មាស​ឡើងថ្លៃ ផ្សារ​ហ៊ុន​ចលាចល ខណៈ​រដ្ឋាភិបាល​អាមេរិក​បន្ត​បិទ​

577
ចែករម្លែក

​ថ្លៃ​មាស​ឡើង​នៅ​ចុងឆ្នាំ​២០១៨ ខណៈ​ចលាចល​នៅ​ផ្សារភាគហ៊ុន​បន្ត​កើតមាន ចំពេល​រដ្ឋាភិបាល​អាមេរិក​បិទ​និង​ការព្រួយបារម្ភ​អំពី​ទស្សនវិស័យ​សំរាប់​តំរូវការ​នៅ​ឆ្នាំ​​ក្រោយ ដែលជា​ហេតុនាំអោយ​មាស​ឡើងថ្លៃ​ដល់​កំរិត​ខ្ពស់បំផុត​ក្នុង​រយៈពេល​៦​ខែ​មកនេះ​។​

​មានបាន​ឡើង​០,២​ភាគរយ​ដល់​១.២៧១,៣៦​ដុល្លារ​ក្នុង​មួយ​អោន ដែល​កំរិត​ថ្លៃ​បំផុត​ចាប់តាំងពី​ខែមិថុនា មុន​ចុះមក​នៅត្រឹម​១.២៦៨,១៣​ដុល្លារ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២៦​ធ្នូ​នៅ​សិង្ហ​បុរី​។​

​ពួក​អ្នកវិនិយោគ​បាន​ងាក​ចេញពី​ការ​ប្រឈម​ហានិភ័យ​ចំពេល​មាន​សញ្ញា​រដ្ឋាភិបាល​មិន​ដំណើរការ​នៅ​ក្រុង​វ៉ាស៊ីនតោន ជាមួយនឹង​ប្រភព​គួរអោយ​ព្រួយបារម្ភ​ជាច្រើន​​រួមមាន​ការប្រឈមមុខ​របស់​ប្រធានាធិបតី​ត្រាំ​នឹង​ប្រធាន​ធនាគារកណ្តាល​អាមេរិក ភាពទាល់ច្រក​អំពី​ថវិកា និង​ផលវិបាក​បណ្តាលមកពី​ការលាឈប់​របស់​រដ្ឋមន្ត្រី​ការ​​ពារ​ជាតិ ជី​ម ម៉ា​តទី​ស​។​

​ប្រាំបួន​ក្នុងចំណោម​ក្រសួង​១៥​របស់​រដ្ឋាភិបាល​សហ​ព័ន្ធ​អាមេរិក និង​ទីភ្នាក់ងារ​រាប់សិប​ទៀត បាន​បិទទ្វារ​កាលពី​ថ្ងៃ​សៅ​រិ៍​ក្រោយពី​លោក​ត្រាំ​មិន​ព្រម​ចុះហត្ថលេខា​លើ​​ពង្រាងច្បាប់​ថវិកា​មួយ​ដែល​មិន​រួមបញ្ចូល​លុយ​សំរាប់​សាងសង់​របង​តាម​ព្រំដែន​ខាងត្បូង​។​

​ផ្សារ​ហ៊ុន​នៅ​ពាសពេញ​អាស៊ី​បន្ត​ធ្លាក់​ថ្លៃ​ផងដែរ ដោ​យស​ន្ទ​ស្សន៍​ហ៊ុន Straits Times Index​នៅ​សិង្ហ​បុរី​ធ្លាក់​១,៤៣​ភាគរយ​។ Nikkei ជប៉ុន​ធ្លាក់ចុះ​ទាប​បំផុត​ក្នុង​រយៈពេល​២០​ខែ​មកនេះ​កាលពី​ថ្ងៃ​អង្គារ ខណៈ​ផ្សារ​ហ៊ុន​នៅ​អូស្ត្រាលី​និង​ហុងកុង​បាន​បិទទ្វារ​សំរាប់​ថ្ងៃបុណ្យ​៕​ដោយ​៖​វាសនា​