មិនមែន​សន្យា​ខ្យល់​ទេ​! មួយឆ្នាំ ឡើង​ប្រាក់ខែ​ពីរដង សម្រាប់​មន្ត្រីរាជការ​!

510
ចែករម្លែក

​ក្នុង​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ ឬ​ហៅថា ច្បាប់​ថវិកាជាតិ ឆ្នាំ​២០២០ ដែល​គណៈរដ្ឋមន្ត្រី​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រជុំ​ពិនិត្យ និង​អនុម័ត កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែតុលា ឆ្នាំ​២០១៩ បានបង្ហាញ​យ៉ាង​លម្អិត​ថា ប្រាក់ខែ​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ នឹង​ឡើង​ពីរដង គឺ​នៅ​ខែមករា​ម្តង​និង​ម្តងទៀតឡើង​នៅ​ខែមេសា ឆ្នាំ​២០២០​។ ក្នុងនោះ ប្រាក់ខែ​គ្រូបង្រៀន និង​គ្រូពេទ្យ ទទួលបាន​ច្រើនជាងគេ ហើយ​មិន​ជាប់ពន្ធ​ថែមទៀត​។​

​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០២០ ដែល​រាជរដ្ឋាភិបាល គ្រោង​នឹង​ចំណាយ​ចំនួន ៣៣ ៣៣៩ ៦៣៣​លាន រៀល​ស្មើ​ប្រមាណ ៨.១៩៦​លាន​ដុល្លារ​អាម៉េរិក​ត្រូវជា ២៨,០១​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក សរុប ( ផ​.​ស​.​ស​)​គឺមាន​កំណើន ២២,៧​ភាគរយ ធៀប​នឹង​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៩​។ គឺ​ត្រូវបានគ្រោង សម្រាប់​ការដំឡើង​បៀវត្ស​មូលដ្ឋាន ក្នុង​អត្រា​៧,០​ភាគរយ​តាម​តម្លៃ​ឯក​តាស​ន្ទ​ស្សន៍​២៥០០ រៀល​ដោយ​អនុវត្ត​ចាប់ពី​ខែមករា ឆ្នាំ​២០២០ ព្រមទាំង​ការដំឡើង​ប្រាក់​បំណាច់​មុខងារ​នឹងត្រូវអនុវត្ត​ចាប់ពី​ខែមេសា ឆ្នាំ​២០២០ ដោយ​ផ្តល់​បន្ថែម ៣០.០០០ រៀល ជូន​មន្ត្រីរាជការ​ស៊ីវិល និង កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែលមាន​ប្រាក់​បំណាច់​មុខងារ​ក្នុង​កម្រិត​ក្រោម​៩៦០.០០០ រៀល និង​ចាប់ពី​កម្រិត ៩៦០.១០០​រៀល ដល់ ១.១១០.០០០ រៀល នឹង​ផ្តល់​បន្ថែមចំនួន​២០.០០០ រៀល​។ ក្នុងនោះ ក៏មាន​ការដំឡើង​ប្រាក់ឧបត្ថម្ភ ប្រចាំខែ​សម្រាប់​មន្ត្រី​ជាប់កិច្ចសន្យា ពី​៦៥០.០០០ រៀល ទៅដល់ ៦៧០.០០០​រៀល ដោយ​អនុវត្ត​ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​២០២០​។​
​ ​
