មាន​អ្នករត់​ការយក​តំណែង​ស្នងការ​នគរបាល​ខេត្តព្រៃវែង​-​ប៉ៃលិន​-​កំពង់ឆ្នាំង​

1515
ចែករម្លែក

ដោយៈ ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈ តំណែង​ស្នងការ​នគរបាល​ខេត្តព្រៃវែង ខេត្តកំពង់ឆ្នាំង និង​ខេត្ត​ប៉ៃលិន កំពុង​តែមាន​អ្នករត់​ការចង់បាន និង​កំពុងតែ​ប្រជែង​គ្នា​រវាង​ក្រុម​អ្នកមាន​ខ្សែ​ទុយោ​នៅក្នុង​ក្រសួងមហាផ្ទៃ​។ ការរត់​យក​តំណែង​ទាំងបី​ខេត្ត​នេះ គឺ​បន្ទាប់ពី​ស្នងការ​ទាំងបី​ខេត្ត ត្រូវបាន​ដាក់​ឲ្យ​ចូលនិវត្តន៍​កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨​តាម​ព្រះរាជក្រឹត្យ​។​

​ប្រភពពី​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​បង្ហើប​ឲ្យ​ដឹងថា ការសម្រេច​តែងតាំង​ស្នងការ​នគរ បាល​ខេត្តព្រៃវែង ខេត្តកំពង់ឆ្នាំង និង​ខេត្ត​ប៉ៃលិន នៅ​មិនទាន់​ចេញ​ជា​ផ្លូវការ​នៅឡើយ​ទេ​។ ប៉ុន្តែ​អាច​ដឹង​តម្រុយ​ខ្លះ​ហើយ ដោយ​មាន​អ្នកខ្លះ​ចង់បាន​រហូត​រត់ការ​ឡើង​ស័ក្តិ​ដើម្បី​ឲ្យ​ស័​ក្ត​សម​នឹង​ង​តំណែង​ស្នងការ​។​

​ប្រភពព័ត៌មាន​ដែល​គួរ​ឲ្យ​ទុកចិត្តបាន​បង្ហើប​ប្រាប់​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​១៨ ខែតុលា ថាទោះជាមានអ្នក​រត់ការដូចនេះក្តីក៏ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សេង សុគន្ធ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​ទំនងជានឹង​ទៅ​កាន់​​​តំណែង​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ជំនួស លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជា ចាន់​ឌិន ដែល​ត្រូវ​ចូល​និវត្ត​។  លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ព្រុំ សន្ធរ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ នឹង​ទៅកាន់​តំណែង​ជា​ស្នងការ​នគរ បាល​ខេត្តព្រៃវែង ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្រេង ជា ដែល​ត្រូវ​ចូល​និវត្ត​។​ចំណែកខេត្តកំពង់ឆ្នាំង​ពុំទាន់​ច្បាស់នៅឡើយ។

​ស្នងការ​នគរបាល​ខេត្ត​ចំនួន​បី​រូប ដែល​ចូល​និវត្ត គឺ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ខេត្តព្រៃវែង និង​ខេត្តកំពង់​ឆ្នាំង​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២៩​ខែកញ្ញា​ឆ្នាំ​២០១៨​ដែល​ទើបតែ​បាន​ធ្លាក់​ដល់ដៃ​អ្នកកាសែត​កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​។​

​យោងតាម​ព្រះរាជក្រឹត្យ​បាន​ឲ្យ​ដឹងថា ស្នងការ​នគរបាល​ទាំងបី​រូប ដែល​ត្រូវដាក់​ឲ្យ​ចូល​និវត្ត មានដូចជាៈ ១. លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្រេង ជា ស្នងការ​នគរបាល​ខេត្តព្រៃវែង​។ ទី​២. លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន និង​ទី​៣. លោក​ឧ​ត្ត​ម​សេនីយ៍ ឡុ​ច វណ្ណា​រ៉ា ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​។​ចំណែក​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ចំនួន​១៩​រូប​ផ្សេងទៀត​ក៏ត្រូវ​បានដាក់​ឲ្យ​ចូល​និវត្ត​ដែរ​៕សរន

​ឧ​ត្ត​ម​សេនីយ៍​ទោ ស្រេង ជា ស្នងការ​នគរបាល​ខេត្តព្រៃវែង​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​
​លោក​ឧ​ត្ត​ម​សេនីយ៍ ឡុ​ច វណ្ណា​រ៉ា ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង
#