មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​៖ អតិផរណា​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​កើន​ឡើងដល់​ជាង​១​លាន​ភាគរយ​

870
ចែករម្លែក

មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បាននិយាយកាលពីថ្ងៃចន្ទថា អតិផរណានៅប្រទេសវ៉េណេស៊ុយអេឡា អាចកើនឡើងដល់ជាង១លានភាគរយនៅចុងឆ្នាំនេះដោយសារវិបត្តិជាប្រវត្តិសាស្រ្តរបស់ប្រទេសនេះ កាន់តែធ្ងន់ធ្ងរឡើងនោះ។

លោក Alejandro Werner ប្រធាននៃក្រុមប្រទេសសមាជិកមូលនិធិរូបិយវត្ថុអន្ដរជាតិ(IMF) បាននិយាយថា ភាពវឹកវរសេដ្ឋកិច្ចរបស់វ៉េណេស៊ុយអេឡា គឺស្រដៀងគ្នាទៅនឹងប្រទេសអាល្លឺម៉ង់បន្ទាប់ពីសង្គ្រាមលោកលើកទី១ និងប្រទេសស៊ីមបាបវ៉េ នៅដើមទសវត្សរ៍ចុងក្រោយនេះ។

លោក Alejandro Werner បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមថា ការដួលរលំនៃសកម្មភាពសេដ្ឋកិច្ច អតិផរណា និងតម្លៃទំនិញកាន់តែឡើងខ្ពស់ នឹងនាំឱ្យមានផលប៉ះ ពាល់ខ្លាំងឡើងដល់បណ្តាប្រទេសជិតខាង។

ប្រទេសវេណេស៊ុយអេឡាដែលផលិតប្រេងដ៏ច្រើនកាលពីពេលមុននោះស្ថិតនៅក្នុងដំណាក់កាលនៃវិបត្ដិអស់រយៈពេល៥ឆ្នាំដែលធ្វើឱ្យប្រជាជនភាគច្រើនរបស់ខ្លួនតស៊ូស្វែងរកស្បៀងអាហារនិងឱសថ ខណៈពេលដែល មនុស្សជាច្រើនបានឆ្លងកាត់ព្រំដែនដើម្បីប្រទេសកូឡុំប៊ីនិងប្រេស៊ីល ដើម្បីស្វែងរកជំនួយ។

មូលនិធិរូបិយវត្ថុអន្ដរជាតិ បានកត់សម្គាល់ថា កង្វះខាត អគ្គិសនី ទឹកនិងបញ្ហាការដឹកជញ្ជូនសាធារណៈ បា​នបង្កការលំបាកខ្លាំង ដល់ប្រជាជនវ៉េណេស៊ុយអេឡារាប់លាននាក់ដែលប្រឈមនឹងឧក្រិដ្ឋកម្មខ្ពស់ផងដែរ៕ដោយ៖សុខា/sn