ជារួម នៅ​ឆ្នាំ​២០២០ បៀវត្ស​អប្បបរមា​របស់​មន្ត្រីរាជកា​រ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​នឹងមាន ស្ថានភាព​ផ្លាស់ប្តូរ ដូចតទៅ​៖​បៀវត្ស​មន្ត្រីរាជការ​ស៊ីវិល នឹងត្រូវ​បាន​ដំឡើង ចំនួន ១១០០១០០ រៀល នៅ​ឆ្នាំ​២០១៩ ដល់​ប្រមាណ ១១៤២៥០០ រៀល នៅ​ខែមករា ឆ្នាំ​២០២០ ហើយនឹង​ត្រូវបាន ដំ​ឡើងដល់​ប្រមាណ ១១៧២ ៥០០ រៀល ចាប់ពី​ខែមេសា ឆ្នាំ​២០២០​។ បៀវត្ស​គ្រូបង្រៀន និង គ្រូពេទ្យ នឹងត្រូវ​បាន​ដំឡើង​ពី​ចំនួន ១២០០១០០ រៀល នៅ​ឆ្នាំ​២០១៩ ដល់​ប្រមាណ ១២៤២៥០០ រៀល នៅ​ខែមករា ឆ្នាំ​២០២០ ហើយនឹង​ត្រូវបាន​ដំឡើង​ដល់​ប្រមាណ ១២៧២៥០០ រៀល​ចាប់ពី ខែមេសា ឆ្នាំ​២០២០​។​បៀវត្ស​នគរបាល ( ពលបាលត្រី ) នឹងត្រូវ​បាន​ដំឡើង​ពី​ចំនួន ១១៨៤៥៧៧ រៀល ( គិត​បញ្ចូល​ទាំង​របប​អង្ករ ) នៅ​ឆ្នាំ​២០១៩ ដល់​ប្រមាណ ១២៦ ៩៧៧ រៀល (​គិត​បញ្ចូល ទាំង​របប​អង្ករ ) នៅ​ខែមករា ឆ្នាំ​២០២០ ហើយនឹង​ត្រូវបាន​ដំឡើង​ដល់​ប្រមាណ ១២៥៦៩៧៧ រៀល ( គិត​បញ្ចូល​ទាំង​របប​អង្ករ ) ចាប់ពី​ខែមេសា ឆ្នាំ​២០២០​។​បៀវត្ស​យោធិន ( ពលទោ ) នឹង ត្រូវបាន​ដំឡើង​ពី​ចំនួន ១០៥៥៩០០ រៀល ( មិន​គិត​បញ្ចូល​របប​អង្ករ ) នៅ​ឆ្នាំ​២០១៩ ដល់​ប្រមាណ ១០៩៣៥០០ រៀល ( មិន​គិត​បញ្ចូល​របប​អង្ករ ) នៅ​ខែមករា ឆ្នាំ​២០២០ ហើយនឹង​ត្រូវ​ដំឡើង​ដល់ ១១២៣៥០០ រៀល ចាប់ពី​ខែមករា ឆ្នាំ​២០២០ បើ​គិត​បញ្ចូល​របប​អង្ករ ត្រូវជា​ប្រមាណ ១១៨១៩៧៧ រៀល​។​
​ ​
ទន្ទឹមនេះ សម្រាប់​ឆ្នាំ​២០២០ រាជរដ្ឋាភិបាល នឹងធ្វើ​ការកែសម្រួល​នូវ​កម្រិត​អប្បបរមា នៃ​ប្រាក់ បៀវត្ស ត្រូវ​ជាប់ពន្ធ ក្នុង​គោលបំណង​ផ្តល់​ការលើកទឹកចិត្ត និង​លើកកម្ពស់​កម្រិតជីវភាព​របស់ មន្ត្រីរាជការ​ស៊ីវិល គ្រូបង្រៀន គ្រូពេទ្យ នគរបាលជាតិ យោធិន ក៏ដូចជា កម្មករ និយោជិត ដែល​ទទួលបាន​ប្រាក់បៀវត្ស ចាប់ពី ១៣០០០០០ រៀល ចុះ ឲ្យ​រួច​ផុតពី​កាតព្វកិច្ច​បង់ពន្ធ​លើ ប្រាក់បៀវត្ស​។ ពោលគឺ​ប្រាក់ខែ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែល​នឹង​ឡើង ២​ដង នៅ​ឆ្នាំ​២០២០ មិន​ជាប់ពន្ធ​លើ​ប្រាក់ខែ​ឡើយ​។​

