មុខទំនិញ​ចំនួន​៤៦ ត្រូវបាន​នាំចេញ​ដោយ​អនុគ្រោះ​ពន្ធ​ពី​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​

516
ចែករម្លែក

ដោយ:ពៅ និមល/ភ្នំពេញ ៖ ទោះបីជា​កម្ពុជា​រង​ការព្យួរ​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​បានបញ្ជាក់​ថា មុខទំនិញ​សំខាន់ៗ​ចំនួន​ប្រមាណ​៤៦ គឺ​ទទួលបាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី (EAEU)​។​

នៅក្រោយ​ពិធី​សិក្ខាសាលា ស្តីពី​ការផ្សព្វផ្សាយ​ភាពអនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​ដែល​កម្ពុជា​ទទួលបាន​ពី​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី EAEU កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩ លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម មានប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាន​ថា ភាពអនុគ្រោះ​នេះ​យើង​ទទួលបាន​០៣​ឆ្នាំ​ហើយ ផលិត​ផល​មួយចំនួន​ក៏បាន​ធ្វើការ​នាំចេញ​ផងដែរ​។

ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅកាន់​ទីផ្សារ EAEU មានដូចជា​វត្ថុ​ធាតុ​វាយនភ័ណ្ឌ សម្លៀក​បំពាក់ ខ្សែក្រវ៉ាត់ កប្បាស ភួយ​និង​កម្រាល​ធ្វើ​ពី​កប្បាស ស្រោមដៃ ស្រោម​ជើងវែង ឬ ត្រឹម​ជង្គង់​សម្រាប់​នារី ស្បែកជើង និង​ម៉ាស៊ីន​បោកគក់​ជាដើម​។ រីឯ​ទំនិញ​ដែល​កម្ពុជា​នាំចូល​ពី​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី រួមមាន​៖ កង់​យានយន្ត រថយន្ត​បែន រថយន្ត​គ្រប់​ប្រភេទ គ្រឿង​បង្គុំ​អគ្គិសនី គ្រឿង​ម៉ាស៊ីន​កសិកម្ម ម៉ាស៊ីន​ចាក់ពុម្ព​និង​លាយ​បេតុង ស្រា​ទំពាំងបាយជូ ខ្សែ​ធ្លុង ខ្សែកាប អាវ​និង​ខ្សែក្រវ៉ាត់​សុវត្ថិភាព កម្រាល​ឥដ្ឋ និង​បំណែក​នៃ​អាកាសយាន​ឬ​ឧទ្ធម្ភាគចក្រ​។​ល​។​

លោកស្រី​រដ្ឋលេខាធិការ​បញ្ជាក់​បន្ថែមថា តាមរយ​:​ការពិនិត្យ​មើល​ទៅលើ​ទិន្នន័យ​នៃ​ការនាំចេញ​ទំនិញ​កម្ពុជា ក្នុងអំឡុងពេល​០៣​ឆ្នាំ​ចុងក្រោយ​ចាប់ពី​ឆ្នាំ​២០១៦ រហូតដល់​ឆ្នាំ​២០១៨​ឃើញថា​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង EAEU មាន​កំណើន​ឡើងវិញ​។

ទន្ទឹម​នោះ កម្ពុជា​បានស្នើ​សុំ​បន្ថែម​មុខទំនិញ​ដែល​ស្ថិតនៅក្រោម​គម្រោង​អនុគ្រោះ​ពន្ធគយ​របស់ EAEU មានដូចជា សំលៀកបំពាក់​និង​វាយនភ័ណ្ឌ ស្បែកជើង កង់ និង​ស្ករស ដែលជា​ទំនិញ​មាន​សក្តានុពល​របស់​ក​ម្ពុ​ជា​។ ដូចនេះហើយ​ដើម្បី​បន្ត​កំណើន​ការនាំ​ចេញពី​កម្ពុជា​ទៅកាន់​ទីផ្សារ​EAEU ក្រសួងពាណិជ្ជកម្ម​នឹង​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាមួយ EAEU តាមរយៈ​កិច្ចប្រជុំ​លើក​ទី​០៣​នៃ​ក្រុមការងារ​រួម​កម្ពុជា និង​គណៈកម្មការ​សេដ្ឋកិច្ច អឺរ៉ុប​-​អាស៊ី ការផ្គូផ្គង​អាជីវកម្ម​រវាង​ធុរកិច្ច​ជន​របស់​កម្ពុជា និង​បណ្តា​ប្រទេស​ជា​សមាជិក​របស់ EAEU​។

ស្របគ្នា​ខាងលើនេះ លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​បង្ហាញ​​អារម្មណ៍​រីករាយ និង​លើកឡើងថា រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ និន្នាការ​នៃ​សេដ្ឋកិច្ចពិភពលោក​ស្ថិតក្នុង​ភាពមិនប្រាកដប្រជា ដែល​ក្នុងនោះ​មួយផ្នែក​បណ្តាល​មកពី​ស​ង្គ្រា​ម​ពា​ណិ​ជ្ចក​ម្មរ​វ​វាង​សហរដ្ឋ​អាម៉េរិក​និង​ចិន​។ ប្រទេស​នីមួយៗ​ខិតខំ​រៀងៗ​ខ្លួន​ដើម្បី​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ដើម្បី​រក្សាបាន​នូវ​ស្ថិរភាព​កំណើន​សេដ្ឋកិច្ច​របស់ខ្លួន​។

លោក​លើកឡើង​ទៀតថា ស្របតាម​បរិបទ​នេះ សម្រាប់​ប្រទេស​កម្ពុជា​គួរ​ពង្រឹង​និង​ពង្រីក​ទីផ្សារ​ឲ្យ​កាន់តែ​ទូលំទូលាយ ពោលគឺ​ពង្រឹង​មិត្ត​ចាស់ បង្កើន​មិត្ត​ថ្មី​។​

សូមបញ្ជាក់ថា ក្នុង​ចន្លោះ​ឆ្នាំ​២០១៣ រហូតដល់​ឆ្នាំ​២០១៥ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី មានការ​ធ្លាក់ចុះ​ពី​ចំនួន​ទឹកប្រាក់​៥៩.៧​លាន​ដុល្លារ មក​ចំនួន​ទឹកប្រាក់​៣៨.៩៣​លាន​ដុល្លារ​។ តែ​ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម មាន​កំណើន​បន្តបន្ទាប់​មកវិញ នៅក្នុង​ចំនួន​ទឹកប្រាក់​៥៦.៣៩​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១៦, ចំនួន​៦០.៧៣​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​២០១៧ និង​៦២.៦៤​លាន​ដុល្លារ​អាម៉េរិក​នៅក្នុង​ឆ្នាំ​២០១៨​។ ក្នុងនោះ​កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅកាន់​សហព័ន្ធ​រុស្សី​ច្រើនជាងគេ ក្នុងចំណោម​បណ្តា​សមាជិក​របស់​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី (EAEU)៕B/