មិន​ធម្មតា គ្រូពេទ្យ​វៀតណាម​រៀន​ក្បាច់គុណ​ដើម្បី​ការពារ​ខ្លួន​ក្រោយ​រង​ការវាយប្រហារ​បន្តបន្ទាប់​

3458
ចែករម្លែក
  • 19
    Shares

​បណ្តា​មន្ទីរពេទ្យ​វៀតណាម​មិន​ត្រឹមតែ​បន្ថែម​សន្តិសុខ​តែ​បាន​ជួល​គ្រូ​ក្បាច់គុណ​មក​បង្រៀន​ក្រុមគ្រូពេទ្យ រួម​ទាំង​វេជ្ជបណ្ឌិត​អំពី​វិធី​ការពារ​ខ្លួន​ពី​ការវាយប្រហារ​ក្រោយ​​ពី​មាន​ឧបទ្ទវហេតុ​ភ្ញៀវ​វាយ​លើ​គ្រូពេទ្យ​ជា​បន្តបន្ទាប់​ដែល​បង្ក​កំហឹង​និង​ក្លាយជា​ប្រធានបទ​សារព័ត៌មាន​នៅ​ខែ​នេះ​។​

​មន្ទីរពេទ្យ​Viet Tiep Hospital នៅ​ក្រុង​ហាយ​ហ្វុង បានដាក់​ប៉ុស្តិ៍​ប៉ូលិស​និង​បង្កើត​ខ្សែ​ទូរស័ព្ទ​hotlines​ដើម្បី​ដោះស្រាយ​ឧបទ្ទវហេតុ​ណាមួយ​ក្នុង​បរិវេណ​ពេទ្យ​។​ពួក​​វេជ្ជបណ្ឌិត​ថែមទាំង​ចូល​វគ្គ​បណ្តុះបណ្តាល​អំពី​របៀប​ដោះស្រាយ​សម្រួល​សភាពការណ៍​ហិង្សា​ដែល​អាច​កើតមាន​។​

​មន្ទីរពេទ្យ​Thong Nhat Hospital​ក្នុង​ក្រុង​ហូ​ជី​មី​ញ បានដាក់​កាមេរ៉ា​សន្តិសុខ និង​ពង្រាយ​អ្នកយាម​នៅតាម​បន្ទប់​នីមួយៗ​ដើម្បី​ពង្រឹង​សន្តិសុខ​។​ពួក​បុគ្គលិក​ពេទ្យ​ក៏​​ទទួល​ការបណ្តុះបណ្តាល​វិធី​ដោះស្រាយ​ស្ថានភាព​គ្រាអាសន្ន​។​

​មន្ទីរពេទ្យ​Cho Ray Hospital​នៅ​ក្រុង​ហូ​ជី​មី​ញ ក៏​បាន​ណែនាំ​អោយ​ពួក​វេជ្ជបណ្ឌិត​និង​គិលានុបដ្ឋាក គិលានុបដ្ឋាយិកា​នៅ​ស្ងៀម​ចំពោះ​អ្នក​ជម្ងឺ​ក្រេប​វ​ក្រោធ​និង​សាច់ញាតិ​​របស់គេ តែ​បាន​ដាក់​សន្តិសុខ​៨០​នាក់​។​

​នាយក​មន្ទីរពេទ្យ​លោក​Nguyen Truong Son​បានអោយដឹងថា​” យើង​ក៏​ចាប់ផ្តើម​បង្ហាត់​ក្បាច់គុណ​ដល់​បុគ្គលិក​ពេទ្យ​សម្រាប់​ការពារ​ខ្លួន​តែប៉ុណ្ណោះ​។​វា​ក៏​ល្អ​សំរាប់​សុខ​​ភាព​ផងដែរ​”​។​

​មន្ទីរពេទ្យ​Hung Vuong Hospital នៅ​ខេត្ត​ភូ​ថូ​ភាគ​ខាងជើង ឥឡូវ​បាន​បណ្តុះបណ្តាល​ក្បាច់គុណ​៣​វគ្គ​ដល់​និយោជិត​របស់ខ្លួន​ក្នុង​មួយ​សប្តាហ៍ៗ​។​

​ករណី​ចុងក្រោយ​ដែល​គ្រូពេទ្យ​ត្រូវបាន​គេ​វាយ​ក្នុង​មន្ទីរពេទ្យ​វៀតណាម​ផ្ទាល់​បាន​កើតឡើង​កាលពី​សប្តាហ៍​មុន​នៅ​មន្ទីរពេទ្យ Saint Paul’s Hospital​ក្នុង​ក្រុង​ហាណូយ​​នៅពេល​វេជ្ជបណ្ឌិត​Vu Hong Chien​ត្រូវបាន​ឪពុក​របស់​អ្នក​ជម្ងឺ​អាយុ​៧​ឆ្នាំ​ម្នាក់​ដាល់​ផង​ត្បកក្បាល​ផង​។​ឧបទ្ទវហេតុ​នេះ​ថត​ដោយ​កាមេរ៉ា​សន្តិសុខ និង​ក្លាយជា​ព័ត៌មាន​​ចាប់អារម្មណ៍​បំផុត​នៅក្នុង​ស្រុក​។​

​កាលពី​សប្តាហ៍​មុន តុលាការ​វៀតណាម​ក៏​បាន​កាត់ទោស​អោយ​បុរស​បី​នាក់​ជាប់គុក​ចំពោះ​ការ​វាយ​វេជ្ជបណ្ឌិត​ម្នាក់​កាលពី​ឆ្នាំមុន​៕​ដោយ​៖​វាសនា​

​បុគ្គលិក​ពេទ្យ​ចូលរួម​វគ្គ​ហាត់​ក្បាច់គុណ​នៅ​មន្ទីរពេទ្យ​Hung Vuong Hospital នៃ​ខេត្ត​ភូ​ថូ​

#