មី​ត រ៉​មនី បើក​ការវាយប្រហារ​ខ្លាំងៗ​ទៅលើ​ចរិតលក្ខណៈ​របស់លោក​ត្រាំ​

584
ចែករម្លែក
  • 21
    Shares

​លោក​មី​ត រ៉​មនី ព្រឹទ្ធសមាជិក​ដែល​ជិត​ចូលកាន់​តំណែង​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២​មករា​ថា លោក​មិន​ប្រាកដថា នរណា​នឹង​ត្រូវបាន​គាំទ្រ​ឱ្យ​កាន់តំណែង​នៅ​សេត​វិមាន​ក្នុង​ឆ្នាំ ២០២០ ដោយ​និយាយថា លោក​នឹង​ពិចារណា​លើ “​ជម្រើស​ផ្សេង​” ក្រៅពី​លោក​ដូ​ណា​ល់ ត្រាំ ដែល​លោក​និយាយថា​អាណត្តិ​របស់គាត់​កំពុង​ជិត​ផុត​។​

​ការបញ្ចេញ​មតិយោបល់​នេះ​នៅលើ​កញ្ចក់​ទូរទស្សន៍ CNN បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​ឆ្នាំ​២០១២​រូបនេះ បាន​ផ្សាយ​ការរិះគន់​ខ្លាំងៗ​មកលើ​លោក​ត្រាំ ដោយ​និយាយថា លោក​ត្រាំ “​មិន​សម​មកកាន់​ការទទួលខុសត្រូវ​ក្នុង​តំណែង​ប្រធានាធិបតី​ទេ​” ហើយ​សកម្មភាព​របស់​គាត់​បានធ្វើ​ឱ្យដាច់​សម្ព័ន្ធ​មិត្ត​អាមេរិក​។​

​ទាក់ទង​នឹង​ការគាំទ្រ​បេក្ខជន​ប្រធានាធិបតី លោក​រ៉​មនី​បាន​និយាយថា “​ខ្ញុំ​គិតថា​វា​ដូចជា​ឆាប់​ពេក​ក្នុងការ​សម្រេចចិត្ត​លើ​រឿងនេះ ហើយ​ខ្ញុំ​ចង់ឃើញ​ថា​តើ​ជម្រើស​ផ្សេង​ជា​អ្វី​”​។​

​ក្នុងនាម​ជា​ព្រឹទ្ធសមាជិក គាត់​បាន​ប្តេជ្ញា​ថា​នឹង​បោះឆ្នោត​ជាមួយ​មនសិការ​របស់​គាត់ ទោះបីជា​វា​មានន័យថា​ត្រូវ​ប្រឆាំងនឹង​លោក​ត្រាំ និង​គណបក្ស​របស់គាត់​ក៏ដោយ​។​

​ប៉ុន្តែ​លោក​រ៉​មនី ដែល​កំពុង​ត្រៀម​ចូល​អង្គុយ​ក្នុង​សភា​ថ្មី បាន​បដិសេធ​រាល់​ការលើកឡើង​ថា​គាត់​កំពុង​ពិចារណា​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​មួយលើកទៀត ដោយ​និយាយថា “​ខ្ញុំ​មានបទពិសោធន៍​នោះ​រួចហើយ​។ ហើយ​ម្យ៉ាងវិញទៀត ខ្ញុំ​ទទួលស្គាល់ថា លោក​ប្រធានាធិបតី​បានទទួល​ជោគជ័យ​។ ហើយ​ខ្ញុំ​មិន​ជោគជ័យ​ទេ​”​។​

​ការអត្ថាធិប្បាយ​មុនៗ​របស់លោក​រ៉​មនី​ហាក់ដូចជា​បង្ហាញថា លោក​កំពុងតែ​ត្រៀមខ្លួន​ទទួលយក​តួនាទី​របស់លោក​ជេ​ហ្វ ផ្លេក (Jeff Flake) ដែលជា​ព្រឹទ្ធសមាជិក​ត្រៀម​ចេញពី​តំណែង​មួយរូប ដែល​តែងតែ​រិះគន់​លោក​ត្រាំ​។​

​លោក​រ៉​មនី​បាន​សរសេរ​រិះគន់​នៅលើ​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ទី​១​មករា​ថា “​ជាមួយ​ប្រទេសជាតិ​កំពុង​បែកបាក់ កំពុង​ថ្នាំងថ្នាក់ និង​ខឹងសម្បារ ប្រធានាធិបតី​ដឹកនាំ​ប្រទេស​ដែលមាន​ចរិតលក្ខណៈ​ពោរពេញ​ដោយ​គុណភាព​គឺ​ត្រូវ​ការមិនអាច​ខ្វះ​បានឡើយ​”​។​

​លោក​បាន​បន្ថែមថា​ទង្វើ​របស់លោក​ត្រាំ​បាន​បង្កឱ្យមាន “​ការស្រងាកចិត្ត​នៅ​ជុំវិញ​ពិភពលោក​” និង​ធ្វើ​ឱ្យដាច់​សម្ព័ន្ធមិត្ត​ជា​ប្រពៃណី​នៅ​អឺរ៉ុប​៕ ដោយ៖ កញ្ញាដាលីស

លោក​រ៉​មនី និង លោក​ត្រាំ