក់​ជាង​ជា​៣​លាន​ដុល្លារ​

250

ដោយ​: ឫទ្ធិ​ស័ក្តិ / ភ្នំពេញ​: ប្រភព​ច្បាស់ការ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្ហើប​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា ករណី​លោកស្រី លី អ៊ុ​អេង នាយិកា​ក្រុមហ៊ុន​លី​អ៊ុ​អេង​លី​មី​ធី​ត ដែល​ល្បីល្បាញ​ខាង​រំលោភ​ដីធ្លី​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប​នោះ មាន​អ្នករត់​ការសម្របសម្រួល ដើម្បី​ធានា​ឲ្យ​បាន​នៅក្រៅ​ឃុំ​។ លោកស្រី លី អ៊ុ​អេង អាច​នឹងត្រូវ​ដោះលែង​នៅ​ល្ងាច​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ឬ​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​លោកស្រី លី អ៊ុ​អេង ចេញ​សែក​គ្មាន​សាច់ប្រាក់​ជាង​៣​លាន​ដុល្លារ​អាមេរិក ត្រូវ​លោក ម៉ុង មុនី​សោភា ចៅក្រម​ស៊ើបសួរ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្ដោះអាសន្ន កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​រង់ចាំ​មាន​សេចក្តីសម្រេច​ផ្សេង​។​

​លោកស្រី លី អ៊ុ​អេង ត្រូវបាន​កម្លាំង​ប៉េអឹម​ខេត្តសៀមរាប​ចាប់ខ្លួន កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ការចាប់ខ្លួន​លោកស្រី គឺ​បន្ទាប់ពី​មាន​ដីកា​របស់​តុលាការ ពាក់ព័ន្ធ​នឹង​ការចេញ​សែក​អត់​សាច់ប្រាក់​ក្នុង​ជំនួញ​ដីធ្លី ប្រមាណ​ជា​៣​លាន​ដុល្លារ​។ បន្ទាប់ពី​ចាប់ខ្លួនបាន​ហើយ​សាលាដំបូង​ខេត្តសៀមរាប បាន​ផ្ទេរ​សមត្ថ​កិច្ចចាត់ការ​សំណុំ​រឿងនេះ​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ រួច​បញ្ជូន​លោកស្រី លី អ៊ុ​អេង មក​រាជធានី​ភ្នំពេញ​។​
​ការចាប់ខ្លួន​នេះ​គឺ​អនុវត្តតាម​ដី​បង្គាប់​អោយ​ចាប់ខ្លួន​ដែល​ចេញ​ដោយ លោក ងួន ណា​រ៉ា ចៅក្រម​ស៊ើបសួរ និង​ង​ជា​ប្រធាន​សាលាដំបូង​ខេត្តសៀមរាប​។ ដីការ​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ ក្រោម​ការចោទប្រកាន់​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨​។​

​បើតាម​ដីកា​តុលាការ​មុនពេល​ចាប់ខ្លួន គឺ​លោកស្រី លី អ៊ុ​អេង បានគេច​ខ្លួន​មិន​ទទួលខុសត្រូវ នៅពេលដែល​សមត្ថកិច្ច​បាន​ទៅដល់​គេហដ្ឋាន​របស់លោក​ស្រី​។ ក្រៅពី​សំណុំ​រឿងនេះ នៅមាន​ប្រជាពលរដ្ឋ​ចំនួន ០៨​គ្រួសារ បាន​ចោទ​លោកស្រី លី អ៊ុ​អេង ថា បាន​រំលោភ​យក​ដី​របស់​ពួកគាត់​ប្រមាណ​ជាង ១០​ហិកតា នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង និង​ខេត្តសៀមរាប​៕