មិនធម្មតា​! បុរស​ពិការ​ដៃ​ទាំង​គូ​ក្លាយ​ជាជាង​កាត់​សម្លៀកបំពាក់​អាជីព​ដោយ​ប្រើ​ជើង

360

​បុរស​ពោរពេញ​ដោយ​ការ​បំផុសទឹកចិត្ត​ម្នាក់ បាន​ជម្នះ​ព្រហ្ម​លិខិត​ដោយ​ក្លាយជា​ជាងកាត់ដេរ​អាជីព ថ្វីបើ​គ្មាន​ដៃ​ទាំង​គូ​ក៏ដោយ​។​

​លោក​ម៉ា​ដាន់ ឡា​ល់ អាយុ ៤៥ ឆ្នាំ​មកពី​ទីក្រុង​ហា​យ៉ាណា ក្នុងប្រទេស​ឥណ្ឌា បាន​កើតមក​ដោយ​គ្មាន​ដៃ ប៉ុន្តែ​បាន​រៀន​សម្រប​ខ្លួន​ទៅតាម​តម្រូវការ​ជីវភាព​ប្រចាំថ្ងៃ ដោយ​ប្រើប្រាស់​ជើង​របស់គាត់​។

​ឥឡូវ គាត់​បាន​ប្រើប្រាស់​មេជើង​ពោរពេញ​ដោយ​ទេពកោសល្យ​ដើម្បី​ដេរ​សម្លៀកបំពាក់​នៅ​ហាង​មួយ​ក្នុងភូមិ​របស់គាត់​។​

​គាត់​និយាយថា “​មិន​ថា​ខ្ញុំ​ត្រូវធ្វើ​អ្វី​នៅក្នុង​ជីវិត​ខ្ញុំ​ទេ វា​គឺ​ធ្វើ​តែ​ជាមួយ​ជើង​ខ្ញុំ​ប៉ុណ្ណោះ​។ រាល់​ការងារ​កាត់ដេរ​ខ្ញុំ​ធ្វើ​តែ​ជាមួយ​ជើង​ប៉ុណ្ណោះ​។ តាំងពី​ការ​កាត់​ក្រណាត់​រហូតដល់​ការវាស់វែង ខ្ញុំ​ត្រូវ​ប្រើ​ជើង​របស់ខ្ញុំ​”​។​

​និយាយ​អំពី​ការ​ធំ​ដឹងក្តី​ជាមួយ​ពិការភាព លោក​ឡា​ល់ និយាយថា “​វា​មិន​រំខាន​ខ្ញុំ​ទេ​អំឡុង​កុមារភាព​។ យាយ​តា​របស់ខ្ញុំ​បាន​មើលថែ​ខ្ញុំ និង​ជួយ​ខ្ញុំ​ជាមួយ​ការងារ​ផ្ទះ​ប្រចាំថ្ងៃ​”​។​

​ប៉ុន្តែ​គាត់​ពិតជា​បាន​ជួបប្រទះ​ការ​មើលងាយមើលថោក​ចំពោះ​ពិការភាព​របស់គាត់ នៅក្រៅ​រង្វង់​គ្រួសារ​។

​លោក​និយាយថា “​នៅពេល​ខ្ញុំ​នៅ​ក្មេង សាលា​ស្ទើរតែ​ទាំងអស់​បាន​បដិសេធ​មិនឱ្យ​ខ្ញុំ​ចូលរៀន​ទេ ព្រោះតែ​ខ្ញុំ​ពិការ​ដៃ​។ គ្រូៗ​បាន​បដិសេធ​អនុញ្ញាតឱ្យ​ខ្ញុំ​ចូលរៀន​នៅ​សាលា​។ ខ្ញុំ​ពិតជា​ខកចិត្ត​ខ្លាំង ហើយ​នឹក​គិតថា ខ្ញុំ​នឹង​បង្ហាញ​ពួកគេ​ឱ្យ​ភ្លឺភ្នែក​ម្តង តាមរយៈ​ការសម្រេច​សមិទ្ធផល​អ្វីមួយ​។ គ្រួសារ​ខ្ញុំ​គ្មាន​លទ្ធភាព​ផ្គត់ផ្គង់​ការអប់រំ​ដល់​ខ្ញុំ​ទេ ហើយ​ខ្ញុំ​គិតថា​រដ្ឋាភិបាល​ក៏​មិន​ជួយ​ខ្ញុំ​ដូចគ្នា​។ ដូច្នេះ​ខ្ញុំ​ត្រូវតែ​ធ្វើ​អ្វីមួយ​ដើម្បី​រស់​សម្រាប់​ជីវិត​ជាតិ​នេះ​”​។

