មិត្ត​ហ្វូ​ន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​ក្រសួង​អប់រំ​សហការ​លើ​«​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​អប់រំ​»

107
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​មិត្ត​ហ្វូ​ន​និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​លើ​កិច្ចសហការ​«​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​អប់រំ​»​។​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU)​នេះ កាលពី​រសៀល​ថ្ងៃទី ២៥ ខែមីនា ឆ្នាំ​២០២០​នៅ​ទីស្តីការក្រសួង​អប់រំ​យុវជន​និង​កីឡា​(MoEYS)​។​ក្នុង​ថ្ងៃ​ជាមួយគ្នានេះដែរ​តំណាង​មិត្ត​ហ្វូ​ន​និង​មន្ទីរអប់រំ​យុវជន​និង​កីឡា​២៥​រាជធានី​ខេត្ត​ក៏បាន​ចុះ​MOU​ជាមួយគ្នា​ដែរ​ដែលមាន​ការផ្សាយ​ផ្ទាល់​តាមរយៈ​វីដេអូ​ខន់​ហ្វើ​រ៉ិ​ន​។​

​បណ្ឌិតសភា​ចា​រ្យ​ហង់​ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡាបាន​អញ្ជើញ​ចូលរួម​ក្នុងការ​ចុះហត្ថលេខា​នេះ​ផងដែរ​។​កិច្ចសហការ​នេះ​ជា​ភាពជោគជ័យ​មួយ​បន្ថែមទៀត​នៃ​កម្មវិធី​“​អ៊ី​ន​ធើ​ណិ​ត​សម្រាប់​សាលារៀន​”​ដែល​បាន​សហការ​អនុវត្ត​នាពេល​កន្លងមក​ក្នុងការ​ផ្ដល់​អ៊ី​ន​ធើ​ណិ​ត​ឥតគិតថ្លៃ​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ សាកលវិទ្យាល័យ និង​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា​។

​ការផ្ដល់​អ៊ី​ន​ធើ​ណិ​ត​និង​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​នៅ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​សាលារៀន​គឺជា​ផ្នែក​មួយ​នៃ​ការ​ខឹ​ត​ខំប្រឹងប្រែង​ក្នុងការ​ផ្លាស់ប្ដូរ​បរិបទ​ការងារ​និង​ការសិក្សា​មក​ប្រព័ន្ធ​ឌីជីថល​និង​រដ្ឋាភិបាល​អេឡិចត្រូនិក​(eGovernment)​ស្របតាម​ការវិវត្ត​នៃ​បច្ចេកវិទ្យា និង​ឧស្សាហកម្ម ជំនា​ន់ទី​៤​។​

​ជាមួយនឹង​បេសកកម្ម​ក្នុងការ​រួមចំណែក​លើក​កម្ពស់​គុណភាព​អប់រំ​នៅ​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​សហការ​ជាមួយ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ព្រមព្រៀងគ្នា​ដើម្បី​ពង្រីក​ការផ្តល់សេវា​អ៊ី​ន​ធើ​ណិ​តដល់​សាលារៀន​សាធារណៈ​ចាប់ពី​ឆ្នាំ​២០២០​នេះ​តទៅ​។​ក្រោម​គម្រោង​ឈ្មោះ​“​អ៊ី​ន​ធើ​ណិ​ត​សម្រាប់​សាលារៀន​”​រហូតដល់​ទៅ​៣.០០០​សាលារៀន​ទូទាំងប្រទេស​និង​គាំទ្រ​ដល់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដើម្បី​កសាង​មជ្ឈមណ្ឌល​ទិន្នន័យ​និង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​រយៈពេល​៥​ឆ្នាំ​ខាងមុខ​ទៀត​។​

​លើសពីនេះ​ជាមួយនឹង​គោលដៅ​នៃ​ការកសាង​សង្គម​ឌីជីថល​ជាពិសេស​ប្រព័ន្ធ​អប់រំ​ឆ្លាត​វៃ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​នឹង​សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដើម្បី​អនុវត្ត​ដំណោះស្រាយ​បច្ចេកវិទ្យា​ក្នុង​វិស័យ​អប់រំ​រួមមាន​៖-​ការដាក់​ពង្រាយ​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​អប់រំ​(EMIS)​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​សិស្ស​(​កម្រិត​ម​ត្តេ​យ្យ​បឋមសិក្សា​អនុវិទ្យាល័យ​និង​វិទ្យាល័យ​)​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សៀវភៅ​អេឡិចត្រូនិក ប្រព័ន្ធ e-Government និង​ប្រព័ន្ធ​ឌីជីថល​ផ្សេងៗ​ទៀត​ក្នុងការ​ដោះស្រាយ​នានា​។​

