មិនទាន់​បាន​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ពាក់កណ្តាល​អាណត្តិ​ផង ឥឡូវ​ជាប់ចោទ​ក្នុង​រឿងអាស្រូវ​ស្រឡាញ់​ប្រុស​ជាថ្មី​

2270
ចែករម្លែក

​អតីត​មេ​បក្ស​ប្រឆាំង​ដែល​អន្ទះសារ​រង់ចាំ​ចូលកាន់​តំណែង​ពាក់កណ្តាល​អាណត្តិ​តាម​ការសន្យា លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម រង​ការចោទប្រកាន់​ថ្មី​ពី​បទ​ស្រឡាញ់​មនុស្ស​ប្រុស​ដូចគ្នា​​និង​ប្រព្រឹត្ត​មិន​គប្បី​ខាង​ផ្លូវភេទ​ពី​សំណាក់​អតីត​ជំនួយការ​របស់​លោក​។​

​វា​អាច​ជា​ការចោទប្រកាន់​រួមភេទ​ជាមួយ​មនុស្ស​ប្រុស​ដូចគ្នា​លើក​ទី​៣​ប្រឆាំង​អ្នកនយោបាយ​វ័យ​៧២​ឆ្នាំ​រូប​នេះ​ចាប់តាំងពី​ឆ្នាំ​១៩៩៨​។​

​មូហា​ម៉ាត យូ​សូ​ហ្វ រ៉ា​ធឺ អតីត​អ្នកសិក្សា​ស្រាវជ្រាវ​ធ្វើការ​នៅ​ការិយាល័យ​ឯកជន​របស់​អាន់​វ៉ា បាន​បញ្ចេញ​អោយដឹង​កាលពី​ថ្ងៃ​ពុធ​ទី​៤​ធ្នូ​ថា លោក​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ​​កាលពី​ថ្ងៃ​១៩​វិច្ឆិកា ដែល​ចោទប្រកាន់​អតីត​ឧបនាយករដ្ឋមន្ត្រី​រូបនេះ​(​អាន់​វ៉ា​)​ថា​សុំ​រួមភេទ​ជា​ថ្នូរ​នឹង​ការគាំទ្រ និង​បាន​ប៉ុនប៉ង​ចាប់រំលោភ​លោក​នៅ​ផ្ទះ​របស់​អាន់​វ៉ា ក្នុង​ទីក្រុង​​គូ​ឡា ឡាំ​ពួរ​។​

​ការចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​មិន​គប្បី​ខាង​ផ្លូវភេទ​នេះ​បាន​កើត​ឡើង​ជាង​១​ឆ្នាំ​មកហើយ ជាហេតុ​នាំ​អោយ​មាន​សំណួរ​ថា​តើ​ហេតុអ្វី​បានជា​លោក មូហា​ម៉ាត រង់ចាំ​យូរ​យ៉ាង​​នេះ​ទើប​រាយការណ៍​វា ដោយ​ដំបូង​ថត​សម្លេង​ធ្វើ​ជា​សេចក្តីថ្លែងការណ៍​និង​បន្ទាប់​មក​បញ្ចេញ​វា​ជា​សាធារណៈ​។​

ពីឆ្វេង​ទៅ​ស្តាំ ៖​នាយករដ្ឋមន្ត្រី លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត មេដឹកនាំ​គណបក្ស​PKR​លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម និង​រដ្ឋមន្ត្រី​កិច្ចការ​សេដ្ឋកិច្ច អាស​មីន អា​លី ដែល​ជា​អនុប្រធាន​របស់​​អាន់​វ៉ា​

​ការចោទប្រកាន់​នេះ​ត្រូវបាន​អ្នកតាមដាន​នយោបាយ​ម៉ាឡេស៊ី​ខ្លះ​ចាត់ទុកថា​ជា​របត់​ថ្មី​មួយ​នៅក្នុង​ការតស៊ូ​អំណាច រវាង​លោក​អាន់​វ៉ា និង​រដ្ឋមន្ត្រី​កិច្ចការ​សេដ្ឋកិច្ច អាស​មីន អា​លី​ដែល​ត្រូវជា​អនុប្រធាន​របស់​អាន់​វ៉ា តែ​ជា​មនុស្ស​ស្និទ្ធ​នឹង​លោកនាយក​រដ្ឋមន្ត្រី​មហា​ធៀ ម៉ូ​ហា​ម៉ា​ត​។​

​លោក​អាស​មីន​ដែល​ក៏​ជា​អនុប្រធាន​បក្ស​PKR ត្រូវ​គេ​មើលឃើញ​ថា​ជា​គូប្រជែង​ដ៏​ធំ​របស់​អាន់​វ៉ា​ក្នុង​ការកាន់កាប់​តំណែង​ប្រធាន​បក្ស​។​

​ម៉ាឡេស៊ី​ដែល​មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ភាគច្រើន​ចាត់ទុក​ការស្រឡាញ់​មនុស្ស​ភេទ​ដូចគ្នា​ជា​បទឧក្រិដ្ឋ ហើយ​ជនល្មើស​អាច​ជាប់គុក​២០​ឆ្នាំ​និង​វាយ​នឹង​រំពាត់​ខ្សែតី​។​

​លោក​អាន់​វ៉ា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​ធ្នូ បាន​បដិសេធ​ការចោទប្រកាន់​និង​បាន​ពណ៌​នាវា​ថា​ជាល្បិ​កល​នយោបាយ​អាក្រក់​បំផុត​ដោយសារតែ​វា​ត្រូវ​បាន​ធ្វើឡើង​នៅ​ពេល​តែ​​ប៉ុន្មាន​ថ្ងៃ​មុន​គណបក្ស​បើក​សមាជ​ប្រចាំឆ្នាំ​។​

