មិនបាន​ប្រ​យ័​ត្នៈ​រថយន្ត​បើក​ឆ្លងផ្លូវ​ដែក​ត្រូវ​រថភ្លើង​បុក​ធ្លាក់​ពី​ផ្លូវ​នៅ​ខណ្ឌ​សែន​សុខ​

1067
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​តូយ៉ូតា​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ត្រូវ​រថភ្លើង​ដឹក​អ្នកដំណើរ​បុក​ធ្លាក់​ផ្លូវ​បណ្តាល​ឲ្យ​អ្នក​បើកឡាន​រងរបួស​ស្រាល​។​ហេតុការណ​នេះ​កើតឡើង​កាលពី​ម៉ោងជាង​១០​ព្រឹក​ថ្ងៃទី​៦​ខែឧសភា​នៅ​ចំណុច​ផ្លូវ​រថភ្លើង​ខាងជើង​ផ្សារ​ជិន​ណាន ប្រមាណ​១០០​មែត្រ ស្ថិត​ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

រថយន្តដែលត្រូវរថភ្លើងបុក(រូបចាន់តូ)

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ដំបូង​គេ​ឃើញ​បើកបរ​រថយន្ត ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AN-2218 ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវលំ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។លុះ​មកដល់​ចំណុច​​​កើតហេតុ​រថយន្ត​ខាងលើ​បំណង​បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ខណៈពេលដែល​ឆ្លង​មិនទាន់បាន​ពាក់​កណ្តា​ល​​​ផ្លូវ​ផង​ស្រាប់​តែមាន​រថភ្លើង​ដឹក​អ្នកដំណើរ​បាន​បើក​មកពី​កើត​ទៅ​លិច​គឺ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ក៏​បុក​ត្រូវ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​ផ្នែក​ខាងមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ខ្ទាត​ធ្លាក់​មក​ម្ខាង​ថ្នល់​តែម្តង​។​តែ​សំណាងល្អ​ហើយ​អ្នកបើកបរ​រថយន្តរ​ង​របួសស្រាល​ចំណែក​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​ហើយ​រថភ្លើង​ក៏​បន្តដំណើរ​ទៅមុខ​បាត់​។​

ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌ​សែន​សុខ​ចុះ​មកដល់​កន្លែងកើតហេតុ​ហើយ​បាន​ទាក់ទង​ទៅ​នគរបាល​ការិយាល័យ​ចរាចរ​រាជធានី​ភ្នំពេញ​ស្ទូច​រថយន្ត​ខាងលើ​រក្សាទុក​រងចាំរ​ថ​ភ្លើង​ត្រឡប់មកវិញ​ទើប​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕​មន​