មូលនិធិ ជែក ម៉ា និងមូលនិធិ អាលីបាបា ផ្តល់អំណោយជា សម្ភារវេជ្ជសាស្រ្តដល់កម្ពុជា

93
ចែករម្លែក

ដោយៈសុផល:ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនានេះ មូលនិធិ ជែក ម៉ា (Jack Ma Foundation) និងមូលនិធិ អាលីបាបា (Alibaba Foundation) បានប្រកាស អំពីផែនការក្នុងការផ្តល់អំណោយជាសម្ភារបិរក្ខារពេទ្យដែលគេកំពុងត្រូវការខ្លាំងនោះទៅដល់ប្រទេសចំនួន ១០ ទៀតក្នុងទ្វីបអាស៊ីដើម្បីជាជំនួយក្នុងការប្រយុទ្ធ ប្រឆាំងនឹងការរាតត្បាតនៃមេរោគ កូវីដ១៩។

រដ្ឋាភិបាលនៃប្រទេសកម្ពុជា អាហ្គានីស្ថាន បង់ក្លាដេស ឡាវ ម៉ាល់ឌីវ ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន ស្រីលង្ការ នឹងទទួលអំណោយជាម៉ាសសរុបចំនួន ១,៨ លានម៉ាស, កញ្ចប់ធ្វើតេស្តរកមេរោគកូវីដ១៩ ចំនួន ២១០០០០ កញ្ចប់, សម្លៀកបំពាក់ការពារខ្លួនចំនួន ៣៦០០០ សម្រាប់, ក៏ដូចជាឧបករណ៍​បរិក្ខារពេទ្យចាំបាច់ដទៃទៀតរួមមានកង្ហារខ្យល់ និងទែរម៉ូមែត្រស្ទង់កម្តៅថ្ងាស ពីមូលនីធិទាំងពីរនេះ។

“ប្រឹងឡើងអាស៊ី!យើងនឹងប្រគល់ជូននូវការផ្គត់ផ្គង់បន្ទាន់ដល់ប្រទេសនៅ​អាស៊ីចំនួន ១០ ទៀត” នេះជាសម្តីរបស់លោក ជែក ម៉ា ដែលបានប្រកាសសន្យា​ផ្តល់ជំនួយថ្មីបំផុតតាមរយៈគណនីបណ្តាញសង្គមទ្វីតទ័រ (Twitter) របស់លោក។ “ការផ្តល់ជូនឲ្យបានលឿន គឺមិនមែនជាការងារងាយស្រួលទេ ប៉ុន្តែយើងនឹងអាច​ធ្វើបាន!”
ការដឹកជញ្ជូនជំនួយនេះនឹងប្រើប្រាស់សមត្ថភាពដ៏ខ្លាំងក្លានៃវេទិកាពាណិជ្ជកម្មពិភពលោកអេឡិចត្រូនិក (eWTP) ដើម្បីជម្នះនូវបញ្ហាប្រឈមផ្នែកភស្តុភារ និងគមនាគមន៍នៅតាមបណ្តាប្រទេសដែលទទួលក៏ដូចជាភាពដាច់ស្រយាលភូមិសាស្រ្តនៃប្រទេសទាំងនោះ។


លោក ជុនតាវ សុង ដែលជាអគ្គលេខាធិការនៃ eWTP មានប្រសាន៍ថា “ជំងឺរាតត្បាតនេះបានធ្វើឲ្យការដឹកជញ្ជូនរបស់ពិភពលោកមានភាពកកស្ទះ។ ដោយមានជំនួយពី eWTP នេះ យើងកំពុងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បី​ពន្លឿន​ការដឹកជញ្ជូន និងផ្តល់នូវការផ្គត់ផ្គង់បន្ថែមទៀតដល់សហគមន៍​ដាច់ស្រយាល​ដែលពួកគាត់មានសេចក្តីត្រូវបរិក្ខារពេទ្យខ្លាំងបំផុត។”

នាដើមសប្តាហ៍នេះ មូលនិធិទាំងពីរបានប្រកាសផ្តល់សម្ភារបរិក្ខារពេទ្យដល់​ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ និងហ្វីលីពីន ដែលនឹងត្រូវប្រើប្រាស់​សមត្ថភាពដ៏ខ្លាំងរបស់វេទិកា eWTP ផងដែរ ដើម្បីធ្វើឲ្យការដឹកជញ្ជូនរហ័ស និងអាចទុកចិត្តបាន។ វេទិកា eWTP នេះ មានអាណត្តិផ្តល់ភាពអង់អាចដល់​សហគ្រាសធុនតូច និងមធ្យមសាកលលោកឲ្យសម្រេចបាននូវសក្តានុពល​ពេញលេញតាមរយៈការកាត់បន្ថយរនាំងពាណិជ្ជកម្ម និងធ្វើឲ្យមានភាពងាយ​ស្រួល៕/Ha