មី​យ៉ាន់​ម៉ា ច្រានចោល​អន្តរាគមន៍​របស់​តុលាការអន្តរជាតិ ជុំវិញ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​

611
ចែករម្លែក

អាជ្ញាធរមីយ៉ាន់ម៉ាបានទាត់ចោលដាច់ខាតការប៉ុនប៉ងណាមួយដោយតុលាការឧក្រិដ្ឋកម្មអន្ត្តរជាតិ(ICC)ដើម្បីពិចារណារកកំហុសរបស់មីយ៉ាន់ម៉ាសំរាប់សកម្មភាពដែលបានបណ្តាលអោយជនជាតិភាគតិចអ៊ីស្លាមរ៉ូហ៊ីងយ៉ាប្រមាណ៧សែននាក់ភៀសខ្លួនទៅកាន់បង់ក្លាដែសកាលពីឆ្នាំមុន។

ការិយាល័យសំរាប់មេដឹកនាំប្រទេស លោកស្រីអ៊ុង សានស៊ូជី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយចុះក្នុងអនឡាញកាលពីថ្ងៃព្រហស្បតិ៍ទី៩សីហាថា តុលាការនៅក្រុងឡាអេមិនមានយុត្តាធិការលើមីយ៉ាន់ម៉ាទេដោយសារខ្លួនមិនជារដ្ឋសមាជិក។

ការិយាល័យនេះក៏បានផ្តល់ហេតុផលថាហេតុអ្វីបានជាខ្លួនមិនឆ្លើយតបផ្លូវការចំពោះសំណើរបស់តុលាការសម្រាប់ការយល់ឃើញរបស់ខ្លួនអំពីការហូរចេញនៃជនរ៉ូហ៊ីងយ៉ា និងបាននិយាយថា សំណួរ”គ្មានមេត្តានិងគួរត្រូវច្រានចោល”។

ជនអ៊ីស្លាមរ៉ូហ៊ីងយ៉ា ដើរកាត់ព្រំដែនពីមីយ៉ាន់ម៉ាចូលបង់ក្លាដែសដើម្បីសុវត្ថិភាព

ពួកអ្នករិះគន់រួមទាំងអ្នកជំនាញអង្គការសហប្រជាជាតិបនាចោទប្រកាន់យោធាមីយ៉ាន់ម៉ាថាបានប្រព្រឹត្តអំពើព្រៃផ្សៃលើជនរ៉ូហ៊ីងយ៉ា ដែលអាចស្មើនឹងការបោសសម្អាតជាតិសាសន៍ ឬក៏អាចថាការប្រល័យពូជសាសន៍។តែរដ្ឋាភិបាលរបស់លោកស្រី អ៊ុង សានស៊ូជី និយាយថាខ្លួនធ្វើប្រតិបត្តិការប្រឆាំងការបះបោរដោយត្រឹមត្រូវតាមច្បាប់ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារលើកងកម្លាំងសន្តិសុខដោយជនសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ាកាលពីខែសីហាឆ្នាំមុន។

យោងតាមភស្តុងតាងឯកសារនិងអ្នកនៅរស់ព្រមទាំងសាក្សី រួមទាំងអង្គការសិទ្ធិមនុស្ស យោធាមីយ៉ាន់ម៉ាបានវាយធ្វើបាប និងសម្លាប់ជនស៊ីវិល ចាប់រំលោភហើយដុតផ្ទះរាប់ពាន់របស់ជនរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋរ៉ាឃីន។

តុលាការICC បានសុំយោបល់ពីមីយ៉ាន់ម៉ាកាលពីខែមេសា និងក្រោយមកបានកំណត់ថ្ងៃ២៧កក្កដាដើម្បីឆ្លើយតបចំពោះសំណួរថាតើតុលាការនេះគួរមានយុត្តាធិការលើករណីរ៉ូហ៊ីងយ៉ានេះដែរឬអត់។មិនគ្រាន់តែមិនឆ្លើយតប តែរដ្ឋាភិបាលមីយ៉ាន់ម៉ាបានចោទប្រកាន់តុលាការនេះថារំលោភបទដ្ឋានច្បាប់អន្តរជាតិដោយស្វះស្វែងសុំអំណាចច្បាប់លើបញ្ហានេះ ទោះជាមីយ៉ាន់ម៉ាមិនជាភាគីលក្ខន្តិកៈក្រុងរ៉ូមដែលបង្កើតតុលាការនេះក្តី។

សេចក្តីថ្លែងការណ៍ក៏និយាយយោងដល់នីតិវិធីអនុវត្តដោយតុលាការនេះថាមិនប្រក្រតី ឬមិនត្រូវបានអនុញ្ញាតក្រោមច្បាប់ផ្ទាល់របស់ខ្លួន រួមមាន”កង្វះភាពត្រឹមត្រូវនិងតម្លាភាព”។វាក៏និយាយអំពីកិច្ចព្រមព្រៀងសម្រាប់ការវិលត្រឡប់របស់ជនរ៉ូហ៊ីងយ៉ាមកពីបង់ក្លាដែស ដែលសកម្មភាពនេះនៅមិនទាន់ត្រូវបានអនុវត្តនៅឡើយតែអង្គការសហប្រជាបានរិះគន់មីយ៉ាន់ម៉ាថាយឺតយ៉ាវក្នុងការទទួលយកពួកគេត្រឡប់មកវិញ៕ដោយ៖សុខា/SN

ជនរ៉ូហ៊ីងយ៉ា ជិះក្បូនធ្វើពីធុងជ័រកាត់ទន្លេដើម្បីភៀសខ្លួនចូលបង់ក្លាដែស

រដ្ឋាភិបាលរបស់អ៊ុង សានស៊ូជី រងការរិះគន់ខ្លាំងដោយសារការដោះស្រាយវិបត្តិជនរ៉ូហ៊ីងយ៉ា