មិនគួរ​កើតមាន​ករណី​ឡានធំៗ បង្កបញ្ហា​លើ​ស្ពាន​អ្នក​លឿង​ទៀត​ទេ​!

557
ចែករម្លែក
  • 2
    Shares

កាលពី​រសៀល​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ ឡាន​ស្ទួ​ច​ខ្នាត​យក្ស​មួយគ្រឿង​ត្រូវបាន​ឡាន​មួយ គ្រឿង​ទៀត សណ្តោង ឡើងលើ​ស្ពាន​អ្នក​លឿង ឬ​ស្ពាន​ត្សឹ​បា​សា តែ​ជិត​ដល់​កណ្តាល​ស្ពាន ស្រាប់តែ​ដាច់​ខ្សែ ក៏​រអិល​ថយក្រោយ បុក​បង្កាន់ដៃស្ពាន បណ្តាល​ឲ្យ​ខូច​បង្កាន់ដៃស្ពាន អស់​មួយ​ផ្ទាំង និង​ដែក​ទីប​បង្កាន់ដៃស្ពាន ខូច​អស់​មួយ​ដើម​។ ក្រោយ​កើតហេតុ​អ្នកបើកបរ​ឡាន សណ្តោង​ទាំងពីរ បាន​រត់​បាត់​។​

​នេះ​ពិតជា​សំណាង​ហើយ ព្រោះ​ហេតុការណ៍​ឡាន​ខ្នាត​ធំ រអិល​ថយក្រោយ បុក​បង្កាន់ដៃស្ពាន អ្នក​លឿង​នេះ មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ណា​ម្នាក់​ទេ គ្រាន់តែ​បាក់​ថ្ម​បង្កាន់ដៃស្ពាន តែប៉ុណ្ណោះ​។ ចុះបើ​ឡានធំ​រាប់សិប​តោន​នោះ រអិល​ថយក្រោយ​កិន​សង្កត់​អ្នកធ្វើដំណើរ លើ​ស្ពាន​វិញ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ រងគ្រោះ​? ហើយ​បើសិនជា​ហេតុការណ៍​នោះ បណ្តាល​ឲ្យ​រហូតដល់​បាក់​ស្ពាន​ទៀត តើ​ការខាតបង់ និង​ការបាត់​ដល់​កម្រិតណា​?

​នេះ​ជា​បញ្ហា ដែល​មិនគួរ​កើតឡើង​ទេ​។ កាលពី​ស្ពាន​អ្នក​លឿង​ទើបតែ​បើកសម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​ថ្មីៗ ក៏មាន​ករណី​ឡាន​ខ្នាត​យក្ស ដឹកទំនិញ​លើស​ចំណុះ បើក​ឆ្លងកាត់​ស្ពាន អ្នក​លឿង ហើយ​ឡើង​ស្ពាន​មិន​រួច ក៏​រអិល​ថយក្រោយ តែ​បាន​ព្រូឡាន កល់​កំណល់​ទាន់ពេល គ្រាន់តែ​បង្ក​ការខូចខាត​ផ្លូវ​កៅស៊ូ នៅលើ​ស្ពាន​ប៉ុណ្ណោះ​។ ស្ពាន​អ្នក​លឿង ឬ​ស្ពាន​ត្សឹ​បា​សា ដែល​សាងសង់​ដោយ​រដ្ឋាភិបាល​ជប៉ុន បាន​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ស្ពាន​អ្នក​លឿង​មាន​ប្រវែង ២.២១៥ ម៉ែត្រ ទទឹង ១៣​ម៉ែត្រ កម្ពស់ ៣៧, ៥០ ម៉ែត្រ បាន​ចំណាយ​អស់​ទឹកប្រាក់​ប្រមាណ​ជាង ១២៧​លាន​ដុល្លារ​អាម៉េរិក​។ រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ជំនួយ​សប្បុរ​ស​ធម៌ ក្នុងការ​សាងសង់​ស្ពាន​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ការតភ្ជាប់ ក្នុងការ​ធ្វើដំណើរ រវាង​ប្រទេស​ថៃ កម្ពុជា និង​វៀតណាម​និង​កាត់បន្ថយ​ការចំណាយ​ទៅលើ​ការ ដឹកជញ្ជូន ព្រមទាំង​សន្សំ​ពេលវេលា​ផងដែរ សម្រាប់​បណ្តា​ប្រទេស ដែល​ស្ថិតនៅក្នុង មហា​អនុតំបន់​ទន្លេមេគង្គ​ទាំងមូល (​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា វៀតណាម​ថៃ​និង ខេត្ត​យូ​ណាន​នៃ​ប្រទេស​ចិន​)​។​

