មុខរបរ​សុំទាន​ដែល​ផ្តើមចេញពី​កក្តា​ផ្សេងៗ​

2432
ចែករម្លែក

ជាកា​ពិត​គ្មាន​របរ​អ្វី​ស្រួល​រកប្រាក់​ជាង​ការដើរ​សុំទាន​នោះទេ ព្រោះ​មិនបាច់​មានចំណេះ មិនបាច់​មាន​ជំនាញ មិនបាច់ មាន​ដើមទុន តែ​អាច​រកចំណូលបាន​ខ្ទង់ពាន់​ដុល្លារ​ក្នុង​មួយខែ តែ​វា​ក៏​ជះឥទ្ធិពល​មិនល្អ​ដល់​សង្គម​ផងដែរ​។​

​ស្ទើរតែ​រាល់ថ្ងៃ គេ​តែង​សង្កេតឃើញ​មាន​អ្នកដើរ​សុំ​លុយ​ជាម​នុស្ស​ពេញកម្លាំង​ទាំងប្រុស​ទាំងស្រី តែង​ដើរ​លើកដៃ​សំពះ​សុំ​លុយ​គេ នៅតាម​ទីប្រជុំជន​ទាំង​នៅក្នុង​ទីក្រុង​ក៏ដូចជា​តាម​បណ្តា​ខេត្ត​។ អ្នកដើរ​សុំ​ពេញកម្លាំង​ទាំងនោះ ច្រើន​យក លេស​ប្រាប់ថា ពួកគេ​ជា​កម្មករ​មកពី​ប្រទេស​ថៃ​គ្មាន​លុយ ហូបបាយ​និង​គ្មាន សោហ៊ុយ ធ្វើដំណើរ​ត្រឡប់​ទៅ​ស្រុក​វិញ ។ ថ្មីៗ​នេះ​ចំនួន​អ្នក​ក្លែង​ធ្វើជា​កម្មករ​មកពី​ប្រទេស​ថៃ​ដើរ​សុំ​លុយ​គេ ស្រាប់តែ​មានការ​កើនឡើង​កាន់តែ ច្រើន​ក្នុង​រាជធានី ភ្នំពេញ​គួរ​ឲ្យ​សំគាល់ ដែល​សកម្មភាព​និង​ពាក្យ​កុហក​របស់​ពួកគេ​បាន​ជះឥទ្ធិពល មិនល្អ​ដល់​សង្គម ធ្វើ​ឲ្យ​មានការ​ភ័ន្ត​ប្រ​ឡំ​ថា ប្រទេស​ខ្មែរ​គ្មាន​ការងារ​ធ្វើក​ម្មករ​ចំណាកស្រុក​លំបាក វេទនា រហូត​ធ្លាក់ខ្លួន​ដើរ​សុំ​លុយ​គេ ។ ធ្វើ​ឲ្យ​ភ្ញៀវ​អន្តរជាតិ​ជាពិសេស​អ្នក​ទេសចរណ៍​បរទេស មើលស្រាល​ស្រុក​ខ្មែរ​ថា​ជា​ប្រទេស​សំបូរ​ទៅដោយ​អ្នកសុំទាន ។​តែ​ធាតុពិត​ពួកគេ​មិនមែនជា​កម្មករ ហើយក៏​មិនមែនជា​អ្នក​ទីទាល់​ក្រលំបាក អត់​ផ្ទះសម្បែង អត់​លទ្ធភាព​ធ្វើការ​នោះដែរ គ្រាន់តែ​ពួកគេ មិន​ធ្វើការ ហើយ​ចូលចិត្ត​ដើរ​បោកប្រាស់ អ្នកដទៃ​ដើម្បី​សុំ​លុយ​បាន​ដោយ​ស្រួលៗ​ប៉ុណ្ណោះ បើទោះជា​បច្ចុប្បន្ន ប្រាក់​ឈ្នួល​ពលកម្ម​របស់​កម្មក​រ​អត់​ជំនាញ នៅ​កម្ពុជា​អាច​រកបាន ពី​២​ម៉ឺន​រៀល​ទៅ​៤​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ​ក៏ដោយ ក៏​ពួកគេ មិន​ព្រមធ្វើ​ការងារ​ជា​កម្មករ​ដែរ ព្រោះថា​មុខរបរ​សុំ​លុយ​ក្នុង​មួយថ្ងៃ​អាច​រកប្រាក់​បាន​ជាង​១០​ម៉ឺន​រៀល​ដោយ​ងាយស្រួល​។​

​តើ​អ្នក​ឲ្យ​ទាន​ទាំងអស់ គឺអាច​មាន​ចំណូល​ច្រើនជាង​ពួក​អ្នកដើរ​សុំ​ដែរឬទេ​? សូម​ក្រឡេកមើល​រឿង​ពិត​ជាក់ស្តែង​ដូចខាងក្រោម​៖

​ដោយមាន​ការផ្តល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ថា​មាន​យុវជន​ពេញកម្លាំង​ជាច្រើន​នាក់​ចេះតែ​ដើរ សុំ​លុយ​តាម​ផ្ទះ តាម​ហាង សមាសភាព​ប្លែកៗ គួរ​ឲ្យ​សង្ស័យ ទើប​នៅ​ថ្ងៃទី​២២ ខែកក្កដា កន្លងទៅ វេលា​ម៉ោង​៩​យប់ អាវុធហត្ថ​ខណ្ឌដូនពេញ នៃ​រាជធានី​ភ្នំពេញ បាន​ចុះ​ប្រមូល​យុវជន​ដើរ​សុំ​លុយ ប្រាំ​នាក់​ក្នុងពេល​ពួកគេ បាននិងកំពុង​ដើរ​សុំ នៅ​ចំណុច​ផ្លូវ​១៣០​កែង​ផ្លូវ​លេខ​៥ សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ មក​ធ្វើការ​សួរនាំ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​

