មិនទាន់​ដល់​ថ្ងៃ​ផង សម រង្ស៊ី អស់​ផ្លូវ​បាត់​ហើយ​!

428
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា កាលពី​រសៀល​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ បានប្រកាស​ច្បាស់ៗ​ថា «​រដ្ឋាភិបាល​របស់លោក នឹងមិន​អនុញ្ញាត​ឲ្យ​លោក​សមរង្ស៊ី ធ្វើដំណើរ​ចូល​ប្រទេស​ថៃ​ទេ​»​។ ការ​ថ្លែង​បែបនេះ ធ្វើឡើង​បន្ទាប់ពី​ទណ្ឌិត​សមរង្ស៊ី បានបង្ហាញ​សំបុត្រ​យន្តហោះ និង​ប្រកាស​ជា​ចំហ​ថា ខ្លួន​បានរៀបចំ​ផែនការដើម្បី​វិល​ចូល​ប្រទេស​កម្ពុជា​វិញ ដោយ​ឆ្លងកាត់​តាម​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

​ក៏ប៉ុន្តែ​នៅក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃ​ពុធ លោកប្រា​យុទ្ធ​បានបង្ហាញ​ការគោរព​សិទ្ធិ​គ្នា​ទៅវិញទៅមក រវាង​កម្ពុជានិង​ថៃ ក្នុងនាម​ជា​ប្រទេស​សមាជិក​អាស៊ាន​ដូចគ្នា​។ លោក​ថ្លែងថា «​យោងតាម​គោលការណ៍ និង​ការប្ដេជ្ញាចិត្ត​របស់​អាស៊ាន រដ្ឋាភិបាល​របស់​យើងនឹងមិន​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេសជា​សមាជិក​អាស៊ាន​ទេ​។ ម្យ៉ាងទៀត យើង​ក៏​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​ម្នាក់​ដែលមាន​និន្នាការ​ប្រឆាំងនឹងរដ្ឋាភិបាល​នៃ​រដ្ឋ​ជា​សមាជិក​អាស៊ាន ប្រើប្រាស់​ទឹកដី​ថៃក្នុង​ការធ្វើសកម្មភាព​របស់គេ​ដែរ​»​។

​លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា បាន​បញ្ជាក់ថា លោក​បានចេញ​បញ្ជា​ទៅ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ចាត់ការ​រឿងនេះរួចហើយ​។ ដូច្នេះ លោក​សូមបញ្ជាក់​ជាថ្មី​ថា លោក​សមរង្ស៊ី មិនអាច​ឈាន​ជើង​ជាន់​ទឹកដី​ថៃ​ជាដាច់ខាត​។

​គួរ​កត់សម្គាល់ថា ទណ្ឌិត​សមរង្ស៊ី កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា បានបង្ហាញ​សំបុត្រ​យន្តហោះ នៅលើ​បណ្ដាញ​ទ្វី​ត​ទ័​រ និង​ហ្វេ​ស​ប៊ុ​ក ដែល​លោក​បាន​ទិញ​តាម​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airway ដើម្បី​ត្រៀម​ធ្វើដំណើរ​ពី​ទីក្រុង​ប៉ារីស ទៅ​ទីក្រុង​បាងកក​។ បន្ទាប់មក​សមរង្ស៊ី នឹង​បន្តដំណើរ​ពី​បាងកក ទៅ​ព្រំដែន​ខ្មែរ​-​ថៃ ដើម្បី​ឆ្លង​ចូល​ប្រទេស​កម្ពុជា​។​
​ ​
​កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩ ទណ្ឌិត​សមរង្ស៊ី បាន​សរសេរ​លិខិត​មួយច្បាប់ជូន​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា ជម្រាប​អំពី​គម្រោង​របស់ខ្លួនចូល​ប្រទេស​កម្ពុជា ដោយ​ឆ្លងកាត់​ប្រទេស​ថៃ​។​
​ ​
​យ៉ាងណាក៏ដោយ ច្បាស់​ហើយ​នៅពេលនេះ គឺ​នាយករដ្ឋមន្ត្រី​ថៃ បានប្រកាស មិន​អនុញ្ញាត​ឲ្យ​ទណ្ឌិត សមរង្ស៊ី ចូល​ទឹកដី​ថៃ ដោយ​យក​ទឹកដី​ថៃធ្វើ​នយោបាយ​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​ឡើយ​។​

​ពាក់ព័ន្ធ​នឹង​គម្រោង​វិលត្រឡប់​របស់​ទណ្ឌិត​សមរង្ស៊ី មក​កម្ពុជា នៅ​ថ្ងៃទី​៩​វិច្ឆិកា រាជរដ្ឋាភិបាល​កម្ពុជាក៏បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ចាប់ខ្លួន​លោកស្រី មូរ សុខ​ហួរ អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខណៈដែល​កាលពី​ប៉ុន្មាន​ថ្ងៃមុន អាជ្ញាធរ​ម៉ាឡេស៊ីបាន​ចាប់ខ្លួន​សកម្មជន​ពីរ​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជូន​មកកាន់​ប្រទេស​កម្ពុជា​វិញ​។​

