មិនត្រូវ​បណ្តែតបណ្តោយ​ឱ្យ​កន្លែង​សម្រាក​ព្យាបាល​ណាមួយ​នៅក្រៅ​ច្បាប់​ឡើយ​

988
ចែករម្លែក

​ដោយៈ​បូកគោ​/​កំ​ពតៈ​”​ទាំង​មន្ទីរ​សុខាភិបាល​ទាំង​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្ត​មិនត្រូវ​បណ្តែត​បណ្តោយឱ្យ​គ្រូពេទ្យ​ណា​ម្នាក់ ឬ​កន្លែង​សម្រាក​ព្យាបាល​ណាមួយ​ស្ថិតនៅ​ក្រៅច្បាប់​ឡើយ​”​។ នេះ​ជា​ប្រសាសន៍ ក្រើនរំលឹក​របស់​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​រយៈពេល​២​ឆ្នាំ​របស់​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្តកំពត និង​ខេត្ត​កែប​។​

​ថ្លែង​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពត លោក​ធា គ្រុយ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​បាន​មានប្រសាសន៍ថា​ទាំង​មន្ទីរ​សុខាភិបាល​ទាំង​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្ត​មិនត្រូវ​បណ្តែតបណ្តោយ​ឱ្យ​គ្រូពេទ្យ​ណា​ម្នាក់​ឬ​កន្លែង​សម្រាក​ព្យាបាល​ណាមួយ​ស្ថិតនៅ​ក្រៅច្បាប់​ឡើយ​។​
គ្រប់​គ្រូពេទ្យ​ក៏ដូចជា​កន្លែង​សេវាកម្ម​សុខាភិបាល​ដែល​បើក​ដំណើរការ​អាជីវកម្ម​ជា​លក្ខណៈ​ឯកជន​ចាំបាច់​ត្រូវតែមាន​អាជ្ញាប័ណ្ណ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។

​លោក​រដ្ឋលេខាធិការ​បា​ន​បន្តថា​ការចុះបញ្ជី​ការ​និង​សុំ​អាជ្ញាប័ណ្ណ​ពី​ស្ថាប័ន​ជំនាញ​ករណី​ចម្បង​ដើម្បី​ធានា​ឱ្យបាន​នូវ​ការផ្តល់សេវា​សុខាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព គុណភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់​។ ពិតណាស់ថា​តាម​ការចុះ​អង្កេត​និង​ពិនិត្យមើល​ដោយ​ក្រុមការងារ​ជំនាញ​ឃើញថា​ការផ្តល់សេវា​សុខាភិបាល​ក្នុង​ខេត្តកំពត​ជា​គំរូ​សម្រាប់​បណ្តា​ខេត្ត​ដទៃ​ដែល​កន្លងមក​មិន​ធ្លាប់មាន​បញ្ហា​អវិជ្ជមាន​ណាមួយ​កើតឡើង​តែ​ទាំង​មន្ទីរ​ទាំង​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ត្រូវ​បន្ត​គ្រប់គ្រង​និង​អនុវត្ត​ឱ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​នូវ​ការគ្រប់គ្រង​ផ្នែក​សេវា​សុខាភិបាល​ឯកជន​។

​សូមបញ្ជាក់ថា​ក្នុង​ពិធី​នេះ​ក៏មាន​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្តកំពត និង​ខេត្ត​កែប​ដើម្បី​ដឹកនាំ​ការងារ​សម្រាប់​អាណត្តិ​បន្ត​៕S/​