​នៅ​អាយុ ២៣ ឆ្នាំ លោក​ឡា​ល់​បានសម្រេច​ចិត្ត​រៀន​ជំនាញ​កាត់ដេរ ប៉ុន្តែ​យល់ឃើញថា​វា​ពិបាក​ហ្វឹកហាត់​បំផុត​។

​គាត់​និយាយថា “​ខ្ញុំ​បាន​ទៅគ្រប់​កន្លែង​ហើយ​ជួប​ជាងកាត់ដេរ​ជាច្រើន​។ ខ្ញុំ​សុំ​ពួកគេ​រៀនសូត្រ ដើម្បី​រក​ចំណូល​។ ប៉ុន្តែ​ពួកគេ​ទាំងអស់នោះ​សើចចម្អក​ដាក់​ខ្ញុំ​។ ពួកគេ​ថា​ខ្ញុំ​មិនអាច​កាត់​ខោអាវ​ដោយ​គ្មាន​ដៃ​បានទេ​។ វា​មិនអាច​ទៅរួច​ទេ​។ ខ្ញុំ​មិនអាច​បើក​ម៉ាស៊ីន​កាត់ដេរ​បាន​ផង​ពេលនោះ​។ ពួកគេ​បាន​បញ្ជូន​ខ្ញុំ​មក​ភូមិ​វិញ​”​។​

​លោក​ឡា​ល់​ដែល​ពោរពេញ​ដោយ​ការតាំង​ចិត្ត បានសម្រេច​ចិត្ត​ធ្វើដំណើរ​ទៅ​ទីក្រុង​ហ្វេ​ត​ហា​បាដ រកមើល​ជាងកាត់ដេរ​ណា​ដែលមាន​បំណង​បង្រៀន​គាត់​។​

​គាត់​និយាយថា “​ខ្ញុំ​បាន​ទៅ​ទីក្រុង​ហ្វេ​ត​ហា​បាដ រៀន​កាត់ដេរ​ពី​ជាង​ម្នាក់​។ ដំបូង​គាត់​បដិសេធ មិន​ចង់​បង្រៀន​ខ្ញុំ​ទេ​។ គាត់​និយាយថា ខ្ញុំ​គ្មាន​ដៃ​ផង តើ​ដេរ​យ៉ាងម៉េច​?​។ ខ្ញុំ​ថា ផ្តល់ឱកាស​ឱ្យ​ខ្ញុំ​ផង​។ គាត់​ក៏​និយាយថា មិន​អី​ទេ​អ៊ីចឹង​។ គ្រាន់តែ​រយៈពេល ១០ ទៅ ១៥ ថ្ងៃ​ដំបូង គ្រូ​ខ្ញុំ​និយាយថា ខ្ញុំ​នឹង​ក្លាយជា​មនុស្ស​ជោគជ័យ​។ ហើយ​ខ្ញុំ​ពិតជា​រីករាយ​ណាស់​”​។

​ក្នុង​រយៈពេល​តែមួយ​ឆ្នាំ លោក​ឡា​ល់​បាន​រៀន​ពី​សិល្បៈ​នៃ​ការ​កាត់ដេរ ហើយ​បាន​បើកហាង​មួយ​ក្នុងភូមិ​របស់គាត់ ។ ឥទ្ធិពល​របស់គាត់​ចាប់ផ្តើម​លេចឡើង​។

​គាត់​និយាយថា “​ថ្ងៃនោះ​ខ្ញុំ​ភ្លេច​អស់​រាល់​ការឈឺចាប់​។ វា​ជា​ថ្ងៃ​ល្អ​បំផុត​នៃ​ជីវិត​របស់ខ្ញុំ​។ ខ្ញុំ​ឃើញ​មនុស្ស​ជាច្រើន​មក​ហាង​ខ្ញុំ​ដើម្បី​រាក់ទាក់​ខ្ញុំ​។ ភូមិ​ទាំងមូល​សប្បាយរីករាយ ប្រៀប​បីដូច​ជា​ពួកគេ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​ខ្ញុំ​”៕ ដោយ៖ កញ្ញាដាលីស

លោក​ម៉ា​ដាន់ ឡា​ល់ ជម្នះ​ព្រហ្ម​លិខិត រហូត​ក្លាយជា​ជាងកាត់ដេរ​អាជីព