មិត្ត​ចាស់​ខាន​ជួបគ្នា​១៨​ឆ្នាំ មក​សម្តែង​រួមគ្នា​លើក​នេះ លោក​ល្វី​ស​គូ​ធ្វើឱ្យ​តួ​ស្រី ជេស​ស៊ីកា របួស​កដោយ​ចៃដន្យ​ក្នុង​ឈុត​វ៉ៃតប់​

338
ចែករម្លែក

​វា​មាន​រយៈពេល ១៨ ឆ្នាំ​ហើយ​ចាប់តាំងពី​តារា​សម្តែង​ហុងកុង ជេស​ស៊ីកា សួន និង ល្វី​ស គូ បានធ្វើការ​ជាមួយគ្នា​។​

​ពេលនេះ​មិត្តភក្តិ​យូរយារ​នេះ​នឹង​ជួបជុំគ្នា​ឡើងវិញ​សម្រាប់​ខ្សែភាពយន្ត​រឿង A Witness Out Of The Blue និង ក្នុង​ឈុត​មួយ ល្វី​ស ព្យាយាម​សម្លាប់​ជេស​ស៊ីកា គាត់​បែរ​ធ្វើឱ្យ​នាងរង​របួស​កដោយ​ចៃដន្យ​ទៅវិញ​។​

​នាង​ជេស​ស៊ីកា​អាយុ ៤៩ ឆ្នាំ​ដើរតួ​ជា​ម្ចាស់​ផ្ទះជួល​របស់​ល្វី​ស ដែល​ភ្នែក​មើល​ពុំ​សូវ​ច្បាស់ ចំណែក​ហើយ​លោក​ល្វី​ស​អាយុ ៤៨ ឆ្នាំ​ដើរតួ​ជា​ចោរលួច​គ្រឿងអលង្ការ ដែល​សង្ស័យ​នាង​ជេស​ស៊ីកា​តេ​ហៅ​ប៉ូលិស​តាម​ចាប់គាត់​។ ហេតុដូច្នេះ គាត់​បាន​រង់ចាំ​ឱ្យ​នាង​ដើរ​ចេញពី​ទ្វារផ្ទះ មុនពេល​យក​អាវ​ក្រៅ​គ្រប​លើ​ក្បាល​នាង ហើយ​បោក​ខ្ទប់​នឹង​ជញ្ជាំង​ឱ្យស្លាប់​។​

​ខណៈ​ជេស​ស៊ីកា​ធ្លា​ប់រៀន​ក្បាច់គុន​ដែរនោះ នាង​បាន​សម្រេចចិត្ត​សម្តែង​ឈុត​វាយតប់​ដោយ​ខ្លួន​នាង​។ នាង​បាន​ប្រាប់​សារព័ត៌មាន Shin Min Daily News ថា “​អ្នកដឹកនាំ​រឿង និង​លោក​ល្វី​សបាន​ណែនាំ​ឱ្យ​ខ្ញុំ​សម្តែង​ឈុត​វ៉ៃតប់​ដោយ​ខ្លួន​ខ្ញុំ ហើយ​ខ្ញុំ​សង្ឃឹម​ធ្វើ​វា​បាន​ក្នុង​ឈុត​នេះ​”​។​

​នាង​បាន​រងរបួស​ក​ក្នុង​ការថត​ឈុត​នេះ តែ​មិន​ធ្ងន់ធ្ងរ​ទេ ហើយ​តារា​សម្តែង​រូបនេះ​បានជា​សះស្បើយ​ពី​កន្លែង​របួស បន្ទាប់ពី​បាន​ស្អំ​ទឹកកក​និង​ជួប​គ្រូពេទ្យ​។​

​វិជ្ជាជីវៈ​សម្តែង​របស់​នាង​បានធ្វើឱ្យ​សហសេវិក​របស់​នាង​គឺ​លោក​ល្វី​ស​កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​ស្នាមញញឹម​និង​ការតាំង​ចិត្ត​របស់​នាង​។​

​លោក​ល្វី​សបាន​ប្រាប់​កាសែត​ដដែល​ថា “​ខ្ញុំ​បាន​ប្រាប់​ជេស​ស៊ីកា​ថា​នាង​គួរតែ​ស្រែក​ឱ្យគេ​កាត់​ប្លង់​នេះ​ចោល ប្រសិនបើ​នាង​មាន​អារម្មណ៍​ថា​នាង​មិនអាច​ធ្វើ​វា​បានទេ​នោះ​។ នៅ​ចុងបញ្ចប់ នាង​បាន​អត់ធ្មត់​នឹង​ការឈឺចាប់​ហើយ​នាង​បាន​ថត​ឈុត​នេះ​ដល់​ចប់​។ នាង​មាន​វិជ្ជាជីវៈ​ខ្ពស់​ណាស់​”៕ ដោយ៖ កញ្ញាដាលីស

លោក​ល្វី​ស គូ និង​នាង​ជេស​ស៊ីកា ថត​រឿង​ថ្មី​ជាមួយគ្នា​សម្រាប់​ឆ្នាំ ២០១៩