មាស សុជាតិ ប្រកួត​ដណ្ដើម​ប្រាក់​លាន​ប្រចាំខែ​ជាមួយ គឹម វាសនា​

1453
ចែករម្លែក

ភ្នំពេញ​: លើស​ង្វៀន​ហ្គេ​ន​ស្ប៊ើ​ក​របស់​អាស៊ីអាគ្នេយ៍ យប់​ថ្ងៃទី​២៩​កក្កដា អ្នក​ប្រដាល់​ជើង​ខ្លាំង មាស សុជាតិ ក្លិប​ក្រុង​ប៉ោយប៉ែត នឹង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ គឹម វាសនា ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ដណ្ដើម​ប្រាក់ ១.០០០​ដុល្លារ តែ​សម្រាប់​អ្នកចាញ់​បាន ៣០០​ដុល្លារ​។​

​សុជាតិ ជាង​១០​ប្រកួត​ចុងក្រោយ​នេះ គេ​មិនដែល​ប្រកួត​ចាញ់​ឡើយ មិនតែប៉ុណ្ណោះ​ការប្រកួត​ភាគច្រើន​គេ​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​មុន​ទឹក​ទី ៥​ទៀតផង​។ គេ​ជា​អ្នក​ប្រដាល់​មហា​កម្លាំង​មាន​កណ្ដាប់ដៃ​ធ្ងន់ និង​ការ​ទាត់​ចេញ​របស់គេ​ក៏​ធ្ងន់​ដែរ​។ អ្នក​ប្រដាល់​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន ៦៥​ដង ឈ្នះ​៥៩​ដង និង ចាញ់ ៦​ដង​។​

​ចំពោះ គឹម វាសនា គេ​ជា​អ្នក​ប្រដាល់​ដែលមាន​កែង និង​ជង្គង់​រហ័ស តែ​អ្នក​ប្រដាល់​រូបនេះ ប្រសិនបើ​វាយ​គេ​ឲ្យ​មាន​របួស​នោះ គេ​ហាក់ដូចជា​ចង់​ភ័យខ្លាច​គូប្រកួត​វាយ​ឲ្យ​របួស​វិញ​។ អ្នក​ប្រដាល់​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន ៥៥​ដង ឈ្នះ​៤៥​ដង ចាញ់​៩​ដង និង​ស្មើ​ពិន្ទុ ១​ដង​។ ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង ២​រូបនេះ មិនដឹងថា នរណា​ជា​អ្នកឈ្នះ​នោះទេ​។​

​គូប្រកួត​អម​ជា​លក្ខណៈ​អន្តរជាតិ​វិញ​នោះ ឡៅ ចិ​ត្រា ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ផា យ៉ាក​ណ​យ (Pha Yaknoy) ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៥៧​គីឡូក្រាម​។​

​សម្រាប់​គូ​នេះ គេ​មាន​ជំនៀ​ចិត្ត​ថា ចិ​ត្រា មានឱកាស​ឈ្នះ​ច្រើនជាង​។ ចិ​ត្រា មាន​ប្រវត្តិ​ប្រកួត​ចំនួន ៥៣​ដង ឈ្នះ ៤៧​ដង ចាញ់​៤​ដង និង​ស្មើ​ពិន្ទុ ២​ដង​។ ចំពោះ​អ្នក​ប្រដាល់​ថៃ ផា យ៉ាក​ណ​យ វិញ​មាន​ប្រវត្តិ​ប្រក​យ​ត​ចំនួន ៨៣​ដង ឈ្នះ​៦៩​ដង ចាញ់​១៣​ដង ស្មើ​ពិន្ទុ ១​ដង​។ នរណា​ជួប​សំណាងល្អ​?

​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ម៉ន ព្រំ​ម៉ាញ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ក្នុង​ប្រភេទ​ទម្ងន់ ៦០​គីឡូក្រាម​។​

​វ៉ាន់ វឿន ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ម៉ុ​ត ខ្លឹម​ស ក្លិប​រិទ្ធី​ពោធិ៍​សែន​ជ័យ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​៕ ដោយ​៖ រ៉ូ​ហ្សា​

#