​កាលពី​ថ្ងៃ​ពុធ សេចក្តីថ្លែងការណ៍​មួយ​ចេញ​ដោយ​អតីត​ជំនួយការ​របស់​អាន់​វ៉ា លោកមូហា​ម៉ាត យូ​សូ​ហ្វ រ៉​ធឺ បាន​ចោទប្រកាន់​អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ​ថា​ប៉ុនប៉ង​បង្ខំ​អោយ​ខ្លួន​​រួមភេទ​ជាមួយ​គាត់​កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន​។​

​លោក​អាន់​វ៉ា​បាន​ចំណាយពេល​ជិត​១​ទសវត្សរ៍​នៅក្នុង​គុក​ចំពោះ​ការចោទប្រកាន់​ស្រឡាញ់​ប្រុស​ដូចគ្នា និង​ប្រព្រឹត្ត​អំពើពុករលួយ តែ​រូប​លោក​និង​អ្នកគាំទ្រ​ចាប់​ទុក​ការ​ចោទ​ប្រ​​កាន់​នោះ​ថា​ជា​ការប៉ុនប៉ង​បញ្ចប់​អាជីព​នយោបាយ​របស់​លោក​។​

​ការចោទប្រកាន់​ចុងក្រោយ​នេះ​បាន​កើតឡើង​ចំពេល​លោក​អាន់​វ៉ា សម្លឹង​ទៅ​បញ្ចប់​ជម្លោះ​ជាមួយ​លោក​អាស​មីន អា​លី ដែលជា​អនុប្រធាន​របស់​លោក​នៅ​ក្នុង​គណបក្ស​យុត្តិធម៌​​របស់​ប្រជាជន​(PKR)​និង​អាច​ជា​គូប្រជែង​សំរាប់​តំណែង​នាយករដ្ឋមន្ត្រី ដែល​លោក​មហា​ធៀ បាន​សន្យា​ប្រគល់អោយ​លោក​អាន់​វ៉ា​នៅ​ពាក់កណ្តាល​អាណត្តិ​។​

​សាច់ញាតិ​របស់​ដើមចោទ មូហា​ម៉ាត ធ្លាប់បាន​និយាយ​ជា​សាធារណៈ​ថា លោក​ត្រូវបាន​ពួក​អ្នកនយោបាយ​ប្រើប្រាស់​ប្រឆាំងនឹង​អាន់​វ៉ា ដែល​ប្រុង​ចូលកាន់​តំណែង​ជំនួស​លោក​​មហា​ធៀ​។​

​សូម​រំលឹក​ថា អាន់​វ៉ា​ត្រូវ​បាន​ទម្លាក់​ចេញពី​តំណែង​ឧបនាយករដ្ឋមន្ត្រី ក្រោយ​ត្រូវ​បាន​ចោទប្រកាន់​និង​កាត់ទោស​ដាក់​គុក​ពី​បទ​ស្រឡាញ់​មនុស្ស​ប្រុស​ដូចគ្នា​ក្នុង​អ្វីដែល​ត្រូវបាន​​គេ​មើលឃើញ​ថា​ជា​ជម្លោះ​ដណ្តើម​អំណាច​រវាង​អតីត​នាយករដ្ឋមន្ត្រី​ដែល​បាន​កំពុង​មាន​ប្រជាប្រិយ​រូបនេះ និង​លោក​មហា​ធៀ ដែល​បាន​កំពុង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​គ្រា​​នោះ​។​​ទោះជា​យ៉ាង ក្រោយ​ចេញពី​គុក​និង​បង្កើត​គណបក្ស​ប្រឆាំង​លោក​អាន់​វ៉ា និង​មហា​ធៀ បានសំរេច​ផ្សះផ្សារ​ទំនាក់ទំនង​និង​រួមដៃគ្នា​ធ្វើ​យុទ្ធនាការ​ទម្លាក់​អតីត​នាយករដ្ឋមន្ត្រី​​ណា​ជីប រ៉ា​ហ្សាក់​នៅ​ក្នុង​ការបោះឆ្នោត​ជាតិ​កាលពី​ឆ្នាំមុន​។​ក្នុងការ​រួមដៃគ្នា​ទម្លាក់​លោក​ណា​ជីព​នេះ មហា​ធៀ បាន​សន្យា​ប្រគល់​អំណាច​អោយ​អាន់​វ៉ា បន្ទាប់ពី​លោក​កាន់អំណាច​​បាន​មួយ​រយៈពេល តែ​រហូតដល់​ពេល​នេះ​មិន​មាន​កាលបរិច្ឆេទ​ជាក់លាក់​អំពី​ការប្រគល់​តំណែង​នាយ​រដ្ឋមន្ត្រី​ទៅ​លោក​អាន់​វ៉ា​នៅឡើយ​ទេ តែ​បែរជា​ផ្ទុះ​រឿង​អាស្រូវ​ផ្លូវភេទ​សា​​ជា​ថ្មី​ទៅ​វិញ​៕​ដោយ​៖​វាសនា​

អាន់​វ៉ា​៖ ខ្ញុំ​សូម​ប្រឆាំង​ការ​មួលបង្កាច់​គ្មាន​មូលដ្ឋាន​នេះ​។​វា​ជា​ផែនការ​មួយ​ដើម្បី​បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់​ខ្ញុំ​ចំ​ពេល​គណបក្ស​ត្រៀម​ធ្វើ​សមាជ​និង​អន្តរកាល​មេដឹកនាំ​ប្រទេស​