មុខរបរ​ដាំ​ផ្កាស្បៃរឿង ​អាច​រក​ចំណូល​បន្ថែម ចិញ្ចឹម​គ្រួសារ​ឱ្យ​ធូរធារ​

456
ចែករម្លែក

ដោយ​: គ្រញូង​ -បាត់ដំបង​៖ ប្រជាកសិកររស់នៅ​ជើងភ្នំ​សំពៅ ស្ថិតក្នុង​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ មួយចំនួន​បានប្រកប​របរ​ដាំ​ផ្កាស្បៃរឿង​លក់ ដែល​មុខរបរ​នេះបាន​ជួយ​ពួកគេ​ឱ្យ​អា​ចរក​ចំណូល​បន្ថែមសម្រាប់​ចិញ្ចឹម​គ្រួសារ​ឱ្យ​ធូរធារ និង​អាចឱ្យ​កូន​បាន​រៀនសូត្រ​យ៉ាង​ស្រួល​។​
​ ​
លោក យឿ​ត ភា អាយុ​៤៦​ឆ្នាំ ប្រពន្ធ​ឈ្មោះ ឆប ធឿ​ត អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​សំពៅ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង បានឱ្យដឹងថា ពួកគាត់​ដាំ​ផ្កាស្បៃរឿង​នៅលើ​ផ្ទៃដី ទំហំ ៣០​ម៉ែត្រ​គុណ​១០០​ម៉ែត្រ មាន​ចំនួន​១៥.០០០​ដើម ដោយ​យក​គ្រាប់ពូជ​ជា​២​ប្រភេទ គឺ​យក​គ្រាប់ពូជ​មកពី​ថៃ​និង​គ្រាប់​ពូជ​នៅ​ខ្មែរ​។​
​ ​
គាត់​បាន​រៀបរាប់ថា ការដាំដើម​ផ្កាស្បៃរឿង​នេះ ដោយ​មិនបាន​ទៅរៀន​បច្ចេកទេស​ពី​ណា​មក​ទេ គឺ​គិត​ធ្វើដោយ​ខ្លួនឯង​។ ដំបូង លោក​បាន ចំណាយលុយ​ទិញ​ទុយោ​ជ័រ យកមក​កប់​ក្នុង​ដី​តាមគន្លង​មាន​ក្បាល​សម្រាប់ ស្រោច និង​ថ្លៃ​គ្រាប់ពូជ​ផង​គិត​ជា​លុយអស់​ជាង ២ លាន​រៀល​។
​ ​
គាត់​បាន​បន្តថា ក្រោយពី​យកគ្រាប់ពូជ​មក​សាប​ដុះ​បានជា​កូន​ហើយ គឺ​ដក​យកមក​ដាំ​ជា​ជួរតាម​គន្លង​ជាស្រេច ហើយ​ធ្វើ​ការថែទាំ​ផ្កា​អស់​រយៈ ពេល​៦០​ថ្ងៃ ទើប​ប្រមូល​ផល​បាន​សម្រាប់ផ្កា​ពូជ​ថៃ​។ ឯ​ផ្កា​គ្រាប់​ពូជខ្មែរ ប្រហែល ១០៥​ថ្ងៃ ទើប​ប្រមូល​ផល​បាន​។ ពេល​ប្រមូល​ផល​ធ្វើឡើង​ដោយកាត់​ទង​ផ្កា​ដែល​គ្រប់​អាយុ ហើយ​លក់ឱ្យគេ​នៅ​ទីផ្សារ​ក្នុង​១​គីឡូក្រាម ៥.០០០ រៀល​។ ក្នុង​១​ថ្ងៃ​អាច​កាត់​បាន ១៥ គីឡូក្រាម​។ ក្រៅពី​ការប្រមូល​ផលកាត់​ផ្កា​លក់​ហើយ​យើង​ក៏បានចំណូល ពីការចូល​ទស្សនា​របស់​ភ្ញៀវទេសចរ ចូល​ថតរូប​លេង ឬក៏​ថត​ក្នុង​ពិធី​មង្គលការ​ផ្សេងៗ ក្នុង​ម្នាក់គេ​ឱ្យ​ដោយ​ស្ម័គ្រ ចិត្ត ១.០០០ ទៅ ២.០០០ រៀល តាម​ដែល​ភ្ញៀវ​ឱ្យ​។ បើ​គិត​ជា​មធ្យមមាន​មនុ​ស្សមក​ចូល​លេង​ប្រមាណ ១០០ នាក់ក្នុង​១ថ្ងៃ​ដែរ​។​

គាត់​បាន​ប្រាប់​បន្ថែមទៀតថា បើ​គិត​សរុប​ប្រាក់ចំណូលបាន​ជាង ២ លាន​រៀល ក្នុង​១​ខែ ហើយ​ធ្វើឱ្យ​គាត់ មាន​ជីវភាព​ប្រចាំថ្ងៃ ធូរធារ​សមរម្យ​ផងដែរ​។ តទៅ​អនាគត គាត់​មាន​គម្រោងកែច្នៃ​កន្លែង​ដាំ​ផ្កាចែកជា​២៖ ១ កន្លែង សម្រាប់​ដាំ​យក​ផ្កា​លក់ និងមួយកន្លែងទៀត​ដាំ​សម្រាប់ទទួលភ្ញៀវ​ទេសចរចូលមក​ទស្សនា និង​ថតរូប​លេង​ទុកជាអនុស្សាវរីយ៍​ផង​។ ទីតាំង​ដី​ផ្កា​នេះមានអំណោយផល​ដោយ​នៅជាប់​ជើងភ្នំសំពៅ ដែល​ធ្វើឱ្យ​ភ្ញៀវទេសចរ​ចូលចិត្តថតរូប រួម​នឹង​ការតុបតែង​ឱ្យមានសោភ័ណភាព​កាន់តែ​ល្អ​ជាង​មុន ដើម្បីទាក់ទាញ​ភ្ញៀវទេសចរមក​ទស្សនា​កាន់តែ​ច្រើនឡើង ហើយ​ប្រាក់ចំណូលក៏មាន​ការកើនឡើង​កាន់​តែ​ច្រើន​ថែមទៀត ៕ /Ha