មិន​នឹកស្មាន​! ស៊ី​លី​មាន​អច្ឆរិយៈ​ធម្មជាតិ​ដ៏​អស្ចារ្យ រួមទាំង វាល​ខ្សាច់​ស្ងួត​បំផុត ផ្ទាំង​ទឹកកក និង​ភ្នំ​ខ្ពស់ៗ​

265

ប្រទេស​ស៊ី​លី (​ខ្លះ​ហៅ ឈី​លី​) មាន​ជំនាញ​ឯកទេស​ខាង​អច្ឆរិយៈ​ធម្មជាតិ​អស្ចារ្យ​។

​    ​នៅ​ចម្ងាយ ៤.៣៤៥ គីឡូម៉ែត្រ ពី​ភាគ​ខាងជើង​ទៅខាង​ត្បូង ស៊ី​លី​ជា​ប្រទេស​វែង​បំផុត​មួយ​នៅលើ​ពិភពលោក ស៊ី​លី​មាន​វាល​ខ្សាច់​ស្ងួត​ជាងគេ​បំផុត​លើ​ពិភពលោក គឺ​វាល​ខ្សាច់​ឈ្មោះ អា​តា​កា​ម៉ា (Atakama) ហើយ​អ្នកនឹង​បានឃើញ​ផ្ទាំង​ទឹកកក​ខៀវស្រងាត់​នៅ​ចុង​ភាគខាងត្បូង​ប្រទេស​នេះ​។

​    ​ជួរ​ភ្នំ​អាន​ដេ​ស (Andes) ដ៏​អស្ចារ្យ​គឺ​លាតសន្ធឹង​ស្ទើរតែ​ពេញ​មួយ​ប្រទេស ហើយ​ផែនដី​កម្រើក​ឥតឈប់ឈរ​នៅ​ខាងក្រោម​ប្រទេស​ស៊ី​លី​។

​    ​នៅ​រដ្ឋធានី​សាន់ត្យាហ្គោ មាន​ភេសជ្ជៈ​មួយ​ហៅថា “Terremoto” មានន័យថា រញ្ជួយ​ផែនដី ដែលជា​ប្រភេទ​ភេសជ្ជៈ​ក្រឡុក​ជាមួយ​ក្រែ​ម​រសជាតិ​ម្នាស់​និង​ស្រា ។​

​    ​ឥឡូវនេះ​ក្រុមហ៊ុន​អាកាសចរណ៍ British Airways បានចាប់ផ្តើម​ហោះហើរ​ត្រង់ រយៈពេល ១៥ ម៉ោង​មកកាន់​រដ្ឋធានី ប្រទេស​នេះ ហើយ​អ្នកនឹង​បានឃើញ​ទេសភាព​ដ៏​អស្ចារ្យ​ទាំងអស់នេះ​ក្នុង​ដំណើរ​កម្សាន្ត​រយៈពេល ២ សប្តាហ៍​ពេញ​។ នេះ​មានន័យថា ការធ្វើដំណើរ​គឺ​តាម​យន្តហោះ​ភាគច្រើន តែ​វា​មានតម្លៃ​នឹងធ្វើ​ដំណើរ​ណា​ស់​។

​    ​ជនជាតិ​ស៊ី​លី​មាន​លក្ខណៈ​អភិរក្ស​ជាង​ប្រទេស​ឡាទីន​ជិតខាង ហើយ​ពួកគេ​តែង​គិតថា ពួកគេ​ជា​អ្នករស់នៅ​កោះ ដាច់​សង្វេគ​ពី​ទ្វីបអាមេរិក​ឡាទីន​ទាំងមូល​។

