មី​យ៉ាន់​ម៉ា​ដុតបំផ្លាញ​ភ្លុក​ដំរី​និង​បំណែក​នៃ​សត្វព្រៃ​ដើម្បី​រារាំង​ការជួញដូរ​ខុសច្បាប់​

824
ចែករម្លែក

អាជ្ញាធរមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍ទី៤តុលាបានដុតបំផ្លាញចោលភ្លុកដំរីរាប់រយ ស្រកាពង្រូលនិងបំណែកសត្វព្រៃផ្សេងៗ ដែលមានតំលៃ១,៣លានដុល្លារនៅលើទីផ្សារងងឹត ជាផ្នែកនៃការបង្រ្កាបលើការជួញដូរសត្វព្រៃខុសច្បាប់។

អណ្តាតភ្លើងចេញពីគំនរភ្លុកដំរីនៅពេលវាត្រូវបានដុតជាមួយបំណែកសត្វព្រៃខុសច្បាប់ដោយអាជ្ញាធរមីយ៉ាន់ម៉ាកាលពីថ្ងៃ៤តុលា

អាជ្ញាធរបានដុតបំផ្លាញភ្លុកដំរី២៧៧ ស្នែងប្រើស១.៥៤៤ ឆ្អឹងខ្លា១៨០ដុំ និងបំណែកសត្វព្រៃផ្សេងទៀតទម្ងន់ជាង១,៤តោននៅក្នុងរដ្ឋធានីណៃពីដោ។

រដ្ឋមន្រ្តីក្រសួងប្រភពធនធានធម្មជាតិនិងការអភិរក្សបរិស្ថាន បាននិយាយនៅក្នុងពិធីដុតបំផ្លាញនេះថា” វាសំខាន់ណាស់ដែលរក្សាប្រភពធនធានធម្មជាតិរបស់យើងរួមមានដី ទឹក ភ្នំនិងសត្វព្រៃ ដើម្បីជាប្រយោជន៍នៃជំនាន់ខាងមុខរបស់យើង”។

មីយ៉ាន់ម៉ា ដែលនៅជាប់តំបន់ត្រីកោណមាស ជាប់ព្រំដែនថៃនិងឡាវ ជាមជ្ឈមណ្ឌលជំនួញសត្វព្រៃខុសច្បាប់ ដោយទំនិញត្រូវបានលួចនាំចេញទៅកាន់ប្រទេសចិន។

របាយការណ៍មួយពីក្រុមអភិរក្សSave the Elephants នៅសប្តាហ៍នេះបាននិយាយថាបំរាមកាលពីពេលថ្មីៗរបស់ចិនលើជំនួញភ្លុកបានជួយតិចតួចក្នុងការបញ្ឈប់កំណើនជំនួញដែលចំណេញខ្លាំងនេះនៅក្នុងទីប្រជុំជនម៉ុងឡា ជាប់ព្រំដែនមីយ៉ាន់ម៉ា-ចិនដែលនៅទីនោះការលក់ដូរភ្លុកបានកើន៦០ភាគរយនៅរយៈពេល៣ឆ្នាំមកនេះ៕ដោយ៖វាសនា