មី​យ៉ាន់​ម៉ា ច្រានចោល​ការស៊ើបអង្កេត​របស់​សហប្រជាជាតិ​អំពី​ការរំលោភ​លើ​ជន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​

801
ចែករម្លែក

របាយការណ៍របស់អង្គការសហប្រជាជាតិមួយនិយាយថាមានភស្តុតាងអំពីការប្រល័យពូជសាសន៍និងការប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ”ដែលត្រូវបានប្រព្រឹត្តឡើងទ្រង់ទ្រាយធំមួយ” ទៅលើជនរ៉ូហ៊ីងយ៉ា តែអាជ្ញាធរ​មីយ៉ាន់ម៉ាកាលពីថ្ងៃពុធទី២៩សីហា បានច្រានចោលរបាយការណ៍នេះ​​​​។

មីយ៉ាន់ម៉ា បានស្ថិតក្រោមសម្ពាធសែនខ្លាំងនៅសប្តាហ៍នេះដោយសារតែការបង្រ្កាបដោយយោធាមីយ៉ាន់ម៉ាកាលពីឆ្នាំមុនដែលនាំអោយជនរ៉ូហ៊ីងយ៉ាប្រមាណ៧សែននាក់ភៀសខ្លួនចូលក្នុងប្រទេសបង់ក្លាដែសជិតខាង។

របាយការណ៍កាលពីថ្ងៃចន្ទរបស់បេសកកម្មស្វែងរកការពិត បាននិយាយថាមានភស្តុងតាងអំពីការប្រល័យពូជសាសន៍និងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិជាលក្ខណៈទ្រង់ទ្រាយធំ។អង្គប្រជុំមួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីយប់ថ្ងៃអង្គារ បានអំពាវនាវអោយពួកមេដឹកនាំយោធាមីយ៉ាន់ម៉ាប្រឈមយុត្តិធម៌អន្តរជាតិ។តែមីយ៉ាន់ម៉ា នៅថ្ងៃពុធនេះ បានទាត់ចោលភាពស្របច្បាប់នៃបេសកកម្មនិងការស្វែងរកការពិតនេះ។

អ្នកនាំពាក្យរដ្ឋាភិបាលលោកហ្ស តាយ ថា”យើងមិនបានអនុញ្ញាតអោយFFM (បេសកកម្មស្វែងរកការពិត)របស់អង្គការសហប្រជាជាតិចូលក្នុងមីយ៉ាន់ម៉ាទេ ដូច្នេះយើងមិនយល់ស្របនិងមិនព្រមទទួលយកសេចក្តីសំរេចចិត្តណាមួយដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស”។

លោកបានចង្អុលទៅការបង្កើតគណៈកម្មាធិការស៊ើបអង្កេតឯករាជ្យដែលមីយ៉ាន់ម៉ាបង្កើតឡើងដោយខ្លួនឯង ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់មិនពិតធ្វើឡើងដោយបណ្តាទីភ្នាក់ងារសហប្រជាជាតិនិងសហគមន៍អន្តរជាតិផ្សេងៗ។

ហ្ស តាយ ក៏បានវាយប្រហាររិះគន់ក្រុមហ៊ុនបណ្តាញសង្គមFacebook ចំពោះការបិទទំព័ររបស់មេយោធាមីយ៉ាន់ម៉ានិងមេៗទ័ព ដោយថាវាអាចរារាំងកិច្ចខិតខំរបស់រដ្ឋាភិបាលនៅក្នុងការផ្សះផ្សារជាតិ៕ដោយ៖វាសនា