មិនមែន​លោក​សង្ឃ​ទេ តែ​ជា​អ្នកទោស​ក្រុម​រដ្ឋ​អ៊ីស្លាម​

327
ចែករម្លែក

​រូបភាព​ថ្មី​បាន​បង្ហាញ​នៅ​ខាងក្នុង​ជំរំ​អ្នកទោស​នៅ​ស៊ី​រី​មួយ កន្លែង​ដែល​អតីតយុទ្ធជន​ក្រុម​ជី​ហាត​រាប់ពាន់​នាក់​ដែល​បាន​ចូលរួម​ប្រយុទ្ធ​អោយ​ក្រុម​រដ្ឋ​អ៊ីស្លាម កំពុង​ចំណាយ​​ពេល​នៅក្នុង​កន្លែង​ឃុំឃាំង​នេះ ក្រោយ​ការដួលរលំ​រដ្ឋ​អ៊ីស្លាម​សាហាវ​ដ៏​គួរអោយខ្លាច​។​

​អតីតយុទ្ធជន​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុង​ឈុត​សម្លៀក​បំពាក់​ពណ៌​ទឹកក្រូច​ត្រូវគេ​ញាត់​ចូលក្នុង​បន្ទប់​គុក ដោយ​ពួកគេ​ជាច្រើន​ដេក​លើ​ឥដ្ឋ​នៅ​ជំរំ​មួយ​នៅ​ស៊ី​រី​ខាងជើង​និង​ខ្លះ​មាន​អា​​យុ​ត្រឹម​១២​ឆ្នាំ​។​

​អ្នកទោស​ប្រមាណ​៥​ពាន់​នាក់​ត្រូវ​គេ​ដាក់​ក្នុង​ជំរំ​នេះ ភាគច្រើន​ជា​ជន​និយម​ជ្រុល​បរទេស រួម​មាន​ជនជាតិ​អង់គ្លេស​ដែល​កំពុង​ទាមទារ​វិល​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួកគេ​​វិញ​។​

​ក្នុងពេល​ជាមួយគ្នា​ ​មាន​ការភ័យខ្លាច​ក្រែង​ពួក​អ្នកគាំទ្រ​ក្រុម​រដ្ឋ​អ៊ីស្លាម​ឆ្មក់​វាយប្រហារ​លើ​ជំរំ​នេះ​ដើម្បី​រំដោះ​អ្នកទោស នៅពេល​មេដឹកនាំ​ក្រុម​នេះ​ឈ្មោះ​អា​ប៊ូ បាក អាល់ បាក​ដា​ឌី​បាន​អំពាវនាវ​អោយ​អ្នកទោស​ទម្លាយ​គុក​រត់ចេញ​។​

​របាយការណ៍​មួយ​ពី​វិទ្យាស្ថាន​សិក្សា​សង្គ្រាម​បាន​ព្រមាន​ថា ក្រុម​រដ្ឋ​អ៊ីស្លាម​ចង់​រំដោះ​យុទ្ធជន​របស់​ខ្លួន​និង​កំពុង​រៀបចំ បង្វឹក​និង​រៃ​ប្រាក់​សំរាប់​បេសកកម្ម​នេះ​។​ជា​លទ្ធផល សន្តិ​​សុខ​នៅ​ជំរំ​ត្រូវបាន​បង្កើន​ដោយ​កាម៉េរ៉ា​សន្តិសុខ​ត្រូវបាន​ដាក់​ស្អេកស្កះ​។​

​នៅ​ស៊ី​រី ជំរំ​អ្នកទោស​នេះ​ត្រូវ​គ្រប់គ្រង​ដោយ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ដែល​គាំទ្រ​ដោយ​អាម៉េរិក ដែល​ដឹកនាំ​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ី​រី​ខាងកើត​។​

​សូមបញ្ជាក់​ថា យុទ្ធជន​និង​សមាជិក​ក្រុម​នេះ​រាប់​ពាន់​នាក់​ទៀត​កំពុង​ត្រូវ​ឃុំ​ទុក​ក្នុង​ជំរំ​ជាច្រើន​ទៀត​នៅ​ពាសពេញ​ស៊ី​រី​ខាងជើង​និង​អ៊ីរ៉ាក់​៕​ដោយ​៖​វាសនា​