​ទណ្ឌិត សមរង្ស៊ី លោកស្រី មូរ​សុខ​ហួរ រួមទាំង​សកម្មជន​ជាតិ​ច្រើន​ទៀត ជាប់ចោទ​ពីបទ​រៀបចំ​ផែន​ការធ្វើ​រដ្ឋប្រហារ តាមរយៈ​ការកំណត់​ថ្ងៃ​វិល​ត្រឡប់​មក​កម្ពុជា ដោយ​កៀរគរ​មនុស្ស ធ្វើ​រដ្ឋប្រហារ នៅ​ថ្ងៃទី​០៩​វិច្ឆិកា ដែលជា​ថ្ងៃ​រម្លឹក​ខួប ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​។

​ទណ្ឌិត​សមរង្ស៊ី និង​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើន​ទៀត ក៏មាន​ដីកា​របស់​តុលាការ ស្វែងរក​ចាប់ខ្លួន​ផងដែរ​។ ដីកាចាប់ខ្លួន​ក្រុម​ទណ្ឌិត​សមរង្ស៊ី ត្រូវបាន​បិទ​ប្រកាស​តាម​ព្រំដែន ទាំង​ខាង​កម្ពុជា និង​ទាំង​ខាង​ទឹកដី​ប្រទេស​ថៃ​។ ដីកាចាប់ខ្លួន​ទណ្ឌិត​សមរង្ស៊ី និង​បក្ខពួក ក៏ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា បញ្ជូន​ទៅកាន់​ប្រទេស​សមាជិក​អាស៊ាន​ផងដែរ​។​

​នៅ​ផ្ទៃ​ក្នុងប្រទេស​វិញ សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់ ត្រូវបាន​ចោទប្រកាន់ និង​ចាប់ឃុំខ្លួនជា​បន្តបន្ទាប់ ពីបទ​រួមគំនិត​ក្បត់ ជាមួយ​លោក​សមរង្ស៊ី​។ ក្នុងនោះ កាលពី​ថ្ងៃទី​០៥​វិច្ឆិកា ក្រុម​អ្នកយាម​អតីត​ទីស្នាក់ការ​កណ្តាល​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចាក់អង្រែ តាមផ្លូវ​ជាតិ​លេខ​២ ចំនួន ១០​នាក់ ត្រូវបាន​ចាប់ខ្លួនបញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​ក្រៅពីនោះ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​បញ្ចេញ​កងកម្លាំង​ប្រដាប់អាវុធ គ្រប់​រាជធានី​ខេត្ត ពិសេស​ពង្រាយ​កម្លាំង នៅតាម​ច្រកព្រំដែន ពិសេស​នៅ​ច្រកព្រំដែន​ជាមួយ​ប្រទេស​ថៃ និង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ដើម្បី​រឹតបន្តឹង​សន្តិសុខ សុវត្ថិភាព​។ កងកម្លាំង​ទាំងនេះ ដើម្បី​ការពារ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក្នុងឱកាស​ពិធីបុណ្យ​ទិវា​ឯករាជ្យ​ជាតិ ថ្ងៃ​៩​វិច្ឆិកា និង​ព្រះ​រាជពិធី​បុណ្យអុំទូក ថ្ងៃ​១០-១២​វិច្ឆិកា នៅមុខ​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ​។​

​សរុបមក ទណ្ឌិត​សមរង្ស៊ី អាចមាន​លេស​ថ្មី​ទៀតហើយ ក្នុង​ការមិន​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា តាម​ការសន្យា​របស់ខ្លួន នៅ​ថ្ងៃទី​៩​វិច្ឆិកា​។ នោះ​គឺ​មិនមាន​ច្រកចូលដោយសារតែ​ថៃ​បិទផ្លូវ ហើយ​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត ក៏​មិន​អនុញ្ញាត​ឲ្យ​មេខ្លោង​គម្រោង​ធ្វើ​រដ្ឋប្រហារ តាម​ហ្វេ​ស​ប៊ុ​ក​នេះ ឆ្លងកាត់​ទឹកដី​ខ្លួន មុននឹង​មក​កម្ពុជា​ដែរ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ នៅ​ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល​បាន​ត្រៀមកម្លាំង​រួចរាល់​ហើយ ដើម្បី​អនុវត្តតាម​ដីកា​តុលាការ​។ ពោលគឺ​ទោះបីជា​សមរង្ស៊ី និង​បក្ខពួក បន្លំ​ខ្លួនជ្រៀតចូល​ប្រទេស​កម្ពុជាតាម​ច្រក​ណាក៏ដោយ គឺ​ឲ្យ​តែ​ចូលដល់​ដែនដី​កម្ពុជា នោះ​ទណ្ឌិត​សមរង្ស៊ី និង​បក្ខពួក នឹងត្រូវ​ចាប់​វ៉ៃខ្នោះ បញ្ជូនទៅ​គុក​ព្រៃ​ស​ភ្លាម​។ មកដល់​យប់ចាប់​ទាំងយប់ មកដល់​ថ្ងៃចាប់​ទាំង​ថ្ងៃ​៕ ដោយ​: ម៉េង​ឆៃ​/Ha