មិន​ថា​ស្រុក​ខ្មែរ សូម្បី​នៅ​អាមេរិក​ក៏ iPhone 8 លក់​មិន​ដាច់​ដែរ​

506

iPhone 8 និង 8 Plus ហាក់​ធ្វើ​ឲ្យ​ទឹកចិត្ត​អ្នកគាំទ្រ​ផលិតផល Apple នៅ​ទូទាំង​ពិភពលោក​អន់ចិត្ត​មិន​ស្ទើរ ខណៈ​ចំនួន​នៃ​ការលក់​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​នេះ ធ្លាក់ចុះ​យ៉ាងច្រើន បើ​ធៀប​នឹង iPhone 7 និង 7 Plus​។​

​យោងតាម​របាយការណ៍​ទីផ្សារ​គ្រឿង​អេឡិចត្រូនិក​របស់​អាមេរិក​បង្ហាញ​ថា ចំនួន​លក់​របស់ iPhone 8 និង 8 Plus គឺ​មិនមាន​លទ្ធផល​ល្អ ស្រប​ពេលដែល​ចំនួន​លក់ iPhone 7 និង 7 Plus នៅតែ​ត្រូវប៉ាន់​។​

​ការលក់​បាន​តិច​សម្រាប់ iPhone 8 និង 8 Plus នេះ គឺ​គេ​អាច​មើលឃើញ​យ៉ាងច្បាស់​ពី​បច្ចេកវិទ្យា និង​ការ​រចនា​ខុសគ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ​ពី iPhone 7 និង 7 Plus ប៉ុន្តែ​តម្លៃ​ខ្ពស់ជាង ដែល iPhone 8 តម្លៃ​ផ្ដើម​ពី ៦៩៩ ដុល្លារ ហើយ iPhone 7 ផ្ដើម​ពី ៥៤៩ ដុល្លារ ។​

​របាយការណ៍​នេះ​នៅ​បញ្ជាក់ថា អ្នកគាំទ្រ​ជាច្រើន​របស់ Apple កំពុង​រងចាំ​ទិញយក iPhone X ដែល​នឹង​ចេញលក់​នា​ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ ជាមួយ​តម្លៃ​ចាប់ផ្ដើម​ពី ៩៩៩ ដុល្លារ ។​

​ទាក់ទង​នឹង​ការលក់​មិនសូវ​បាន iPhone 8 និង 8 Plus នេះ គឺ​មិនមែន​តែ​ទីផ្សារ​អាមេរិក​ប៉ុណ្ណោះ​ទេ សូម្បី​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ក៏​ចំនួន​លក់​មានការ​ធ្លាក់​ចុះ​ប្រមាណ ៥០% បើ​ធៀប​នឹង iPhone 7 និង 7Plus​។ នេះ​បើ​យោងតាម​ការសាកសួរ​ហាង​ទូរ​សព្ទ​មួ​ួ​យ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ​៕

​ប្រភព​៖ Reuters ប្រែ​សម្រួល​៖ រដ្ឋ​/sn