​យ៉ាងណាក៏ដោយ ក្រោយ​ហេតុការណ៍ ឡាន​ស្ទួ​ច​ខ្នាត​យក្ស​មួយគ្រឿង ដែល​បាន​បង្ក​ខូច​ខ្នាត បង្កាន់ដៃស្ពាន​យ៉ាងដំណំ កាលពី​រសៀល​ថ្ងៃទី​១៥ ខែមករា ក៏​គួរតែ​មន្ត្រី​ជំនាញ ពិសេស​ប៉ូលិស ចរាចរណ៍ ដែល​ប្រចាំការ នៅ​គល់ស្ពាន​ទាំងសងខាង ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​។ ពោលគឺ​ឡានធំ ផ្ទុកទំនិញ​លើស​ចំណុះ ហើយ​ឡាន​សណ្តោង​ដូច​ករណី​ឡាន​ស្ទួ​ចនេះ គួរតែ​កុំ​ឲ្យ បើកបរ​ឆ្លងកាត់​ស្ពាន​អ្នក​លឿង​ឲ្យ​សោះ​។​

​មន្ត្រី​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គួរតែ​ធ្វើការ​ដោយ​យកចិត្តទុកដាក់​។ ថ្លឹង​ឡាន ត្រឹមត្រូវ មិនមែន​ឡាន​បើក​កាត់ យកតែ​លុយ ហើយ​បណ្តោយ​ឲ្យ​ឡានធំ ឡានតូច ដឹក​លើស​ទម្ងន់ ចេះតែ​បើកបរ​ឆ្លងកាត់​ផ្លូវ និង​ស្ពាន ដោយ​សេរី​នោះទេ​។ ករណី​ឡាន​ដឹក​លើស​ទម្ងន់​នេះ មិន​ត្រឹមតែ​បង្ក​ការខូចខាត​ផ្លូវ​ស្ពាន​ប៉ុណ្ណោះ​ទេ តែ​សំខាន់បំផុត​បង្ក​គ្រោះថ្នាក់​ចរាចរ​ដែល​អាច​ប៉ះ ពាល់​ដល់​អាយុជីវិត​អ្នក​នៅក្នុង​ឡាន​នោះ​ផ្ទាល់​ផង និង​អាយុជីវិត​អ្នកធ្វើដំណើរ ដែល​គ្នា​មិន​ដឹងអី ក៏​អាច​ថា​បានដែរ​។​

​ករណី​ឆ្លងកាត់​ស្ពាន​អ្នក​លឿង បើ​ឡានធំ​ឡានតូច ផ្ទុក​លើស​ចំណុះ ត្រូវ​រើ​ឥ​វ៉ាន់​ចេញ ហើយ​បើ សភាព​ឡាន​ចាស់ បើកបរ​ឡើង​ស្ពាន​មិន​រួច ត្រូវ​រក​មធ្យោបាយ​ផ្ទាល់ ដោយ​ឆ្លង​សាឡាង ដូចដែល​ធ្វើ​កាលពី​មិនទាន់មាន​ស្ពាន​អ្នក​លឿង គឺ​សាឡាង មាន​តើ​។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អាច​ទុក​សាឡាង ២-៣ គ្រឿង ដែល​ធ្លាប់​ចម្លង​អ្នកដំណើរ និង​យានយន្ត​គ្រប់​ប្រភេទ កន្លងមក ដើម្បី​ចម្លង​ឡានធំៗ និង​ឡានក្រុង ដើម្បី​កុំ​ឲ្យ​បើកបរ​ឆ្លងកាត់​ស្ពាន​អ្នក​លឿង ដែល​អាច​នឹង​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​តទៅទៀត​។​

​រីឯ​ឡានធំៗ ដែល​ខូច​សណ្តោង​គ្នា ដូច​ហេតុការណ៍​កាលពី​រសៀល​ថ្ងៃទី​១៥ ខែមករា គឺ​ហាម ដាច់ខាត​តែម្តង​។ គឺ​មិនគួរ​ឲ្យ​បើកបរ​ឆ្លងកាត់​ស្ពាន​អ្នក​លឿង​តទៅ​ទៀតឡើយ​។ បង្វែរ​ទិសដៅ ឡានធំៗ​ទាំងនោះ មក​ឆ្លង​សាឡាង ដើម្បី​កុំ​ឲ្យ​រឿង​ដដែលៗ​នេះ កើតឡើង​ដដែលៗ​តទៅទៀត​។ បើសិនជា​ឡាន​ធុន​ធំ ដឹកទំនិញ និង​ឡានក្រុង​ធំៗ ដឹក​អ្នកដំណើរ និង​ដឹកទំនិញ ភ្នំពេញ​-​វៀតណាម ចៃដន្យ កើតមាន​បញ្ហា ដូចជា​ឡើង​ស្ពាន​មិន​រួច ដោយ​យថាហេតុ​អ្វីមួយ​ហើយ​រអិល​ថយក្រោយ ទៀត​នោះ តើ​ការខូចខាត​ទៅ​ថ្ងៃក្រោយ នឹង​កើតមាន​ទំហំ​ប៉ុណ្ណា​? មនុស្ស​ជិះឡាន​ក្រុង​មួយ​ឡាន យ៉ាងហោច ណាស់ ក៏ ៥០​នាក់ ហើយ​នៅមាន​អ្នកដំណើរ​ម៉ូតូ​ឡាន និង​អ្នក​ឈប់​លើ​ស្ពាន​ថត រូប​ទៀត តើ​ពេលនោះ មហន្តរាយ ដែល​យើង​អាច​បង្ការ​បាន​នេះ នឹង​ក្លាយទៅជា​យ៉ាងណា​?៕ ដោយ​: ម៉េង​ឆៃ​