​    ​អ្នក​អាច​ចាប់ផ្តើម​ដំណើរ​កម្សាន្ត​ចេញពី​ភាគ​ខាងជើង គឺ​ឆ្លងកាត់​វាល​ខ្សាច់​អា​តា​កា​ម៉ា មុនគេ ។ ការធ្វើដំណើរ​គឺ​ត្រូវ​ឆ្លងកាត់​រវាង​ទីក្រុង​កាឡា​ម៉ា និង តំបន់​បោះតង់ សាន់ ប៉េ​ត្រូ ដេ អា​តា​កា​ម៉ា ។ ប៉ុន្តែ​ការធ្វើដំណើរ​ឆ្លងកាត់​ទី​នោះ​ក៏មាន​គ្រោះថ្នាក់​ណាស់ដែរ ជាពិសេស​មាន​ស្លាក​សញ្ញា​សម្គាល់​អំពី​គ្រោះថ្នាក់​ជាច្រើន​បង្ហាញ​តាម​ដងផ្លូវ​។

​    ​ពេលទៅដល់​សណ្ឋាគារ Tierra Atacama Hotel អ្នក​នឹងមាន​អារម្មណ៍​នឹង​ធូរស្បើយ ព្រោះតែ​ទេសភាព​ជួរ​ភ្នំ​អាន​ដេ​ស ដែលមាន​ផ្ទាំង​ទឹកកក​គ្របដណ្តប់​ពីលើ​កំពូល រីឯ​សួន​នៅ​លើដី​រាបស្មើ​វិញ​គឺ​ពោរពេញ​ដោយ​ស្មៅ​ខៀវស្រងាត់ និង​មាន​បា​មួយ​បម្រើ​នូវ​ភេសជ្ជៈ​ប្រចាំត្រកូល មាន​រសជាតិ​ជូរៗ​។

​    ​ស្នាក់នៅ​សណ្ឋាគារ​នេះ​ពិតជា​អស្ចារ្យ​ណាស់ ព្រោះ​ការធ្វើដំណើរ​ទៅគ្រប់​កន្លែង​នៅ​តំបន់​នោះ គឺ​បាន​បូក​បញ្ចូល​ក្នុង​កញ្ចប់​ធ្វើដំណើរ​រួម រួច​អស់ហើយ មិនចាំបាច់​ចំណាយ​ពីរដង​នោះឡើយ​។

​    ​បន្ទាប់មក អ្នក​អាច​ចាប់ផ្តើម​ការធ្វើដំណើរ​ឡើង​ជ្រលង​ភ្នំ​ព្រះ​ចន្ទ (​កម្ពស់ ២.៤០០ ម៉ែត្រ​) បន្ទាប់មក​ឡើងទៅ​ងូតទឹក​ក្តៅ​លើ​ភ្នំ​ពូ​រីតា​ម៉ា (​កម្ពស់ ២.៨០០ ម៉ែត្រ​) ។

​    ​បន្ទាប់មក​នៅពេល​ថ្ងៃ​ជិត​លិច ចុះទៅ​លេង​នៅ​វាលស្រែ​អំបិលស​ក្បុស ឈ្មោះ El Tatio Geysers លាតសន្ធឹង​ប្រវែង ៤.៣០០ ម៉ែត្រ ដែល​មើលទៅ​ស្រស់ស្អាត​ទាក់ទាញ​មែនទែន ពេល​ព្រះអាទិត្យ​រាប​លិច​។ វាលស្រែ​អំបិល​នេះ​មាន​អាកាសធាតុ​ត្រជាក់​រហូតដល់​ទៅ ដក ២ អង្សារ ដូច្នេះ អ្នក​ត្រូវ​ពាក់អាវ​រងា មិន​ដូច្នេះ​ទេ អាច​ត្រជាក់​ស្លាប់​។

​    ​ហើយ​ប្រសិនបើ​ចង់ឃើញ​ផ្ទាំង​ទឹកកក​លើ​សមុទ្រ​ស្អាតៗ អ្នក​ត្រូវ​បន្តដំណើរ​ឆ្ពោះទៅ​ភាគខាងត្បូង​ប្រទេស​៕

អ្នកទេសចរ​អាច​ឃើញ​វាល​ខ្សាច់ ផ្ទាំង​ទឹក​ក និង​ភ្នំ​ខ្ពស់ៗ​នៅ​ស៊ី​លី ក្នុង​ដំណើរ​កម្សាន្ត​រយៈពេល ២ សប្តាហ៍​ពេញ