មី​យ៉ាន់​ម៉ា​និយាយថា​ការរកឃើញ​របស់​អង្គការសហប្រជាជាតិ​អំពី​សិទ្ធិមនុស្ស ខ្វះ​ការជឿទុកចិត្ត​

1058
ចែករម្លែក

​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​អង្គារ​ទី​១៣​មីនា​បាន​ច្រានចោល​របាយការណ៍​២​ដែល​បង្ហាញ​ដល់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ដែល​បាន​សន្និដ្ឋានថា​ខ្លួន​បាន​ប្រព្រឹត្ត​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​ទំនងជា​បទឧក្រិដ្ឋ ក្រោម​ច្បាប់​អន្តរជាតិ​ពាក់ព័ន្ធ​ការបង្ក្រាប​​ប្រឆាំង​ក្រុម​ជនជាតិភាគតិច​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា លោក Zaw Htay​បាន​និយាយថា​របាយការណ៍​ដែល​បានបង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​បេសកកម្ម​ស្វែង​​រក​ការពិត​ឯករាជ្យ​អំពី​មី​យ៉ាន់​ម៉ា​និង លោក​ស្ត្រី Yanghee Lee អ្នករាយការណ៍ ពិសេស​ស្តីពី​សិទ្ធិមនុស្ស​នៅ​មី​យ៉ាន់​ម៉ា​នោះបាន​ខ្វះ​សេច​​ក្ដី​ជឿ​ទុកចិត្តបាន​។​

​របាយការណ៍​នៃ​ក្រុម​បេសកកម្ម​ស្វែងរក​ការពិត​នេះ ត្រូវបាន​ផ្អែកលើ​ការរាយការណ៍​របស់​ជ​ន​រងគ្រោះ​រាប់រយ​នាក់​និង​ក្រុម​អ្នកឃើញ​​ហេតុការណ៍​អំពី​ការរំលោភ​សិទ្ធិមនុស្ស ហើយ​របាយការណ៍​នេះ​ក៏​ទទួលបាន​ពី​ការថត​រូបភាព​តាម​ផ្កាយរណប រូបថត និង វីដេអូ​ផង​​ដែរ​។ ក្រុម​បេសកកម្ម​ស្វែងរក​ការពិត​នេះ​ត្រូវបាន​ដឹកនាំ​ដោយ លោក Marzuki Darusman អតីត​អគ្គ​រដ្ឋអាជ្ញា​ឥណ្ឌូនេស៊ី​។​

​សមាជិក​របស់​បេសកកម្ម​នេះ ត្រូវបាន​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​រារាំង​មិនអោយ​ចូលក្នុង​ប្រទេស​នេះ​ដូច្នេះ ក្រុម​អ្នកស្រាវជ្រាវ បាន​សម្ភាស​ជន​​ភៀសខ្លួន​និង​អ្នកដទៃ​ទៀត​នៅ​ប្រទេស​បង់​ក្លា​ដែ​ស​ម៉ាឡេស៊ី និង ថៃ​។​

​លោក Zaw Htay បាន​និយាយថា មី​យ៉ាន់​ម៉ា​បាន​ហាមឃាត់​ក្រុម​បេសកកម្ម​ស្វែងរក​ការពិត​នេះ​ព្រោះ​ក្រុម​នេះ បាន​ច្រានចោល​ភាព​​ស្របច្បាប់​របស់ខ្លួន​។ លោក​បាន​ចោទសួរ​អំពី​ភាព​អាច​ជឿជាក់​នៃ​ការស្រាវជ្រាវ​របស់​ក្រុម​នេះ​និង​ការសង្ស័យ​ទៅលើ​ភាពជឿជាក់​នៃ​​រឿងរ៉ាវ​របស់​ក្រុម​ជនភៀសខ្លួន​។​

​លោក Zaw Htay បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​AP ថា​”​យើង​មិន​បដិសេធ​ការរំលោភ​សិទ្ធិ​នោះទេ​ប៉ុន្តែ​យើង​កំពុង​ស្នើសុំ​ឱ្យមាន​ភស្តុតាង​រឹងមាំ​ផ្អែកលើ​ការពិត និង​គួរឱ្យ​ទុកចិត្ត​ចំពោះ​ការចោទប្រកាន់ ដែល​ពួកគេ កំពុង​ចោទប្រកាន់​នោះ ” ៕ដោយ៖សុខា

ពួកក្មេង​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា រង់ចាំ​ទទួល​អំណោយ​ម្អូ​ប​អាហារ​នៅ​ជំរំ​ភៀសខ្លួន​Thaingkhali នៅ​បង់​ក្លា​ដែ​ស កាលពី​ឆ្នាំ​២០១៧

#