មិន​នឹកស្មាន​តារា​កំប្លែង នាង​កា​តុ សំងំ​បង្កើត​ក្បាច់​រាំ​ថ្មីៗ​សោះ​

347

(​ភ្នំពេញ​)៖ គ្រាន់តែ​ចូលដល់​រដូវ​មង្គលការ​ភ្លាម តារា​កំប្លែង​ស្រី មាត់ដាច នាង កា​តុ ដែល​ទស្សនិកជន ទទួលស្គាល់ថា ជា​អ្នក​ច្រៀង​ភ្លេង​ការ​អាជីព រួមទាំង​ភាព​កំប្លែង មិនចេះ​រីងស្ងួត បានធ្វើ​ឲ្យ​កិច្ចការ​មួយ​នេះ រុញ​នាង​មិនមាន​ពេល​សម្រាក សម្រាប់​វេលា​ចុងឆ្នាំ​។

​ទោះបីជា​មិនមាន​ពេល សម្រាប់​ក្រុមគ្រួសារ​បង្កើតកូន​បន្ត​ទៀត ប៉ុន្តែ ស្រី​តុ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​រូបនាង កាន់តែ​ឆ្ងល់​ថា តារា​កំប្លែង​រូបនេះ ពិតជា​បាន​វិវឌ្ឍន៍​ខ្លួន ពី​តារា​កំប្លែង ទៅជា​អ្នក​ច្រៀង​ភ្លេង​ការ កាត់សក់ យ៉ាង​ស្ទាត់ជំនាញ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ថ្មីៗ​នេះ គេ​រឹតតែ​ឆ្ងល់​ថែម​ទៀតថា ហេតុ​អី​ស្រី​តុ​ប្រឹងប្រែង​បង្កើត ស្នាដៃ​ច្រើន​ម្ល៉េះ ប្រសិនបើ​នាង​ត្រឹមតែ​ទទួល​ការងារ​កំប្លែង និង​ច្រៀង​ភ្លេង​ការ​កាត់សក់​នោះ​នាង​គ្មាន​ពេល ទៅហើយ ចុះ​ហេតុ​អី នាង​ត្រូវបង្កើត​ក្រុម​រាំ​ខ្លួនឯង​បន្ថែមទៀត​។

​ការលើក​ឡើងជា​ចម្ងល់​បែបនេះ ដោយសារតែ​កាលពី​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ កន្លងមក គេ​ឃើញ នាង កា​តុ ត្រូវបាន​ក្រុមហ៊ុន​ផ្សេងៗ អញ្ជើញ​ជាតា​រា​កិត្តិយស​ច្រៀង អបអរ​ក្នុង​ពិធី​ដោយ​ឡើង​ច្រៀង ជាមួយនឹង​ក្បាច់​រាំ​ប្លែកៗ អម​ជាមួយនឹង​ក្រុម​រាំ​របស់​នាង​ផងដែរ​។

​អីយ៉ា​ស់ មិនធម្មតា​មែន ដែល​នាង​ចង់​ពង្រឹង អាជីព​ចម្រៀង ឲ្យ​កាន់តែ​រឹងមាំ​បន្តទៀត ត្បិត អាជីព​ចម្រៀង ច្រៀង​រាំ ក៏​ជា​ចំណង់​ចំណូលចិត្ត របស់​នាង ដែល​នាង​ចង់​បង្កើន ភាព​លេចធ្លោ​បន្ថែមទៀត​។ ទាក់ទង​ទៅនឹង ការបង្កើត​ក្រុម​រាំ តារា​ស្រី​ល្បី​ថា និយាយ​មិន​ទាក់ កា​តុ គឺ​នាង​គ្រាន់តែ​ចង់​ធ្វើ​អ្វី ដែល​ថ្មី មិនមាន​ភាព​ច្រំ​ដែល នាង​ថា​ទោះបី​ពេលនេះ នាង​ជាតា​រា​កំប្លែង និង​ជា​អ្នក​ច្រៀង​ភ្លេងបុរាណ​ក្តី ប៉ុន្តែ​ការចាប់យក​អ្វី ដែល​ថ្មី វា​គឺជា​បទពិសោធន៍​មួយ ដើម្បី​ស្ទាបស្ទង់​សន្ទុះ នៃ​ការគាំទ្រ​របស់​មហាជន​។

​នាង​បន្តថា ប្រសិនបើ​នាង បង្កើត​ក្រុម​រាំ និង​ច្រៀង​រាំ​ជោគជ័យ​ខ្លាំង នាង​ក៏​មិន​បោះបង់​អាជីព​ណាមួយ ចោល​ដែល ពោល​នាង​គ្រាន់តែ​ចង់បង្ហាញ ដល់​ទស្សនិកជន នូវ​អ្វីដែល​នាង​ខិតខំ​ធ្វើ និង​អ្វីដែល​នាង​បាន ធ្វើឡើង​ថា វាទ​ទួលបាន​ផល​កម្រិតណា​។

​ក្រឡេកមើល​ការងារ​ច្រៀង​ភ្លេង​ការ​វិញ តារា​ស្រី​រូបនេះ បញ្ជាក់ថា នេះ​ជា​រដូវ​មង្គលការ​ហើយ ដូច្នេះ​នាង មមាញឹក​ណាស់ មួយខែ​មាន​៣០ ថ្ងៃ ការងារ​នាង​ចង់ ៤០ ថ្ងៃ ទៅហើយ ព្រោះ​ថ្ងៃ​ខ្លះ​ប្រសិនបើ​ចំ​ថ្ងៃ សៅរ៍​-​អាទិត្យ វិញ នាង​ត្រូវ​ទទួល​ច្រៀង ពីរ​រោង​ក្នុង​មួយថ្ងៃ​។ កា​តុ សង្កត់ធ្ងន់ថា ទោះបី​ថ្ងៃ​ខ្លះ នាង​ត្រូវ​រត់ ចុះ​រត់ឡើង ពីរ​រោង ក្នុង​មួយថ្ងៃ តែ​នាង​មិនដែល​ធ្វើ​ឲ្យ​ខកខាន ពេលវេលា​របស់​ម្ចាស់​ដើមការ​ដែល​បាន​អញ្ជើញ នាង​ឡើយ​៕ ដោយ​៖ បញ្ញា​សាស្ត្រ​

​ក្រុម​រាំ​របស់​តារា​កំប្លែង​នាង​កា​តុ​