មីស៊ីលប្រឆាំងនាវា Sea Venom របស់បារាំងនិងអង់គ្លេស ជាប់ ការធ្វើតេស្តដំណាក់កាលដំបូង

274
ចែករម្លែក

គម្រោងមីស៊ីលប្រឆាំងនាវារួមគ្នារវាងរដ្ឋាភិបាលក្រុងប៉ារីសនិងក្រុងឡុងដ៍បានឈានដល់ចំណុចសំខាន់កាលពីខែមុន នៅពេលមីស៊ីល Sea Venom បានជាប់ការធ្វើតេស្តបាញ់លើកដំបូងរបស់ខ្លួន។

ក្រុមហ៊ុនផលិតមីស៊ីលអឺរ៉ុបឈ្មោះ MBDA Systems បានប្រកាសកាល ពីថ្ងៃសុក្រទី៦មីនា នូវការធ្វើតេស្តជោគជ័យក្នុងខែកុម្ភៈលើមីស៊ីលប្រឆាំង នាវាថ្មីរបស់ខ្លួនឈ្មោះ Sea Venom ដោយបង្ហាញពីសមត្ថភាពហោះហើរ លើសមុទ្រនិងគោលដៅដែលអាចសម្រិតសម្រាំងបានរបស់វា។

សេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៦មីនាបានលើកឡើងថា ការធ្វើតេស្ត បានធ្វើឡើងនៅឯទីតាំងសាកល្បងមីស៊ីល Essais de នៃអគ្គនាយកដ្ឋាន សព្វាវុធនៅជិតតំបន់ Ile Du Levant ក្បែរឆ្នេររីវើរ៉ារបស់បារាំង ហើយមីស៊ីលនោះត្រូវបានបាញ់ចេញពីឧទ្ធម្ភាគចក្របារាំង Dauphin នៅកម្ពស់ទាបជាអប្បបរមា ដោយឈានដល់ដំណាក់កាលល្បឿន បញ្ជាទិសរបស់វាខណៈហោះហើរលើសមុទ្រនៅកម្ពស់ទាបបំផុត។ អាវុធនេះមានសមត្ថភាពអាចចាក់សោបន្ទាប់ពីបាញ់ (LOAL) និងចាក់សោ មុនពេលបាញ់ (LOBL) ។

ក្រុមហ៊ុន MBDA បានកត់សម្គាល់ថា “នៅក្នុងដំណាក់កាលចុងក្រោយរបស់វា អាកាសយានិកបានប្រើរូបភាពពីឧបករណ៍ចាប់អ៊ីនហ្វ្រារ៉េដ ដែលបញ្ជូនតាម រយៈដំណទិន្នន័យ ដើម្បីអនុវត្តការតម្រង់គោលដៅដោយដៃជោគជ័យ។ បន្ទាប់មកមីស៊ីលហោះតាមទីតាំងដែលបានកំណត់រហូតដល់ឈានដល់គោលដៅជាមួយភាពច្បាស់លាស់ខ្ពស់បំផុត”។

ក្រុមហ៊ុន MBDA Systems កំពុងផលិតមីស៊ីល Sea Venom លើកិច្ចសន្យា រួមគ្នាតម្លៃ ៦៣០ លានដុល្លារពីរដ្ឋាភិបាលអង់គ្លេសនិងបារាំង។ មីស៊ីលនេះ រំពឹងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ ២០២១៕ ដោយ៖ កញ្ញាដាលីស/Ha