មី​យ៉ាន់​ម៉ា អះអាងថា​មិនមាន​ការទាក់ទង​ជាមួយ​កូរ៉េខាងជើង​ទេ ស្រប​ពេលដែល បេសកជន​អាមេរិក​ធ្វើ​ទស្សនកិច្ច​

218

​មន្ត្រី​មី​យ៉ាន់​ម៉ា​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​១៧​ខែកក្កដា​ថា មី​យ៉ាន់​ម៉ា មិនមាន​ការទាក់ទង​យោធា​មួយ​កូរ៉េខាងជើង​ទេ ស្រប​ពេលដែល​អ្នកការ​ទូត​អាមេរិក​ម្នាក់ ដែល​ទទួលបន្ទុក​បញ្ហា​កូរ៉េខាងជើង បាន​មកដល់​សម្រាប់​កិច្ចពិភាក្សា ដែល​នៅក្នុង​កិច្ចពិភាក្សា​នោះ​ទំនងជា​ស្វែងរក​ការធានា​អះអាង​ស្តីពី​កិច្ច​ខំប្រឹងប្រែង​ដើម្បី​ដាក់​កូរ៉េខាងជើង​ឱ្យនៅ​ឯកោ​។​

​លោក យ៉ូ​សេប យុន ឯកអគ្គរដ្ឋទូត​អាមេរិក បានគ្រោង​នឹង​ជួប​ជាមួយ លោកស្រី អ៊ុង សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា និង​មេបញ្ជាការ​កងទ័ព​មី​យ៉ា់ន់​ម៉ា​នៅ​ទីក្រុង​ណៃ​ពិដោ នៅ​ថ្ងៃ​ចន្ទ​ទី​១៧​ខែកក្កដា​។ នេះ​បើ​យោងតាម​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​យាំង​ហ្គោ​ន ប្រទេស​មី​យ៉ាន់​ម៉ា​។​

​លោក យុន បាន​ចូលរួម​កិច្ចប្រជុំ​មួយ​នៅ​ប្រទេស​សិង្ហ​បុរី កាលពី​ចុង​សប្តាហ៍ ដោយបាន​លើកឡើង​អំពី ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ដោយសារ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក យុន ទៅកាន់​អាស៊ី ត្រូវបាន​ប្រកាស បន្ទាប់ពី​ការបាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដោយ​កូរ៉េខាងជើង កាលពី​ថ្ងៃទី​៤​ខែកក្កដា ដែល ខ្លួន​(​កូរ៉េខាងជើង​) និយាយថា អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ធំ​បាន ហើយ​ក្រុម​អ្នកជំនាញ ជឿថា រយៈ​ចម្ងាយ​នៃ​មី​ស៊ី​ល​នេះ អាច​ទៅដល់​រដ្ឋ​អា​ឡា​ស្កា របស់​សហរដ្ឋអាមេរិក​។​

​ប្រទេស​មី​យ៉ាន់​ម៉ា គឺ គ្រាន់តែ​ជាការ​ឈប់​សំចត​ផ្សេងទៀត​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក យុន ដែល​បានលើកឡើង​អំពី​ការព្រួយបារម្ភ​របស់រ​ដ្ឋា​ភិ​បាល​ក្រុង​វ៉ាស៊ីនតោន​ថា កងទ័ព​មី​យ៉ាន់​ម៉ា ដែល​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង​នោះ គឺ​នៅ​បន្ត​ការជួយ​ដល់​របស់​របប​ដឹកនាំ​ដោយ គីម ជុង អ៊ុន នេះ​៕ ដោយ​៖ សុខា

​លោកស្រី អ៊ុង សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា