មុន​បុណ្យ​ភ្ជុំបិណ្ឌ​មន្ត្រី​កាំកុងត្រូល​ចុះ​ដកហូត​ទំនិញ​ខូចគុណភាព​

1007
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​មុន​បុណ្យ​ភ្ជុំបិណ្ឌ​មកដល់​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​សហការ​ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម​ខេត្ត​និង​អាជ្ញាធរ​សង្កាត់​ភូមិ​ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូច​គុណ​និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​។​

នៅ​ផ្សារ​ទំនើប​ហេង​ឆៃលី​និង​ផ្សារ​ទំនើប​ឡាក់​គី​ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​។​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​រកឃើញ​ផលិតផល​មួយចំនួន​ដែល​ដាក់តាំង​​លក់​ចំរុះ​សរុប​ប្រមាណ​១៧​គីឡូក្រាម យកមក​រក្សាទុក​នៅ​សាខា​ដើម្បី​ដុត​កម្ទេចចោល​នៅ​
​ពេល​ក្រោយ​។​

​លោក ហាក់ សុខ​រិ​ន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា ដើម្បី​ទប់​​ស្កាត់​រាល់​ទំនិញ​ខូចគុណភាព​និង​សុខភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​មន្ត្រី​ជំនាញ​យើង​បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ដែនដី បាន​ចុះ​ត្រួតពិនិត្យ​ផលិតផល​ទំនិញ​ដាក់តាំង​លក់ ដើម្បី​ស្វែងរក​ទំនិញ​ខូចគុណភាព​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​។​

ក្នុងនោះ​ទំនិញ​ជា​ម្ហូបអាហារ​ដែល​ដាក់​សារធាតុ​គីមី​ហាមឃាត់​នៅ​ផ្សារ​ទំនើប​ចំនួន​ពីរ​ដែល​កន្លងមក​មន្ត្រី​សាខា​កាំកុងត្រូល​មុនៗ​មិន​ហ៊ាន​ចុះ​ត្រួតពិនិត្យ​ទេ​។​ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ចម្រុះ​បាន​ដកហូត​ទំនិញ​ខូចគុណភាព​ចំរុះ​សរុប​ប្រមាណ​១៧​គីឡូក្រាម​។​

​លោក​ហាក់ សុខ​រិ​ន​បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​យើង​នៅតែ​បន្ត​ចុះ​ជាប្រចាំ​ដើម្បី​អប់រំ ផ្សព្វផ្សាយ តាមរយៈ​បិទ​ស្ទីក​ឃើ​ឬ​ចុះ​ដោយផ្ទាល់ នៅតាម​កន្លែង​លក់​គ្រប់​ទីកន្លែង ប្រាប់​ពី​ផលប៉ះពាល់​សុខភាព ដោយសារ​ចំណីអាហារ ដាក់លក់​នៅលើ​ទីផ្សារ​។​ធ្វើការ​ត្រួតពិនិត្យ​រាល់​ការនាំ​ចូល និង​ការ​ដាក់តាំង​លក់ទំនិញ​ខូចគុណភាព​ដាក់​លាយ​សារ​ធាតុគីមី គ្មាន​កាលបរិច្ឆេទ​ច្បាស់លាស់ មិន​ឲ្យ​មាន​ធ្វើ​ចរាចរណ៍​លក់ដូរ​នៅលើ​ទីផ្សារ​បន្តទៀត​។​

​ទន្ទឹម​និង​នោះ​លោក​ប្រធាន​បាន​ថ្លែងអំណរគុណ​ដល់​អាជីវករ​ផ្សារ​ទំនើប​ទាំងពីរ​ដែល​បាន​ចូលរួម​សហការ​យ៉ាង​ល្អ ជាមួយ​មន្ត្រី​ជំនាញ​។​ក៏បាន​សំណូមពរ​ដល់​ក្រុមអាជីវករ​ឲ្យ​លក់ដូរ​តែ​ផលិតផល​ណា ដែលមាន​គុណភាព​ជូន​អតិថិជន​របស់ខ្លួន​។​ជៀសវាង​ការលក់ទំនិញ​ណា​ដែល​ហួស​កាលបរិច្ឆេទ​ឬ​ខូចគុណភាព បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ពលរដ្ឋ​អ្នកប្រើប្រាស់​

​លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​ប្រុងប្រយ័ត្ន​មុននឹង​ទិញ​ទំនិញ​លើ​ទីផ្សារ​ពិសេស​ចំណីអាហារ​ប្រចាំថ្ងៃ​សូម​ពិនិត្យ​ឲ្យ​បានច្បាស់លាស់​ជាមុនសិន​ជៀសវាង​ប៉ះ​ទំនិញ​ខូចគុណភាព​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ សុខភាព​និង​អាយុជីវិត​ជាដើម​៕S/

​មុន​បុណ្យ​ភ្ជុំបិណ្ឌ​មន្ត្រី​កាំកុងត្រូល​ចុះ​ដកហូត​ទំនិញ​ខូចគុណភាព​