-​ការអនុវត្ត​វគ្គ​បណ្តុះបណ្តាល និង​សិក្ខាសាលា​នៅ​ថ្នាក់​ក្រសួង និង​តាម​បណ្តា​រាជធានី ខេត្ត​នានា លើ​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​បម្រើ​រដ្ឋបាល​អ​ប់​រំ​និង​ការសិក្សា​។​-​ផ្តល់ជូន​ការប្រើប្រាស់​ទិន្នន័យ​ដោយ​ឥតគិតថ្លៃ​រហូតដល់​បំណាច់​ឆ្នាំ​២០២០​សម្រាប់​សិស្សានុសិស្ស​ទាំងអស់​ដែល​បាន​ចូលទៅ​កាន់​គេហទំព័រ​eLearning​រួមទាំង​កម្មវិធី​WiKiTV​និង​គេហទំព័រ​eLearning​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។​មិត្ត​ហ្វូ​ន​ក៏បានផ្តល់​ការបញ្ចុះ​តម្លៃ​អ៊ីនធឺណិត​៥០​ភាគរយ​សម្រាប់​ការភ្ជាប់​លើកដំបូង​ដល់​គ្រូ​និង​អាណាព្យាបាល​សិស្ស​ទូទាំងប្រទេស​ដែល​បាន​ភ្ជាប់​អ៊ីនធឺណិត​ចាប់ពី​ខែមីនា​ឆ្នាំ​២០២០​បន្ទាប់ពី​សាលា​ទាំងអស់​ត្រូវបាន​បិទ​ដោយសារតែ​វីរុស​កូ​វីដ​១៩​។

​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​មាន​ទំនុកចិត្ត​ក្នុងនាម​ជា​ប្រតិបត្តិ​ករ​មួយ​ដែល​កំណត់​ក្នុងការ​អនុវត្ត​គម្រោង​នេះ ឱ្យបាន​ជោគជ័យ​ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ដ៏​ធំ​បំផុត​របស់​ក្រុមហ៊ុន នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ស្ថានីយ៍​ផ្សាយ​សេវា​ជាង​១១.០០០​អង់​តែ​ន​ខ្សែកាប​អុ​ប​ទិ​ក​២៣.០០០​គីឡូម៉ែត្រ​ដែល​គ្របដណ្ដប់​តំបន់​លំនៅដ្ឋាន​ទាំងអស់​និង​ការផ្តល់​សេវាកម្ម​ទូរស័ព្ទ​ចល័ត​ដល់​ប្រជាជន​កម្ពុជា​ជិត ៩ លាន​នាក់​។


​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​គម្រោង​នេះ​ក្នុង​ការគាំទ្រ​ការអប់រំ​បែប​ឌីជីថល​រួមចំណែក​ក្នុងការ​កែលម្អ​គុណភាព​និង​ការលើកកម្ពស់​ចំណេះដឹង​និង​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន សម្រាប់​សិស្ស​និស្សិត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បន្ត​សហការ​ជាមួយ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ជា​ដៃគូ​យុទ្ធសាស្ត្រ​រយៈពេល​វែង​ក្នុងការ​លើកកម្ពស់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ទូរគមនាគមន៍​និង​ព័ត៌មាន​នៅ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​សាលារៀន​ទាំងអស់​របស់ខ្លួន​ផងដែរ​។​ជាការ​ឆ្លើយតប​លោក​ហ្វុ​ង​វ៉ាន់​គឿង​អគ្គនាយក​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដែល​បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​គាំទ្រ​និង​អនុវត្ត​គម្រោង​នេះ ។​


​លោក​បាន​គូសបញ្ជាក់ថា​៖“​គម្រោង​នេះ​គឺជា​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​និង​គ្រប់​កម្រិត​រវាង​ក្រសួង​អប់រំ​និង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​និង​ជាពិសេស​រវាង​នាយកដ្ឋាន​អប់រំ​ក្រោម​ក្រសួង​ជាមួយ​សាខា​មិត្ត​ហ្វូ​ន​២៥/២៥​ខេត្ត​ក្រុង​ទូទាំងប្រទេស​។​ជាថ្មី​ម្តងទៀត​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បញ្ជាក់​ពី​ចក្ខុវិស័យ​ដ៏​មុតមាំ​របស់​យើង​ក្នុងការ​វិនិយោគ​លើ​ការអប់រំ​នៅ​កម្ពុជា​ដែលជា​ការប្តេជ្ញាចិត្ត​ដ៏​សំខាន់​របស់​ពួកគេ​ក្នុងការ​នាំយក​នូវ​ដំណោះស្រាយ​លំដាប់​ពិភពលោក​មក​ប្រទេស​កម្ពុជា​ដែល​ត្រូវបាន​បញ្ជាក់​និង​ទទួលស្គាល់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​”​។​សកម្មភាព​ច្នៃប្រឌិត​ថ្មី​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ត្រូវបានគេទទួលស្គាល់​ថា​អាចជួយ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​និង​អនាគត​អ្នកដឹកនាំ​កម្ពុជា​អាចបំពេញ​នូវ​សក្តានុពល​របស់​ពួកគេ​បាន​។

​វា​ជាការ​ចាប់ផ្តើម​នៃ​ការប្រើប្រាស់​ចំណេះដឹង​និង​ជំនាញ​ព័ត៌មានវិទ្យា​របស់​ពួកគេ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះទៅ​អនាគត​នៃ​ប្រទេស​កម្ពុជា​។​សិស្សានុសិស្ស​ជិត​១​លាន​នាក់​និង​គ្រូបង្រៀន​រួមទាំង​បុគ្គលិក​អប់រំ​ប្រមាណ​១​សែន​នាក់​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​កម្មវិធី​នេះហើយ​សន្យាថា​នឹងធ្វើ​ឱ្យមាន​ភាពលេច​ធ្លោ​យ៉ាងសំខាន់​ក្នុងចំណោម​យុវជន​ទាំងអស់​៕S/

​ចំណងជើង​រូបថត​៖​មិត្ត​ហ្វូ​ន​និង​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង លើ​កិច្ចសហការ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​អប់រំ​»(​រូបៈ​សុផល​)​