មិត្តស្រី​និង​ម្តាយ​របស់​គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ​ចូលរួម​អបអរ​ព័រ​ទុយ​ហ្គា​ល់ ដែល​ឈ្នះ​ពាន UEFA Nations League

801
ចែករម្លែក

​នាង ច​ច​ជី​ណា រ៉ូ​ឌ្រី​ហ្គេ​ស (Georgina Rodriguez) បាន​ទស្សនា​ពី​កន្លែង​អង្គុយ ខណៈ​មិត្ត​ប្រុស​គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ ឈ្នះ​ពាន​ជាមួយ​ជម្រើសជាតិ​ព័រទុយហ្កាល់​នៅឯ​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Nations League កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​៩​មិថុនា​។​

​រ៉ូ​ណា​ល់​ដូ​បាន​ក្រេប​ស្រា​ពី​កែវ​យក្ស​ខណៈ​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​រូបនេះ​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​របស់គាត់​យ​ក​ឈ្នះ​លើ​ក្រុម​ហូ​ឡង់ ១-០ នៅ​ចំពោះមុខ​ក្រុម​អ្នកគាំទ្រ​នៃ​ប្រទេស​ទាំងពីរ​នៅឯ​កីឡដ្ឋាន Estadio do Dragao របស់​ក្លិប Porto​។​

​ដោយ​ទស្សនា​ចេញពី​កន្លែង​អង្គុយ​ឯកជន​របស់​នាង នាង​ច​ច​ជី​ណា​អាយុ​២៥​ឆ្នាំ​បាន​ទាក់ទាញ​ក្រសែភ្នែក​អ្នក​នៅ​ជុំវិញ​ជាមួយ​ឈុត​អាវធំ​ពណ៌​ស​ស្រស់ស្អាត​អមដោយ​កាបូប​ស្បែក​ពណ៌​ដូចគ្នា ខណៈ​រ៉ូ​ណា​ល់​ដូ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​របស់គាត់​នៅលើ​ទីលាន​។​

​តារា​បង្ហាញ​ម៉ូត​អេ​ស្ប៉ា​ញ​រូបនេះ​បាន​អង្គុយ​ទស្សនា​ជាមួយ​កូនប្រុស​ច្បង​របស់​រ៉ូ​ណា​ល់​ដូ​អាយុ​៨​ឆ្នាំឈ្មោះ គ្រី​ស្ទា​ណូ ជេ​អា និង​ម្តាយ​មោទនភាព​របស់​ខ្សែប្រយុទ្ធ Juventus រូបនេះ ឈ្មោះ ម៉ា​រី​យ៉ា ដូ​ឡូ​រ៉េ​ស ដូ​ស សាន់​តូ​ស អា​វ៉េ​រ៉ូ​។

​គួរបញ្ជាក់​ថា​នេះ​គឺជា​ពាន​ទី​ពីរ​ហើយ ដែល​រ៉ូ​ណា​ល់​ដូ​លើក​ជាមួយ​ព័រ​ទុយ​ហ្គា​ល់ បន្ទាប់ពី​ជួយ​ជម្រើសជាតិ​ខ្លួន​ឈ្នះ​ពាន Euro ឆ្នាំ​២០១៦៕ ដោយ៖ កញ្ញាដាលីស

#