មិនធម្មតា​! មួយថ្ងៃ​ខេត្តព្រះវិហារ នាំចេញ​ចេកណាំវ៉ា ២០​រថយន្ដ​ធំ​ទៅ​ភ្នំពេញ និង​ខេត្ត​ជិតខាង​

1314

​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ បាន​ឲ្យ Sabay​ដឹងថា ក្នុង​មួយថ្ងៃ​ខេត្តព្រះវិហារ​អាច​នាំចេញ​ផ្លែ​ចេកណាំវ៉ា​ចំនួន ២០​រថយន្ដ​ធំ ឬ​ប្រមាណ​ជាង ៣០០​តោន មកកាន់​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​ជិតខាង​។ ចេកណាំវ៉ា ដែល​ដាំ​ដុះ​នៅ​ខេត្តព្រះវិហារ​មាន​ទំហំ​តូច ប៉ុន្តែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ និង​អាច​កែច្នៃ​ធ្វើជា​ចេកឆាប ផងដែរ​។​

​លោក​បញ្ជាក់ថា ខេត្តព្រះវិហារ​មាន​ផ្ទៃដី​ដាំចេក​ជាង ៧​ពាន់​ហិកតា ភាគច្រើន​នៅក្នុង​ក្រុង​ព្រះវិហារ ស្រុក​គូលែន និង​ស្រុក​ត្បែងមានជ័យ ហើយ​ការដាំដុះ​នេះ​ទៀតសោត​ធ្វើ​ឡើងជា​លក្ខណៈ​គ្រួសារ​ដោយ​គ្មាន​ក្រុមហ៊ុន​ណាមួយ​វិនិយោគទុន​នោះទេ​។​


​លោក ពឹង ទ្រី​ដា​

​លោក​ថា ឆ្នាំនេះ​ទិន្នផល​ចេកណាំវ៉ា មានការ​កើនឡើង​ខ្ពស់ ដោយសារ​តែមាន​ទឹកភ្លៀង​គ្រប់គ្រាន់ ហើយ​ក្នុង​មួយ​ហិកតារ​ប្រជាកសិករ​អាច​ប្រមូល​ផល​បាន​ចន្លោះ​ពី ៥​លាន​រៀល ទៅ​៩​លាន​រៀល​។ ជាធម្មតា​ចេក​មួយ​ស្និត​មាន​ទម្ងន់​ចន្លោះ​ពី ១​គីឡូក្រាម ទៅ​១​គីឡូក្រាម​២​ខាំ និង​អាច​លក់​ចេញ​ក្នុងតម្លៃ ៩០០​រៀល​ក្នុង ១​ស្និត ប៉ុន្ដែ បើ​នាំចេញ​ទៅដល់​ភ្នំពេញ​តម្លៃ​ចេក​នឹងមាន​ការកើនឡើង​រហូត​ដល់​ជិត ២​ពាន់​រៀល​ក្នុង ១​ស្និត​។​

​លោក ពឹង ទ្រី​ដា បន្ថែមថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​វិនិយោគ​ចិន មួយចំនួន​គ្រោង​នឹង​ទិញ​ទិន្នផល​ចេកណាំវ៉ា​ពី​ខេត្តព្រះវិហារ ដើម្បី​នាំចេញ​ទៅ​ក្រៅប្រទេស​ផងដែរ បន្ទាប់ពី​អាជ្ញា​ធរមាន​ទំនាក់ទំនង​ជាមួយ​ភាគី​ចិន​រួចមក​។ ជាមួយគ្នា អាជ្ញាធរ​ក៍បាន​សហកា​រ​គ្នា​ជាមួយ​ប្រជាកសិករ​បង្កើត​ឲ្យ​មាន​ការផលិត​ចេកឆាប​នៅក្នុង​តំបន់​បន្ថែមទៀត​។​

​ខេត្តព្រះវិហារ​មាន​ផ្ទៃ​ដាំ​ដុះ​ដំណាំ​រហូតដល់​ទៅ​ជាង ៨​ម៉ឺន​ហិកតារ​។ ក្រៅពី​ដំណាំ​ចេក ខេត្ត​ភាគ​ឧ​ត្ត​រ​ប្រទេសមួយ​នេះ ក៏មាន​ដាំ​ដំណាំ​ជាច្រើន​ទៀតផង​ដែរ រួមមាន​ដំឡូង​មី ស្រូវ ស្វាយចន្ទី​ម្រេច និង ល្ពៅ​ជាដើម​៕​ដោយ​៖ រស់ សុជាតិ​/sn