​ឆ្លើយតប​ជាមួយ សមត្ថកិច្ច​អាវុធហត្ថ ពួកគេ​ទាំង​ប្រាំ​នាក់​បាន​រៀបរាប់ថា ពួកគេ​ជា​អ្នករស់នៅ​ផ្ទះ ជាប់ៗ​គ្នា ក្នុង​ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ដោយ​ឃើញ​អ្នកភូមិ​ជាមួយគ្នា​រកលុយ បាន​ច្រើន​តាមរយៈ​ការដើរ​សុំទាន ទើប​ពួកគេ បាន​បបួលគ្នា​ឡើងមក​ភ្នំពេញ​ដើម្បី​ដើរ​សុំ​លុយ ដោះស្រាយ​ជីវភាព​គ្រួសារ ទិញ​ជី​ដាក់​ស្រែ​និង​ដោះស្រាយ បញ្ហា​ផ្សេងៗ​ទៀត​។ ក្នុងចំណោម​ពួកគេ ទាំង​ប្រាំ​នាក់​នោះ​គឺមាន​ម្នាក់​ឈ្មោះ អាត ពេជ្រ ជា​មេខ្លោង​ដឹកនាំ​ដើរ​សុំ​លុយ​គេ​នៅ​រាជធានី​ភ្នំពេញ និង​ជា​អ្នករៀបចំ​ពាក្យ​និយាយ​កុហក បោកប្រាស់​មហាជន ថា​ពួកខ្លួន​ទាំងនេះ​ជា​កម្មករ​ទើប​មក ពី​ប្រទេស​ថៃ អត់លុយ​ហូបបាយ​និង​អត់លុយ​ជិះឡាន​ឈ្នួល​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​។ ប៉ុន្តែ​តាម​ការពិត​ពួកគេ​មិនមែនជា​កម្មករ​មកពី​ប្រទេស​ថៃ​អ្វី​នោះទេ គ្រាន់តែ​និយាយ​បោកប្រាស់ ឲ្យ​គេ​អាណិតអាសូរ ដើម្បី​បាន​លុយ​ប៉ុណ្ណោះ​។ ចំពោះ​ការដើរ​សុំ​នេះ ពួកគេ​ក្នុង​ម្នាក់ៗ​អាច​រកប្រាក់​បាន ប្រហែល​ជាង​10​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ហើយ​ក្នុង​មួយ​សប្តាហ៍​ពួកគេ​នាំគ្នា​ឡើងទៅ​ផ្ទះ​ម្តង នៅពេល អស់​លុយ​ក៏​នាំគ្នា​ឡើងមក​ភ្នំពេញ​ដើរ​សុំ​គេ​បន្តទៀត​។​

​តើ​សកម្មភាព​ទាំងអស់នេះ យើង​គួរ​គាំទ្រ​ឲ្យ​មាន​ក្នុងសង្គម​ដែរឬទេ​? ដោយ​វា​ជា​សិទ្ធ​សេរីភាព របស់​ពួកគាត់ ហើយក៏​គ្មាន​ច្បាប់​ឯណា​ហាម​មិន​ឲ្យ​ដើរ​សុំ​លុយ​គេ​នោះទេ តែបើ​យើង​គ្រប់គ្នា​ចូលរួម លុបបំបាត់ ដោយ​មិន​ធ្វើ​ទាន តាម​រូបភាព​ទាំងនេះ នោះ​ពួកគាត់​ពិតជា​លែងមាន​កម្លាំង​ចិត្តនឹង​ដើរ សុំ​លុយ​គេ​ទៀត​ជាក់​ជាមិនខាន ហើយ​សង្គម​យើង ក៏​នឹងមាន​ភាពថ្លៃថ្នូរ​ថែម​មួយកម្រិត​ទៀតផង​ដែរ​។ បើ​យើង​ចង់​ធ្វើ​ទាន គួរផ្តល់​ទៅដល់ មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​តែងតែ​ជួយ​ព្យាបាល​កុមារ​មិន​រើសមុខ និង​មិន​គិតលុយ មណ្ឌលកុមារ​កំព្រា ព្រះសង្ឃ​ដូនជី​ចាស់ព្រឹទ្ធាចារ្យ​នៅក្នុង​វត្ត​ចាស់ជរា​ទុ​រគ​ត៌​ពុំមាន ទីពឹង​ដែល​ប្រឹង​តស៊ូ រស់នៅ​ដោយ​កម្លាំង ញើស​ឈាម​ពួកគាត់ និង​សិស្ស​ក្រីក្រ​ដែល​ចេះ​តស៊ូ​រៀនសូត្រ ទើប​ទាន​របស់​យើង បានជា​កុសល់​ដល់​ខ្លួន​ផង និង​ជា​ប្រយោជន៍​ដល់​សង្គមជាតិ​ផង​៕ ដោយៈ អង្គា​រ៍​ហេង​