​ក្រៅពី​បាន​ដំឡើង​ប្រាក់បៀវត្ស​ជូន​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ រាជរដ្ឋា ភិបាល​ក៏បាន គ្រោង​ថវិកា​ចំនួន ៥០​ប៊ី​លាន​រៀល ស្មើ​ប្រមាណ ១២,៣២ លាន​ដុល្លារ​ត្រូវ​បានគ្រោង​សម្រាប់ មូលនិធិ​ថែទាំ​សុខភាព​ជូន​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​និវត្តជន​។ រាជរដ្ឋាភិបាល ក៏បាន​បន្ត​គ្រោង​ថវិកា​ចំនួន ៦ ប៊ី​លាន​រៀល ស្មើ​ប្រមាណ ១,៤៨ លាន​ដុល្លារ ដើម្បី​ទ្រទ្រង់​របប​សន្តិសុខ​សង្គម ផ្នែក​ហានិ ភ័យ​ការងារ សម្រាប់​មន្ត្រី​សាធារណៈ​នៅក្នុង​កញ្ចប់ ថវិកា​របស់​ក្រសួងសុខាភិបាល​។​

​ចំពោះ​ប្រាក់​សោធន​និវត្តន៍ ក៏ត្រូវ​បានគ្រោង​ថវិកា ចំនួន ៦០ ប៊ី​លាន​រៀល ស្មើ​ប្រមាណ ១៤,៧៨ លាន​ដុល្លារ សម្រាប់​ការដំឡើង​របប​សោធន​ប្រចាំខែ​ទាប​បំផុត ជូន​ដល់​និវត្តជន​ដែលជា​អតីតមន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​ផងដែរ​។​

​នៅ​ឆ្នាំ​២០២០ ក្រៅពី​ប្រាក់ខែ​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​នឹងត្រូវ​ឡើង​ពីរដងហើយ​នោះ គឺ​ប្រាក់ខែ​ទាប​បំផុត​របស់​កម្មករនិយោជិត ក្នុង​វិស័យ​កាត់ដេរ ក៏ត្រូវ​ឡើងដល់ ១៩០ ដុល្លារ ខណៈដែល​នៅ​ឆ្នាំ​២០១៩​នេះ កម្មករ​កាត់ដេរ ទទួលបាន​ប្រាក់ខែ​ទាប​បំផុត ១៨២ ដុល្លារ​។ នេះ​មិនទាន់​គិតដល់​ប្រាក់​អត្ថប្រយោជន៍​ដទៃទៀត​ឡើយ​។​

​ទាំង​ប្រាក់ខែ​មន្ត្រីរាជការ និង​ទាំង​ប្រាក់ខែ​កម្មករនិយោជិត ដែល​ត្រូវ​ឡើង នៅ​ឆ្នាំ​២០២០ គឺ​រាជរដ្ឋាភិបាល បានគិត​គូរ លៃលក​រួចហើយ មិន​ឲ្យ​ជាប់ពន្ធ​លើ​ប្រាក់ខែ​អប្បបរមា​ទាំងនេះ​ទេ​។

​សរុបមក រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ប្រាក់ខែ​មន្ត្រីរាជការស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ ត្រូវបាន​ដំឡើងមួយឆ្នាំ ចំនួនពីរ​ដងដោយ​មិនទាន់​គិតពីប្រាក់​លើកទឹកចិត្ត ដែល​រាជរដ្ឋាភិបាល តែងតែ​ផ្តល់ជូន​មន្ត្រីរាជការ​គ្រប់រូបនៅ​បុណ្យចូលឆ្នាំ និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ រៀងរាល់ឆ្នាំ​នោះទេ​។ រីឯ​កម្មករ​កាត់ដេរ ក៏​ដូចគ្នា គឺ​មួយឆ្នាំ​ឡើង​ប្រាក់ ខែម្តង​។

​ទាំង​មន្ត្រីរាជការ និង​ទាំង​កម្មករ​កាត់ដេរ ទោះជា​មិនបាន​ឡើង​ប្រាក់​ដូច​ការសន្យា​ខ្យល់​របស់​អ្នកនយោបាយ​មួយចំនួន តែ​រាជរដ្ឋាភិបាលបាន​ដំ​ឡើងជា​បណ្តើរៗ រៀងរាល់ឆ្នាំ​។ ពោលគឺ «​បាន​តិច ជាជាង​មិនបាន​អ្វី​សោះ​»៕ ដោយៈ ម៉េង​ឆៃ​/Ha