មី​ស៊ី​ល​បញ្ជា​ទិស​របស់​ពូ​ទីន ដែល​ល្បី​បាញ់​ដល់​គ្រប់​ទីកន្លែង​លើ​ពិភពលោក ធ្លាក់​នៅ​ចម្ងាយ ៣៥ គីឡូម៉ែត្រ​អំឡុង​ការធ្វើ​តេស្ត​

1504
ចែករម្លែក

ប្រភពជាច្រើនបានអះអាងថា មីស៊ីលបញ្ជាទិសដើរដោយថាមពលនុយក្លេអ៊ែររបស់រុស្ស៊ី ដែលប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន អះអាងថា មាន “រយៈចម្ងាយគ្មានដែនកំណត់” មកទល់ឥឡូវនេះបានទទួលបរាជ័យក្នុងការហោះហើរមិនដល់ចម្ងាយ ៣៥ គីឡូម៉ែត្រផងទេ។

ប្រធានាធិបតីរុស្ស៊ីពូទីនបានបង្ហាញមីស៊ីលនេះរួមជាមួយនឹងអាវុធប្រល័យលោកជាច្រើន នៅក្នុងសុន្ទរកថា ថ្នាក់រដ្ឋប្រចាំឆ្នាំរបស់លោកកាលពីខែមីនា។

លោកបានអះអាងថា មីស៊ីលថ្មីនេះអាចមានសមត្ថភាពវាយប្រហារ “គ្រប់ទីកន្លែងនៅក្នុងពិភពលោក” ហើយថាល្បឿនលឿននិងការបត់បែនដ៏រហ័សរបស់វាធ្វើឱ្យវាអាចទម្លុះខែលការមីស៊ីលទាំងឡាយបាន។

ប៉ុន្តែ ទោះបីជាមានការសន្យាដ៏ធំពីលោកពូទីនក៏ដោយ ក៏មីស៊ីលនេះនៅតែមិនអាចហោះលើមេឃបានច្រើន ជាងពីរបីនាទី។ នេះបើយោងតាមប្រភពស៊ើបការណ៍សម្ងាត់របស់អាមេរិកនិយាយទៅកាន់ទូរទស្សន៍ CNBC។

តាមសេចក្តីរាយការណ៍ មីស៊ីលនេះត្រូវបានធ្វើតេស្តចំនួន ៤ ដងនៅចន្លោះខែវិច្ឆិកានិងខែកុម្ភៈ ហើយបានធ្លាក់រាល់ពេលសាកល្បងទាំងអស់។

ការហោះហើរសាកល្បងរយៈពេលយូរបំផុតរបស់មីស៊ីលនេះគឺជាង២នាទី ដោយហោះបាន ៣៥ គីឡូម៉ែត្រ ខណៈរយៈពេលខ្លីបំផុតគឺ ៤ វិនាទី ដោយមីស៊ីលហោះបានត្រឹម ៦ គីឡូម៉ែត្រប៉ុណ្ណោះ មុនពេលធ្លាក់មកដី។

CBNC បានស្រង់សម្តីប្រភពរបស់ខ្លួនដោយនិយាយថា មីស៊ីលបានធ្លាក់ដី ដោយសារតែ “បេះដូងដំណើរការដោយនុយក្លេអ៊ែររបស់មីស៊ីលនេះ មិនអាចចាប់ផ្តើមបាន”៕